ខ្លោងទ្វារតាពេជ្រ ឬខ្លោងទ្វារខាងត្បូង នៃប្រាសាទអង្គរវត្ត ជាទីសក្ការៈបូជា ដែលមានមនុស្សជាច្រើន ទៅបន់ស្រន់ជាញឹកញាប់


គួរបញ្ជាក់ដែលថា ប្រាសាទអង្គរវត្ត មានខ្លោងទ្វារបួនទិស ដែលមានបណ្តាអ្នកតា ចាំថែរក្សាខ្លោងទ្វារទាំងនោះ រួមមាន តារាជប្រចាំនៅ ខ្លោងទ្វារទិសខាងលិច តាពេជ្រនៅខ្លោងទ្វារទិសខាងត្បូង តាគូនៅខ្លោងទ្វារ ទិសខាងកើត និងតាឡឹកនៅខ្លោងទ្វារ ទិសខាងជើង។ ក្នុងចំណោមខ្លោងទ្វារទាំង ៤ទិសនេះ មនុស្សជាច្រើន និយមអុជធូបបន់ស្រន់ ចំពោះតារាជ និងតាពេជ្រ តាមជំនឿរបស់ពួកគេ ទាំងអ្នកស្រុក និងអ្នកទេសចរ ជាតិ-អន្តរជាតិ តែងតែងមិនរំលងនោះទេ នៅពេលបានទៅដល់ទីនោះ។

ចំពោះខ្លោងទ្វារខាងត្បូង ឬខ្លោងទ្វារតាពេជ្រ មានការគោរពបន់ស្រន់ ច្រើនជាងគេ ដោយយើងបានឃើញ រូបសំណាកតាពេជ្រ ស្ថិតក្នុងបន្ទប់កណ្តាល នៃខ្លោងទ្វារខាងត្បូងនោះ។ រចនាសម្ព័ន្ធខ្លោងទ្វារតាពេជ្រ មានសណ្ឋានប្លែក ពីខ្លោងទ្វារដទៃទៀត ដោយសាររាល់បង្អួចខាងក្រៅ ដែលបែរទៅកសិន្ទទឹក សុទ្ធតែមានស្លាកស្នាម យកថ្មបិទខ្ទប់ទាំងអស់ សូម្បីតែបន្ទប់ខាងក្រោយ និងបន្ទប់ចំខាងមុខ រូបសំណាកតាពេជ្រ ក៏ពុំមានផ្លូវចេញចូលដែរ។ លំនាំនេះត្រូវបានគេដឹងថា ភាគច្រើនកើតឡើងនៅ រវាងសតវត្សទី១៤ ឬទី១៥ ដែលគេតែងរៀបចំ កែប្រែផ្នែកខ្លះនៃ ប្រាសាទបុរាណឱ្យទៅ ជាកន្លែងសក្ការៈ។ ការចល័តបដិមាពីទីផ្សេងមក តម្កល់ក្នុងបន្ទប់ទាំងនេះផង ក៏មានដែរ។ ទិដ្ឋភាពនេះច្រើនកើតឡើងពេល ដែលខ្មែរងាកមកគោរពប្រតិបត្តិ ព្រះពុទ្ធសាសនាថេរវាទ ហើយគេច្រើនកែសម្រួល ប្រាង្គប្រាសាទទៅជាវិហារ ឬកន្លែងគោរពបូជាផ្សេងៗ។

រូបសំណាកតាពេជ្រ ជាបដិមាព្រះពុទ្ធប្រក់នាគ ដែលពូនដីឡើងស្រោបតាំង ពីក្រោមដល់លើ សល់ត្រឹមតែ រាងដើមតិចតួចប៉ុណ្ណោះ។ អ្នកស្រុកយល់ថា រូបតាពេជ្រកើតពីដីដំបូកសុធ្ធសាធ ពូនឡើងបានជាលំនាំង ដូចសព្វថ្ងៃ ពោលគឺពុំមាន ព្រះពុទ្ធបដិមានៅខាងក្នុង។ អ្នកខ្លះជឿថា តាពេជ្រជាគ្រូថ្នាំ ដែលជួយឱ្យអ្នកឈឺ បានសះស្បើយ ហើយខ្លះទៀតយល់ថា តាពេជ្រជាមេទ័ព ខ្លាំងពូកែជាដើម។ រហូតមកដល់បច្ចុប្បន្ននេះ ឬទ្ធានុភាពរបស់ តាពេជ្រហាក់មិនថមថយនោះឡើយ។ ទន្ទឹមនឹងនេះ គេបានយកក្រណាត់ចីវពាក់ឆៀង បំពាក់កម្រងផ្កា និងថ្វាយគ្រឿងសក្ការៈ ភ្លឺផ្លេកស្កេកស្កះ តាមសម័យនិយម។ មិនតែប៉ុណ្ណោះ នៅត្រង់ទី ដែលតាពេជ្រគង់នៅសព្វថ្ងៃ អ្នកផងពុំហ៊ាន សូម្បីពាក់ស្បែកជើង ឬពាក់មួកដើរឆ្លងកាត់ ចេញចូលដូច ខ្លោងទ្វារបីផ្សេងទៀត។

យ៉ាងណាក៏ដោយ កាលពីដើមគេជឿថា តាពេជ្រមានបារមី និងមានចរិកកាចខ្លាំងណាស់ សូម្បីតែសត្វ ស្លាបដែលហើរកាត់ ក៏ត្រូវធ្លាក់ងាប់ដែរ។ លើសពីនេះ គេតែងហាមស្រ្តីមានផ្ទៃពោះ មិនឱ្យដើរទៅក្បែរនោះ សោះឡើយ។ ជំនាន់បារាំង នៅក្នុងអាណត្តិដែល លោក Henri Marchal ធ្វើជាប្រធានអភិរក្សដ្ឋានអង្គរ បានហាមកម្មករមិនឱ្យ ទៅក្បែរខ្លោងទ្វារតាពេជ្រនេះទេ៕