កន្លងមកយើងធ្លាប់តែលឺ អំពីស្ថាបត្យកម្មសំណង់បែប សហសម័យខ្ពស់បំផុត នៅក្នុងពិភពលោក ដោយសំណង់ទាំងនោះ គឺជាអគារដែលត្រូវបាន សាងសង់ឡើងក្នុងសម័យទំនើប និងមានការប្រើប្រាស់ បច្ចេកវិទ្យាជឿនលឿន សម្រាប់ជំនួយការសាងសង់ជាដើម។ ដោយឡែកឥឡូវនេះ យើងនឹងមកស្គាល់អំពី ស្ថាបត្យកម្មសំណង់ក្នុងសម័យបុរាណ ដែលមានកម្ពស់ខ្ពស់បំផុត របស់ពិភពលោកវិញម្ដង ហើយសំណង់ទាំងនោះ ក៏ត្រូវបានចាត់ទុកជា សំណង់ប្រវត្ដិសាស្រ្ដខ្ពស់បំផុតទាំង 10 ក្នុងចំណោមស្ថាបត្យកម្មសំណង់ដទៃទៀត ដែលសាងសង់ដោយ មនុស្សកាលពីក្នុង សម័យកាលបុរាណផងដែរ។
ដូច្នេះចង់ដឹងថា ស្ថាបត្យកម្មសំណង់បុរាណទាំង 10 នោះ មានកម្ពស់ខ្ពស់យ៉ាងណានោះ យើងនឹងរាប់ចំណាត់ថ្នាក់ ពីលំដាប់លេខ 10 ទៅលំដាប់លេខ 1 ដែលជាកម្ពស់ខ្ពស់ជាងគេ ដូចខាងក្រោម៖
10/ ប្រាសាទ La Danta ប្រទេស Guatemala (សាងសង់ប្រហែលក្នុងឆ្នាំ 300 មុនគ.ស) – កម្ពស់ 230 ហ្វីត ឬ 72 ម៉ែត្រ
លាក់ខ្លួននៅខាងក្នុងព្រៃ ដ៏ខៀវស្រងាត់នៃតំបន់ El Petén ប្រទេស Guatemala, ប្រាសាទ La Danta នេះ ត្រូវបានកសាងឡើង នៅមុនសម័យ Columbian Mayan ចន្លោះឆ្នាំ 300-100 មុនគ.ស. និងត្រូវបានអ្នកស្រាវជ្រាវ រកឃើញឡើងវិញនៅក្នុងឆ្នាំ 1926 មកម្ល៉េះ។
9/ ប្រាសាទ Hwangryongsa ប្រទេសកូរ៉េ (សាងសង់នៅពាក់កណ្តាល សតវត្សទី 6 នៃគ.ស) – កម្ពស់ 262 ហ្វីត ឬ 80 ម៉ែត្រ
ប្រាសាទ Hwangryongsa គឺជាអតីតព្រះវិហាសម្រាប់ពុទ្ធសាសនា ដែលមានទីតាំងនៅទីក្រុង Gyeongju ប្រទេសកូរ៉េខាងត្បូង ហើយសំណង់ប្រាសាទនេះ ក៏ប្រហែលជាសំណង់ខ្ពស់ ជាងគេនៅអាស៊ីបូព៌ា និងជាសំណង់ឈើខ្ពស់ ជាងគេបំផុតក្នុងពិភពលោក ក្នុងអំឡុងពេលសាងសង់ រួចរាល់ជាលើកដំបូងផងដែរ។
8/ ប្រាសាទ Etemenanki ប្រទេសអ៊ីរ៉ាក់ (សាងសង់ប្រហែលក្នុងឆ្នាំ 601 មុនគ.ស) – កម្ពស់ 298 ហ្វីត ឬ 91 ម៉ែត្រ
ឈ្មោះប្រាសាទ Etemenanki គឺជាភាសារម្យ៉ាងដែលអាចបកប្រែថា "ផ្ទះនៃគ្រឹះនៃស្ថានសួគ៌នៅលើផែនដី") ត្រូវបានសាងសង់ឡើង ក្នុងគោលបំណង ឧទ្ទិសដល់ព្រះ Marduk ។
7/ ចេតិយ Ruwanwelisaya ប្រទេសស្រីលង្កា (សាងសង់ប្រហែលក្នុងឆ្នាំ 140 មុនគ.ស.) – កម្ពស់ 300 ហ្វីត ឬ 92 ម៉ែត្រ
ចេតិយ Ruwanwelisaya គឺជាកន្លែងតម្គល់ ព្រះសារីរិកធាតុ ហើយត្រូវបានសាងសង់ឡើង ដោយស្តេច Dutugamunu ដែលសោយរាជ្យពីឆ្នាំ 137 មុនគ .ស ដល់ 119 មុនគ.ស។ ចេតិយ Ruwanwelisaya នេះ ក៏ជាកន្លែងគោរព ព្រះពុទ្ធសាសនាបំផុតនៅ ប្រទេសស្រីលង្កា ផងដែរ។
6/ ពីរ៉ាមីតក្រហម ប្រទេសអេហ្ស៊ីប (សាងសង់ប្រហែលក្នុងឆ្នាំ 2600 មុនគ.ស.) – កម្ពស់ 345 ហ្វីត ឬ 105 ម៉ែត្រ
ពីរ៉ាមីតក្រហមនៃ Dahshur ត្រូវបានសាងសង់ដោយព្រះចៅ Pharaoh Sneferu ដែលជាពីរ៉ាមីត ដ៏ធំបំផុតជាងគេទីបី នៅក្នុងប្រទេសអេហ្ស៊ីប។
5/ អគារបំភ្លឺនាវាអាឡិចសាន់ឌ្រី ប្រទេសអេហ្ស៊ីប (សាងសង់ប្រហែលក្នុងឆ្នាំ 280 មុនគ.ស.) – កម្ពស់ 377 ហ្វីត ឬ 115 ម៉ែត្រ
អគារបំភ្លឺនាវាអាឡិចសាន់ឌ្រី ឬត្រូវបានគេស្គាល់ផងដែរថាជា “Lighthouse: Pharos of Alexandria” ត្រូវបានសាងសង់ឡើង ក្នុងសម័យព្រះរាជាណាចក្រ Ptolemaic និងត្រូវបានចាត់ទុកជា រចនាសម្ព័ន្ធខ្ពស់បំផុត នៅក្នុងពិភពលោកកាល ពីសម័យនោះផងដែរ។
4/ ចេតិយ Jetavanaramaya ប្រទេសស្រីលង្កា (សាងសង់ចន្លោះឆ្នាំ 273-301 នៃគ.ស) – កម្ពស់ 400 ហ្វីត ឬ 122 ម៉ែត្រ
ចេតិយ Jetavanaramaya ស្ថិតនៅក្នុងទីក្រុង បេតិកភណ្ឌពិភពលោក ដ៏ពិសិដ្ឋនៃតំបន់ Anuradhapura ប្រទេសស្រីលង្កា ហើយត្រូវបានគេចាត់ទុកជា ចេតិយដ៏ធំ និងខ្ពស់ជាងគេបំផុត នៅលើពិភពលោក។ កម្ពស់របស់ចេតិយនេះ មានប្រវែង 122 ម៉ែត្រ ជាមួយនឹងផ្ទៃទំហំ 233,000 ម៉ែត្រការ៉េ ដែលស្មើនឹង ទីលានបាល់ទាត់ចំនួន 43 ទីលានឯណោះ។
3/ ប្រាសាទ Yongning ប្រទេសចិន (សាងសង់ប្រហែលឆ្នាំ 516 នៃគ.ស) – កម្ពស់ 448 ហ្វីត ឬ 136.7 ម៉ែត្រ
ប្រាសាទ Yongning ត្រូវបានសន្មត់ថា អាចនឹងត្រូវបានគេ សាងសង់នៅដើមសតវត្សទី 6 ក្រោមការ ជ្រោមជ្រែងដោយអធិរាជ Dowager Hu កាលពីជំនាន់នោះ។
2/ ពីរ៉ាមីត Khafre ប្រទេសអេហ្ស៊ីប (សាងសង់ប្រហែលក្នុងឆ្នាំ 2530 មុនគ.ស) – កម្ពស់ 471 ហ្វីត ឬ 143 ម៉ែត្រ
ពីរ៉ាមីត Khafre គឺជារចនាសម្ព័នធំបំផុតទីពីរ នៅក្នុងចំណោមប្រាសាទ ពីរ៉ាមីតដ៏ល្បីល្បាញ ហើយក៏ជាពីរ៉ាមីតខ្ពស់ជាងគេ ទីពីរនៅលើពិភពលោកផងដែរ ដោយបច្ចុប្បន្នវាមានកម្ពស់ដល់ 143 ម៉ែត្រ និង មានប្រវែងមូលដ្ឋាន 215.5 ម៉ែត្រ។ ចំណែកឯផ្ទៃទំហំរបស់ពីរ៉ាមីត Khafre នេះវិញមានទំហំ 46,770 ម៉ែត្រការ៉េ ដែលស្មើនឹងទីលានបាល់ទាត់ជាង 8 ទីលានឯណោះ។
1/ ពីរ៉ាមីតនៃ Khufu ប្រទេសអេហ្ស៊ីប (សាងសង់ប្រហែលក្នុងឆ្នាំ 2570 មុនគ.ស) – កម្ពស់ 481 ហ្វីត ឬ 146.6 ម៉ែត្រ
ជាចុងក្រោយគឺ ប្រាសាទពីរ៉ាមីត Khufu ត្រូវបានគេស្គាល់ថាជា មហាពីរ៉ាមីតនៃប្រទេសអេហ្ស៊ីប ដែល មានអាយុកាលជាង 4,500 ឆ្នាំ និងជាសំណង់ដែល បង្កើតឡើងដោយ មនុស្សបុរាណបំផុត និងខ្ពស់បំផុតក្នុងចំណោម ស្ថាបត្យកម្មសំណង់ទាំង 10 នេះ។