អូស្ត្រាលី សាងសង់ព្រលានយន្ដហោះថ្មី ដែលមានតម្លៃដល់ ៣,៦ ពាន់លានដុល្លារ ស្ថិតនៅចម្ងាយ ៤៤គ.ម ពីទីក្រុងស៊ីដនី


Western Sydney International Airport គឺជាព្រលានយន្ដហោះអន្តរជាតិថ្មី សម្រាប់ទីក្រុងស៊ីដនី ដែលគ្រោងនឹងបើកដំណើរការ ដើមឆ្នាំ២០២៦ គឺជាព្រលានយន្ដហោះខ្នាតធំ មានទំហំប្រមាណ ១ ៨០០ ហិកតាដែលធំជាងមុន ២ ដង អាចទទួលអ្នកដំណើរប្រមាណ ៨២ លាននាក់ក្នុងមួយឆ្នាំ ដោយត្រូវចំណាយថវិកាប្រមាណ ៣,៦ ពាន់លានដុល្លារ ដើម្បីសាងសង់។

ហេតុអ្វីបានជាទីក្រុងស៊ីដនី ត្រូវការព្រលានយន្ដហោះថ្មី?

ទីក្រុងស៊ីដនី មានបញ្ហាការធ្វើដំណើរ តាមផ្លូវអាកាសរាប់ឆ្នាំមកហើយ ទីមួយគឺអាយុកាលដ៏ចំណាស់ នៃព្រលានយន្ដហោះ Sydney Airport និងទីតាំងរបស់វា។ អាកាសយានដ្ឋាន Sydney Airport ចាស់ស្ថិតនៅចម្ងាយ ៨ គីឡូម៉ែត្រ ពីតំបន់កណ្ដាលក្រុង ត្រូវបានសាងសង់តាំងពីឆ្នាំ ១៩១៩ ជាអាកាសយានដ្ឋានចំណាស់បំផុតមួយ លើពិភពលោក និងជាព្រលានយន្ដស្ថិតនៅ ជាប់ឈូងសមុទ្រ ផ្ដល់ផលវិបាកសម្រាប់ ការហោះហើរ-ចុះចត និងបរិមាណទទួលអ្នកដំណើរមិនគ្រប់គ្រាន់។ យ៉ាងណាមិញ ព្រលានយន្ដហោះ Sydney Airport ចាស់ត្រូវបានជួសជុល កែលម្អជាច្រើនលើក ជាក់ស្ដែងកាលពីឆ្នាំ២០០០ ទីក្រុងស៊ីដនី ធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក បានកែលម្អព្រលានយន្ដហោះនេះ ចំណាយថវិកា ៤២៥ លានដុល្លារ។

គម្រោងព្រលានយន្ដហោះ Western Sydney Airport ត្រូវបានបើកការដ្ឋានកាលពីខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតំបន់ Badgerys Creek មានចម្ងាយប្រមាណ ៤៤ គីឡូម៉ែត្រពីតំបន់កណ្ដាល ទីក្រុងស៊ីដនី និងនៅឆ្ងាយពីតំបន់ប្រជុំជន មានទំហំ ១ ៨០០ ហិកតា ធំជាងមុន ២ ដង អាចកាត់បន្ថយ ផលប៉ះពាល់ក្នុងទីក្រុង និងមិនមានហានិភ័យ សម្រាប់ការចុះចត ខណៈដែលទីក្រុងស៊ីដនី ត្រូវបានគេព្យាករណ៍ថា អាចនឹងមានអត្រាកំណើនប្រជាជន ឡើងដល់ ៧ លាននាក់នៅឆ្នាំ ២០២៦។

សម្រាប់ដំណាក់កាលទី១ ព្រលានយន្ដហោះនេះ នឹងមានការសាងសង់ ផ្លូវរត់មួយខ្សែ ជាមួយនឹងស្ថានីយ៍អ្នកដំណើរ Terminal កម្ពស់ ៤ ជាន់មានផ្ទៃក្រឡា ១១០ ០០០ ម៉ែត្រការ៉េ ដោយបំពាក់សូឡាចំនួន ៦ ០០០ ផ្ទាំងសម្រាប់ផ្គត់ផ្គង់ថាមពលនៅក្នុងស្ថានីយ៍បន្ថែម និងត្រូវសាងសង់ ផ្លូវល្បឿនលឿនតភ្ជាប់អាកាសយានដ្ឋាន ទៅកាន់ទីក្រុងស៊ីដនី ប្រវែង ២៣ គីឡូម៉ែត្រទៀត។ សម្រាប់ដំណាក់កាលទី២ នឹងសាងសង់បន្ថែមផ្លូវរត់មួយខ្សែទៀត ដែលមានសមត្ថភាពទទួលអ្នកដំណើរបានដល់ ៨២ លាននាក់ក្នុងមួយឆ្នាំ។

សូមបញ្ជាក់ផងដែរថា ទីក្រុងស៊ីដនី ទទួលបានភ្ញៀវទេសចរច្រើនបំផុតនៅក្នុងតំបន់ ដោយកាលពីឆ្នាំ២០២៣ ទីក្រុងស៊ីដនី ទទួលបានភ្ញៀវទេសចរអន្តរជាតិ ៤០ លាននាក់ ហើយចំនួននេះ រំពឹងកើនឡើងទ្វេដង នៅត្រឹមឆ្នាំ២០៥០ ដូចនេះ រដ្ឋបាលអាកាសចរស៊ីវិលអូស្ត្រាលី ត្រូវការអាកាសយានដ្ឋាន Western Sydney Airport ដើម្បីដោះស្រាយ ដោយចំណាយថវិកាសាងសង់ ប្រមាណ ៥,៣ ពាន់លានដុល្លារអូស្ត្រាលី ឬប្រហែល ៣,៦ ពាន់លានដុល្លារអាមេរិក។

 

ប្រភព៖ The B1M