“រមណីយដ្ឋាន ធម្មជាតិដីរលុះធំ” គោលដៅទេសចរណ៍ប្លែកពីគេ ក្នុងប្រទេសកម្ពុជា ដោយមានទេសភាពដីដុះជាជួរៗ ប្រកបដោយភាពទាក់ទាញ


ធ្លាប់តែឃើញជ្រលងភ្នំធំៗនៅស្រុកគេ ដូចជាតំបន់ប៉ែកខាងអឺរ៉ុបជាដើម តែការពិតនៅក្នុងប្រទេសរបស់យើង ក៏មានតំបន់ទេសចរណ៍ ដែលមានទេសភាពស្រដៀង នឹងប្រទេសគេផងដែរ។ រមណីយដ្ឋាន ធម្មជាតិដីរលុះធំ គឺជាតំបន់ទេសចរណ៍ធម្មជាតិមួយ ដែលមានដីដុះជាជួរខ្ពស់ៗឡើងទៅ បង្កើតបានជាទស្សនីយភាពប្លែកភ្នែក និងកម្របានឃើញមួយ នៅក្នុងប្រទេសកម្ពុជាយើង។ ដោយសារតែលក្ខណៈពិសេសខុសពីគេ នៃតំបន់ទេសចរណ៍នេះហើយ ទើបវាទទួលបានការចាប់អារម្មណ៍ ពីភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្តនៅទីនេះយ៉ាងច្រើន។

ជាពិសេសគឺថ្ងៃឈប់សម្រាកចុងសប្តាហ៍ និងថ្ងៃបុណ្យធំៗនានា តំបន់ទេសចរណ៍នេះ តែងតែទទួលបានភ្ញៀងទេសចរ កាន់តែច្រើនឡើងៗ។ តំបន់រមណីយដ្ឋានទេសចរណ៍ ប្រវត្តិសាស្ត្រធម្មជាតិដីរលុះធំ ឬហៅថា តំបន់ដីច្រោះ មានទីតាំងស្ថិតនៅក្បែរជើងភ្នំដងរែក និងមានចម្ងាយប្រមាណ ១៨ គីឡូម៉ែត្រ ពីទីរួមខេត្តឧត្តរមានជ័យ ក្នុងភូមិសាស្ត្រ ជាប់ព្រំប្រទល់សង្កាត់កូនក្រៀល និងសង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ មកដល់ពេលនេះ គោលដៅមួយនេះ មានការទាក់ទាញមនុស្សមកទស្សនា មានចំនួនកាន់តែច្រើនឡើង ជាងពេលមុនគួរឲ្យកត់សម្គាល់។ អ្វីដែលកាន់តែពិសេសជាងនេះ ជួរដីដែលច្រោះទាំងនោះ នឹងបញ្ចេញពណ៌មាស នៅពេលពន្លឺព្រះអាទិត្យបញ្ចេញរស្មីប៉ះចំ ដូច្នេះផ្ទាំងដី នឹងក្លាយជារឹងដូចថ្ម ដែលបង្កើន សម្រស់តំបន់នេះ ឲ្យកាន់តែទាក់ទាញ និងកាន់តែអស់អស្ចារ្យមួយកម្រិតថែមទៀត។