កម្ពុជា នឹងរៀបចំពិធីបុណ្យទន្លេ លើកទី៧ ថ្ងៃទី ០៨-១០ ខែមីនា ខាងមុខនេះ នៅខេត្តកំពង់ធំ


យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងទេសចរណ៍ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍ រួមសហការជាមួយនឹង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងពាណិជ្ជកម្ម សាលាខេត្ដកំពង់ធំ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សភាពាណិជ្ជកម្ម ខេត្ដកំពង់ធំ និងស្ថាប័នពាក់ព័ន្ធ នឹងរៀបចំ ពិធីបុណ្យទន្លេ លើកទី៧ ក្រោមប្រធានបទ “ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត (Our River for Now and Next)” ដែលនឹងប្រព្រឹត្ដទៅ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។

ក្នុងគោលបំណង់ជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ ខេត្ដនានាតាមដងទន្លេ ជាពិសេសលើកទឹកចិត្ដដល់ ប្រជាជននៅតាម បណ្ដាខេត្ដទាំងនោះ ឲ្យចូលរួមយ៉ាងសកម្មក្នុង ការងារអភិវឌ្ឍន៍ទេសចរណ៍សហគមន៍។

ក្នុងពិធីបុណ្យទន្លេឆ្នាំនេះ នឹងផ្ដល់ជូនសកម្មភាពសំខាន់ៗ ចំនួន ០៣ គឺ៖

១. ការផ្សាយបន្ដផ្ទាល់ នូវការសម្ដែងទស្សនីយភាពសិល្បៈ ការប្រគុំតន្រ្ដី ដោយមានការចូលរួម ពីសំណាក់ក្រុមសិល្បៈករ សិល្បៈការិនី តារាចំរៀងជាតិ និងអន្ដរជាតិ និងការបាញ់កាំជ្រួចអបអរសាទរ ពិធីបុណ្យទន្លេ។

២. មហោស្រពម្ហូបអាហារខ្មែរ និងអន្ដរជាតិ ស្រា និងភេសជ្ជៈ ព្រមទាំង ការបង្ហាញផលិតផលទេសចរណ៍ និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍ របស់ខេត្ដតាមដងទន្លេ និងការតាំងពិព័រណ៍ ផលិតផលកសិទេសចរណ៍ និងផលិតផលក្នុងស្រុក

៣. សកម្មភាពកីឡា ដោយមានការចូលរួមពីសំណាក់កីឡាករ កីឡាការិនីជាតិ និងអន្ដរជាតិ។

ដូច្នេះ ក្រសួងទេសចរណ៍ ក៏សូមអំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ និងមហាជនទាំងអស់ ឲ្យចូលរួមឲ្យបានច្រើនកុះករ។