តើកម្ពុជា ត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ ដើម្បីចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច?


នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ មហាសន្និបាតនៃ អង្គការសហប្រជាជាតិ បានអនុម័តសេចក្ដីសម្រេច A/៧៩/L.៤៩ សម្រាប់ការចាកចេញរបស់កម្ពុជា ពីក្រុមប្រទេសអភិវឌ្ឍតិចតួច LDCs (Least developed countries)។ ដូចនេះ កម្ពុជា នឹងចាកចេញពី ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ជាផ្លូវការនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៩។ អង្គការសហប្រជាជាតិ បានបង្ហាញសេចក្ដីសាទរចំពោះកម្ពុជា ដែលសម្រេចបានសមិទ្ធផលមួយនេះ គឺជាការឈានជំហានដ៏សំខាន់ ឆ្ពោះទៅរកវឌ្ឍនភាព និងវិបុលភាពនាពេលអនាគត។

ចាប់ពីឆ្នាំ១៩៩១ ក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ប្រទេសកម្ពុជា បានទទួលជំនួយរៀបចំ សន្ដិសុខប្រទេស និងការបោះឆ្នោតឡើងវិញដោយ អាជ្ញាធរអន្តរកាលអង្គការ សហប្រជាជាតិនៅកម្ពុជា ហៅកាត់ថាអ៊ុនតាក់ (UNTAC) និងត្រូវបានអង្គការសហប្រជាជាតិ ចាត់ទុកចូលជាប្រទេសអភិវឌ្ឍតិចតួច។ ប្រទេសអភិវឌ្ឍតិចតួច ត្រូវបានផ្ដល់ទីផ្សារអនុគ្រោះ ជំនួយថវិកា ជំនួយបច្ចេកទេសពិសេស និងការកសាងសមត្ថភាពលើបច្ចេកវិទ្យា ក្នុងចំណោមសម្បទានផ្សេងទៀត។

បច្ចុប្បន្ន ប្រទេសអភិវឌ្ឍតិចតួចមានត្រឹមតែ ៤៤ ប្រទេសប៉ុណ្ណោះទូទាំងសកលោក ក្នុងនោះ ៣២ ប្រទេសស្ថិតនៅទ្វីបអាហ្វ្រិក ចំណែកនៅអាស៊ីមាន ៨ ប្រទេស តំបន់ការីប៊ីន ១ ប្រទេស និងតំបន់ប៉ាស៊ីហ្វិក ចំនួន ៣ ប្រទេស។ នៅអាស៊ី រួមមាន ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា បង់ក្លាដេស នេប៉ាល់ ទីម័រខាងកើត អាហ្វានីស្ថាន និងយែមិន។ ក្នុងនោះ ប្រទេសបង់ក្លាដេស ឡាវ និងនេប៉ាល់ ត្រៀមចាកចេញពីប្រទេសអភិវឌ្ឍតិចតួច នៅឆ្នាំ២០២៦ ប្រទេសមីយ៉ាន់ម៉ា និងទីម័រខាងកើត ត្រៀមចាកចេញនៅឆ្នាំ ២០២៧ ចំណែកកម្ពុជា ត្រៀមចាកចេញនៅឆ្នាំ២០២៩។

តើត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះសម្រាប់ការចាកចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច?

ដើម្បីត្រៀមខ្លួនចាកចេញពី ប្រទេសអភិវឌ្ឍតិចតួច ប្រទេសមួយត្រូវបំពេញ អោយបានលក្ខខណ្ឌយ៉ាងតិចចំនួន ២ ក្នុងចំណោមលក្ខខណ្ឌចំនួន ៣ ខាងក្រោម និងជាប់លើការវាយតម្លៃ ដោយអង្គការសហប្រជាជាតិចំនួន ២ ដង រៀងរាល់ការវាយតម្លៃ ៣ ឆ្នាំម្ដង។

១. ប្រាក់ចំណូលជាតិសរុប (GNI) ក្នុងមនុស្សម្នាក់ៗចាប់ពី ១ ៣០៦ ដុល្លារ ក្នុងមួយឆ្នាំ ឬខ្ពស់ជាងនេះ។

២. សន្ទស្សន៍គុណភាពរស់នៅ រួមមាន៖ សន្ទស្សន៍សុខភាព និងសន្ទស្សន៍ការអប់រំ។ សន្ទស្សន៍ សុខភាពរួមមាន ៣ កម្រិត៖ កម្រិតទាប កម្រិតមធ្យម និងកម្រិតខ្ពស់។ ចំណែកសន្ទស្សន៍ ការអប់រំមាន ៣ កម្រិតដូចគ្នា៖ ភាគរយនៃការបញ្ចប់ថ្នាក់អនុវិទ្យាល័យ ភាគរយនៃយុវជនទទួលបានការអប់រំ និងភាគរយនៃការបែងចែកភេទ ដែលបានបញ្ចប់ការសិក្សាចាប់ពីថ្នាក់ អនុវិទ្យាល័យ។

ដើម្បីចាកចេញពីប្រទេសអភិវឌ្ឍតិចតួច លុះត្រាតែប្រទេសមួយ ទទួលបានសន្ទស្សន៍ការសុខភាព បូកជាមួយនឹងសន្ទស្សន៍ការអប់រំ ចាប់ពី ៦៦ ពិន្ទុឡើងទៅ។

៣. សន្ទស្សន៍ផ្នែកបរិស្ថាន (EVI) រួមមាន៖ សន្ទស្សន៍ភាពងាយរងគ្រោះ ផ្នែកសេដ្ឋកិច្ច និងភាពងាយរងគ្រោះផ្នែកបរិស្ថាន។

សន្ទស្សន៍ភាពងាយរងគ្រោះ ផ្នែកសេដ្ឋកិច្ច មានសូចនាករចំនួន ៤ គឺ៖

•    ផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប (GDP)

•    ភាពដាច់ស្រយាលនៃប្រទេស ឬប្រទេសគ្មានច្រកសមុទ្រ

•    ការប្រមូលផ្ដុំទំនិញនាំចេញ

•    អស្ថិរភាពនៃការនាំចេញទំនិញ និងសេវាកម្ម។

សន្ទស្សន៍ភាពងាយរងគ្រោះផ្នែកបរិស្ថាន មានសូចនាករចំនួន ៤ គឺ៖

•    ភាគរយនៃចំនួនប្រជាជនរស់នៅតំបន់ទាប ជាប់ឆ្នេរសមុទ្រដោយមិនមានបញ្ហា

•    ភាគរយនៃចំនួនប្រជាជនរស់នៅតំបន់ដីស្ងួត

•    អស្ថិរភាពនៃផលិតកម្ម កសិកម្ម

•    ភាគរយនៃភាពងាយរងគ្រោះពីគ្រោះមហន្ដរាយ

ដើម្បីចាកចេញពីប្រទេសអភិវឌ្ឍតិចតួច លុះត្រាតែប្រទេសមួយទទួលបាន សន្ទស្សន៍ផ្នែកសេដ្ឋកិច្ច បូកជាមួយសន្ទស្សន៍ផ្នែកបរិស្ថាន ចាប់ពី ៣៦ ពិន្ទុឡើងទៅ។

 

ប្រភព៖ UNTAD