ការងារជួសជុលប្រាសាទឥដ្ឋ ជ្រុងឦសាននៃប្រាសាទភ្នំក្រោម ដែលធ្លាប់តែរងភាពទ្រុឌទ្រោមខ្លាំង គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ ខណៈបច្ចុប្បន្នសម្រេចវឌ្ឍនភាពបាន ៩០% ហើយ!


សៀមរាប៖ យោងតាមប្រភពពីអាជ្ញាធរជាតិអប្សរា ដែលបានចេញផ្សាយនៅថ្ងៃទី ៣ធ្នូនេះ បានបង្ហាញឲ្យដឹងថា ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ជួសជុលប្រាសាទឥដ្ឋនៅជ្រុងឦសាន នៃប្រាសាទភ្នំក្រោម ដោយបានចំណាយរយៈពេល ៥ខែមកហើយ ដែលការងារគ្រោង នឹងបញ្ចប់នៅចុងឆ្នាំ២០២៤នេះ តែម្តង។

ក្នុងនោះដែរ អ្នកគ្រប់គ្រងការដ្ឋានជួសជុល ប្រាសាទភ្នំក្រោម លោក រស់ វិសុទ្ធ បានលើកឡើងថា ដំណើរការងារដំបូង ក្រុមការងារបានធ្វើសម្រង់ប្លង់ រៀបចំឯកសារ ជួសជុលពង្រឹងគ្រឹះជុំវិញ ជួសជុលពង្រឹងទីតាំង ដែលឥដ្ឋពុកផុយរលុះ មានសសរផ្អោប ជញ្ជាំង ជើងខឿន ក្បាលជញ្ជាំង។ ជាពិសេសជ្រុងពាយ័ព្យ ដែលមានស្ថានភាព រលុះឥដ្ឋធ្ងន់ធ្ងរ ត្រូវបានជួសជុលពង្រឹង បានរឹងមាំឡើងវិញ។ បច្ចុប្បន្នក្រុមការងារ បានបន្តជួសជុល នៅផ្នែកកំពូលកំពូលខាងលើ នៃតួប្រាសាទ ដែលសម្រេចបាន ៩០% ហើយគ្រោងនឹងបញ្ចប់ នៅចុងឆ្នាំ ២០២៤នេះ។

អ្នកជំនាញរូបនេះ ក៏បានបញ្ជាក់ថា ប្រាសាទឥដ្ឋនៅជ្រុងឦសាន នៃប្រាសាទភ្នំក្រោមនេះ បើមើលពីខាងក្រៅ ឃើញថាមានការខូចខាតតិចតួច។ ប៉ុន្តែបើការសិក្សាស៊ីជម្រៅ ប្រាសាទនេះ មានការខូចខាតធ្ងន់ធ្ងរ ប្រឈមនឹងការរលំនៅជ្រុងពាយ័ព្យ និងផ្នែកដំបូល។

ការជួសជុល បានសង្គ្រោះប្រាសាទនេះ ឱ្យរួចផុតពីហានិភ័យ ទប់ស្កាត់ការខូចខាត បានទាន់ពេលវេលា ហើយបច្ចុប្បន្នប្រាង្គ មានភាពរឹងមាំឡើងវិញ និងរក្សាបានទម្រង់ដើម ស្ទើរតែទាំងស្រុង ដោយក្រុមការងារបានខិតខំធ្វើយ៉ាងណា បំពេញការងារបានទាន់ពេលវេលា មានភាពរឹងមាំ និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស បន្តអាយុកាលយូរអង្វែង ដល់កូនខ្មែរជំនាន់ក្រោយ។

 

 

ប្រភព៖ អាជ្ញាធរជាតិអប្សរា