ក្រៅពីបម្រើជាប្រព័ន្ធធារាសាស្ត្រ ទំនប់ខ្សាក ក៏ជាតំបន់ទេសចរណ៍មួយទៀត សម្រាប់អ្នកចូលចិត្ត បរិយាកាសបែបធម្មជាតិ


ទំបន់ខ្សាក គឺជាប្រព័ន្ធធារាសាស្ត្រមួយ សម្រាប់ប្រើក្នុងការ ស្រោចស្រពដំណាំកសិកម្ម និងបម្រើឱ្យការរស់នៅ របស់ប្រជាពលរដ្ឋជាប្រចាំថ្ងៃ ហើយក្រៅពីនោះទំនប់ខ្សាក ក៏បានក្លាយជាតំបន់ទេសចរណ៍ បែបធម្មជាតិមួយ ដែលមានបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ និយមទៅលេងកម្សាន្តផងដែរ។ លោក អ៊ូ បុត្រ ប្រធានសហគមន៍ ប្រព័ន្ធធារាសាស្ត្រទំនប់ខ្សាក បានឱ្យដឹងថា ទំនប់ខ្សាក មានទីតាំងក្នុងភូមិជ្រៃ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ដើមឡើយទីនោះ ជាសំណង់ចាស់ ពីសម័យបុរាណ បន្ទាប់មក រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមរៀបចំ កសាងជាថ្មីនៅក្នុងឆ្នាំ ២០១៨ ដើម្បីបម្រើផលប្រយោជន៍ ប្រជាពលរដ្ឋនៅជុំវិញនោះ លើវិស័យកសិកម្ម។

លោកបន្តថា ក្រោយពេលកសាងរួចរាល់ ដោយសារមាន អំណោយផលល្អពីធម្មជាតិ គឺមានភ្ញៀវទេសចរ ចូលមកលេងកម្សាន្ត មិនចេះដាច់។ លោកបន្តទៀតថា ទំនប់ខ្សាក មានទេសភាពស្រស់ស្អាត ពណ៌បៃតង ខ្ចីទាំងរដូវប្រាំងនិងរដូវវស្សា ទេសភាពជួរភ្នំ ព័ទ្ធជុំវិញផ្ទៃទំនប់ អ្នកទេសចរអាចជិះទូកកម្សាន្ត ជាពិសេស មានខ្ចុះបណ្តែតទឹក អាចអង្គុយលេងយ៉ាង សប្បាយរីករាយ។ បងប្អូនក្នុងតំបន់នេះ គាត់បានទទួលផលប្រយោជន៍ខ្លះដែរ ពីភ្ញៀវទេសចរ ខ្លះលក់អីវ៉ាន់ ខ្លះលក់ដូរអីទៅ ក៏បានប្រាក់ខ្លះទៅ ខ្លះក៏មានរបរការងារ ផ្សេងក៏អត់ទៅ ទំនប់ខ្សាកក៏មានទេសភាពស្អាតដែរ មានភ្នំព័ទ្ធជុំវិញ មើលទៅគួរឱ្យចង់គយគន់ ចង់ទៅទស្សនាកម្សាន្តដែរ បើសិនមានអាងស្តុកទឹក នៅទីនោះឯង អាចជិះទូកលេងបាន គេមានដាក់ខ្ចុះបណ្តែតទឹក នៅទីនោះទៀតផង។

សូមជម្រាបថា ទំនប់ខ្សាក ស្ថិតក្នុងភូមិជ្រៃ ឃុំខ្វាវ ស្រុកជីក្រែង ក្រោយពេលអាជ្ញាធរ ធ្វើការសាងសង់ឡើងវិញ រួចរាល់ក្នុងឆ្នាំ ២០១៨ មក ទំនប់នេះអាចស្តុកទឹកបានប្រមាណ ៣ លានម៉ែត្រគុប ដែលប្រជាពលរដ្ឋចំនួន ៣១២គ្រួសារ ទទួលបានអត្ថប្រយោជន៍ ពីប្រព័ន្ធទឹក ជាពិសេសអាច ប្រកបការងារកសិកម្ម លើទំហំផ្ទៃដីជាង២០០ ហិកតាបាន៕