ការរស់នៅប្រចាំថ្ងៃ គ្មាននរណាម្នាក់អាចគេចចេញពីការធ្វើការរកប្រាក់ដើម្បីចិញ្ចឹមជីវិតនោះទេ ព្រោះនេះគឺជាឆាកជីវិតរបស់មនុស្សម្នាក់ៗត្រូវតែឆ្លងកាត់ ដូចនេះទើបនៅក្នុងវ័យរបស់មនុស្សគ្រប់រូបមានរបស់សំខាន់ ៣ យ៉ាងគឺសុខភាព ពេលវេលា និងប្រាក់ ប៉ុន្តែគួរស្ដាយដែលរបស់សំខាន់ទាំង ៣ នេះមិនអាចមានព្រមគ្នាក្នុងពេលតែមួយបាននោះទេ ដរាបណាអ្នកចេះគ្រប់គ្រងវាឲ្យបានល្អបំផុត។ ជាក់ស្ដែងលោក Jack Ma ជាអ្នកជំនួញជនជាតិចិន តែងនិយាយជារឿយៗ អំពីការបែងចែកវេលាឲ្យបានត្រឹមត្រូវសម្រាប់ជីវិតចាប់ពីវ័យសិក្សាធ្វើការ បង្កើតជំនួញផ្ទាល់ខ្លួន រហូតដល់វ័យចូលនិវត្តន៍។ វ័យចូលនិវត្តន៍នោះហើយ គឺជាវ័យដែលមនុស្សភាគច្រើនមានរបស់សំខាន់ ២ គឺពេលវេលា និងប្រាក់ ទើបថ្មីៗនេះ លោក Jack Ma បានប្រកាសចូលនិវត្តិន៍លាលែងពីដំណែង CEO នៅក្នុងវ័យ ៥៥ ដើម្បីស្វែងរកពេលវេលាខ្លះសម្រាប់ខ្លួនឯង និងក្រុមគ្រួសារ ហើយដកខ្លួនចេញពីចំណងនៃកាងារ។ អញ្ចឹងថ្ងៃនេះដែរ យើងនឹងមកស្គាល់នូវកន្លែងល្អបំផុតលើពិភពលោក សម្រាប់ការចូលនិវត្តន៍ ក្នុងឆ្នាំ ២០១៩ នេះ ដែលបានដកស្រង់ចេញពី របាយការណ៍ International Livings។
1. Panama
ប្រទេស Panama ស្ថិតនៅក្នុងតំបន់អាមេរិចកណ្ដាល និងជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញក្នុងតំបន់ Caribbean នៃសមុទ្រប៉ាស៊ីហ្វិច ដោយនៅក្នុងទីក្រុង Panama និងប្រទេសនេះសម្បូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិព្រៃ និងឆ្នេរខ្សាច់សមុទ្រ។ Panama មានកន្លែងធម្មជាតិជាច្រើននៅតំបន់ត្រូពិច ដែលអ្នកនិយមផ្សងព្រេងនឹងចូលចិត្តតែម្ដង ដូចជាការឡើងភ្នំ ចូលព្រៃ ជិះទូកតាមទន្លេ ទឹកជ្រោះ -ល- ម្យ៉ាងវិញទៀត សម្រាប់អ្នកដែលទទួលបាន Pensionado Visa រស់នៅក្នុងវ័យចូលនិវត្តន៍ត្រូវបង់ ១,០០០ ដុល្លារក្នុងមួយខែ លោកអ្នកនឹងទទួលបាននូវសេវាថែទាំទាំងស្រុង តាំងពីថែទាំសុខភាព រហូតដល់សូម្បីតែទិញសំបុត្រកុនមិនគេធានារ៉ាប់រងដែរ។
2. Costa Rica
ប្រទេស Costa Rica ក៏មិនខុសពី Panama ប៉ុន្មានដែរ គឺជាគោលដៅនៃតំបន់លំហែកាយវិស្សមកាលដ៏ល្បីល្បាញលំដាប់លេខ ១ ហើយវាគឺជាប្រទេសអភិរក្សដោយ UNESCO សម្រាប់ទេសចរណ៍តែម្ដង។ Costa Rica ត្រូវបានគេស្គាល់ថា ជាទីកន្លែងសម្រាប់កំសាន្ដជាមួយទេសភាពធម្មជាតិ ជីវចម្រុះ និងទីកន្លែងរស់នៅដ៏រីករាយបំផុត។ ដូចនេះយើងអាចដឹងយ៉ាងច្បាស់ថា នៅក្នុង Costa Rica សម្បូរទៅដោយអេកូទេសចរណ៍ព្រៃធម្មជាតិ សត្វព្រៃជីវចម្រុះរាប់លានប្រភេទ ទឹកជ្រោះ ភ្នំភ្លើង ឆ្នេរខ្សាច់ -ល-។
3. Mexico
ប្រទេសម៉ិចស៊ិចកូ ជាប្រទេសមួយដែលគួរឲ្យចាប់អារម្មណ៍បំផុតក្នុងការចូលនិវត្តន៍ ដោយសារតែមានវប្បធម៌ដ៏ច្រើនសម្បូរបែប និងតំបន់សម្រាប់សម្រាកលំហែកាយច្រើនផងដែរ ដូចជាទីក្រុងនៅតំបន់សមុទ្រ Playa Del Carmen សម្បូរជនជាតិបរទេសនៅរស់នៅច្រើនជាងគេ ជាមួយការចំណាយរស់នៅទាប ហើយប្រទេសម៉ិចស៊ិចកូ ក៏ល្បីល្បាញខាងម្ហូបអាហារឆ្ងាញ់បំផុតប្រចាំអាមេរិចខាងត្បូងផងដែរ។
4. Ecuador
ប្រទេស Ecuador ស្ថិតនៅចំខ្សែរបន្ទាប់អេក្វាទ័រ និងមានអាកាសធានល្អសម្រាប់រស់នៅចំពោះមនុស្សគ្រប់វ័យ ហើយវាក៏ជាផ្នែកមួយនៃព្រៃអាម៉ាហ្សូនដែរ ដោយសម្បូរទៅដោយជីវចម្រុះ និងតំបន់រស់នៅ ឬទេសចរណ៍ជាច្រើនគួរឲ្យកត់សម្គាល់។ ប្រទេសនេះសម្បូរទៅដោយឆ្នេសមុទ្រ និងកោះស្អាតៗ គេនិយមនេសាទបំផុត, ទីក្រុងខ្លះនៅតាមជំរាលភ្នំ, និងមានសេវាថែទាំសុខភាពល្អផងដែរ។ ប្រទេសនេះទទួលបានចំនួនប្រជាជនរស់នៅចូលនិវត្តន៍ច្រើនបំផុតលើលោក។
5. Malaysia
ម៉ាឡេស៊ី ជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើនល្អ និង GDP ខ្ពស់នៅអាស៊ីអាគ្នេយ៍ ហើយក៏មានប្រជាជនរស់នៅចម្រុះជាតិសាសន៍ច្រើនជាងគេផងដែរ។ ម៉ាឡេស៊ី មានការរស់នៅសម្បូរបែប ដោយគេអាចរស់នៅទីក្រុង, តំបន់កោះ, តំបន់ទេសចរណ៍, ឬតំបន់មិនសូវអភិវឌ្ឍន៍ក៏បានដែរ។ ជាក់ស្ដែងកោះ Langkawi Island ជាគោលដៅនៃ Malaysia My Second Home ដោយមានជនជាតិបរទេសរស់នៅច្រើន ប៉ុន្តែដោយសារជាតំបន់ទេសចរណ៍ ដូចនេះការចំណាយប្រហែលជាខ្ពស់បន្ដិចហើយ។ យ៉ាងណាមិញ យល់ល្អទីតាំងទាំង ៣ ដែលសាកសមរស់នៅបំផុតក្នុងប្រទេសម៉ាឡេស៊ីគឺ Kuala Lumpur, Johor Baru និង George Town មានតម្លៃសមរម្យបំផុត។
6. Colombia
Colombia ក៏ជាប្រទេសមួយនៅអាមេរិចឡាទីនផងដែរ ដូចនេះវាមានភាពជឿនលឿន និងសេដ្ឋកិច្ចខ្ពស់ ហើយក៏មានប្រជាជនរស់នៅជនបទផងដែរ។ យ៉ាងណាមិញ ប្រទេសនៅតំបន់នោះសុទ្ធសឹងមានវប្បធម៌ស្រដៀងៗគ្នា និងនិយាយភាសាអេស្បាញ។ ចំណែកឯការរស់នៅចូលនិវត្តន៍នៅក្នុងប្រទេស Colombia គឺទទួលបានជនបរទេសច្រើនផងដែរ ដោយគេត្រូវចំណាយចាប់ពី ៧០០ ដុល្លារទៅដល់ ១,៥០០ ដុល្លារក្នុងមួយខែ ហើយទីក្រុងដែលពេញនិយមបំផុតគឺ Medellin និង Cartagena។
7. Portugal
ចូលមកដល់ ទ្វីបអឺរ៉ុបវិញ ប្រទេស Portugal ត្រូវបានគេរាប់បញ្ចូលជាប្រទេសសមរម្យជាងគេសម្រាប់ការរស់នៅពេលចូលនិវត្តន៍ ដោយសារតែមានតម្លៃទាប ហើយក៏សម្បូរភូមិអ្នកក្រីក្រច្រើនផងដែរនៅជាប់ព្រំដែនប្រទេសអេស្ប៉ាញ ប៉ុន្តែជាតំបន់ទទួលរាក់ទាក់ស្វាគមន៍ដល់អ្នកចំណូលមករស់ថ្មីៗ។ សម្រាប់តំបន់ដែលគេណែនាំឲ្យរស់នៅគឺ Porto និង Lisbonដោយសារវានៅជាប់តំបន់សមុទ្រ មានអាកាសធាតុល្អ និងមានប្រជាជនរស់នៅតិច។
8. Peru
បន្ទាប់ពីប្រទេស Ecuador, ប្រទេស Peru គឺជាគោលដៅនៃអ្នករស់នៅក្នុងវ័យចូលនិវត្តន៍លំដាប់ទី ២ ហើយទីនោះក៏មានអត្រាចំនួននៃមនុស្សចាស់ច្រើនផងដែរ ដោយក្នុងមួយឆ្នាំមនុស្សចាស់មករស់នៅជាមធ្យម ១៥,០០០ នាក់ ភាគច្រើនគឺមកពីសហរដ្ឋអាមេរិច និងកាណាដា។ ប្រទេស Peru មានភាពល្បីល្បាញដោយឆ្នេរខ្សាច់, តំបន់ធម្មជាតិជីវចម្រុះ, វប្បធម៌ល្បីល្បាញ និងមានប្រាសាទបុរាណផងដែរ។
9. Thailand
ប្រទេសថៃ មានតំបន់ធំៗចំនួន ៥ ដែលមានប្រជាជនទៅរស់នៅចូលនិវត្តន៍ច្រើនបំផុត រួមមាន Pattaya, Koh Samui, Chiang Mai, Phuket និង Hua Hin។ ប្រទេសថៃ មានកេរ៍្ដឈ្មោះល្បីល្បាញ ដោយសារមានឈូងសមុទ្រស្អាតៗ កោះច្រើន ទេសភាពស្អាត ងាយស្រួលរស់នៅ ហើយក៏មានតម្លៃសមរម្យផងដែរ ហើយភាគច្រើនគេទៅរស់នៅតំបន់ឈូងសមុទ្រច្រើនជាងគេ។
10. Spain
ប្រទេសអេស្ប៉ាញ គឺជាគោលដៅនៃជនបរទេសរស់នៅចូលនិវត្តន៍ច្រើនជាងគេបំផុតក្នុងទ្វីបអឺរ៉ុប។ ប្រទេសនេះ មានប្រវត្តិសាស្ត្រយូរអង្វែងនិងរុងរឿង, មានវប្បធម៍សម្បូរបែប, ប្រជាជនរួសរាយរាក់ទាក់, មានអាហារឆ្ងាញ់ និងស្រាល្បីៗផងដែរ។ សម្រាប់ការរស់នៅគេអាចចំណាយ ២,២០០ ដុល្លារក្នុងមួយខែ ហើយទីក្រុងដែលគេណែនាំឲ្យរស់នៅមានចំនួន ៣ គឺទីក្រុង Madrid, Alicante, និង Valencia។