ប្រទេសឡាវ បានស្វាគមន៍ភ្ញៀវទេសចរសរុបជាង ៥ លាននាក់ ក្នុងឆ្នាំនេះ ដោយខ្ពស់ជាងការព្យាករណ៍រហូតដល់ ២៧% ដែលធ្វើអោយចំណូលពីទេសចរអន្តរជាតិ ទទួលបានជាង ១ ពាន់លានដុល្លារ យោងតាមប្រសាសន៍ លោកនាយករដ្ឋមន្ត្រីឡាវ Sonexay Siphandone បានប្រកាសកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោកនាយករដ្ឋមន្ត្រីឡាវ បានបញ្ជាក់ថានៅឆ្នាំនេះ ប្រទេសឡាវ មានចំនួនភ្ញៀវទេសចរច្រើន ដោយសារតែការបង្កើតយុទ្ធនាការ Visit Laos Year 2024 និងអគុណទៅដល់ ផ្លូវដែកតភ្ជាប់ប្រទេសឡាវ-ចិន ដែលសម្រួលដល់ការធ្វើដំណើរ តភ្ជាប់តំបន់ទេសចរណ៍សំខាន់ៗដូចជា ខេត្តវ៉ាងវៀង ហ្លួងប្រាបាង និងឧត្តមសាយ ជំរុញដល់សង្វាក់ទេសចរណ៍ ប្រទាក់ក្រឡាគ្នា ភ្ញៀវទេសចរអាចធ្វើដំណើរកម្សាន្ដ តំបន់ធម្មជាតិ រហូតដល់តំបន់បេតិកភណ្ឌពិភពលោក ចុះបញ្ជីក្នុង UNESCO យ៉ាងងាយស្រួល។
ដើម្បីលើកស្ទួយវិស័យទេសចរណ៍បន្ថែម ប្រទេសឡាវ នឹងអភិវឌ្ឍន៍ទៅលើសេវាបដិសណ្ឋារកិច្ច សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងបរិក្ខានៅតាមតំបន់ទេសចរណ៍ សម្រាប់ទាក់ទាញភ្ញៀវមកទស្សនា និងសកម្មភាពកម្សាន្ដបន្ថែមទៀត ក្រោមកិច្ចសហការរវាងភាគីរដ្ឋ និងក្រុមហ៊ុនឯកជន។
ក្រៅពីតំបន់ផ្លូវដែកពីប្រទេសឡាវ-ចិន នៅមានតំបន់ធម្មជាតិ ឧទ្យានជាតិ និងតំបន់ទេសចរណ៍ តាមដងទន្លេជាច្រើនផ្សេងទៀត សម្រាប់ទាក់ទាញទេសចរ ជាក់ស្ដែង ឧទ្យានជាតិ Nam Et-Phou Louey ជាតំបន់ជួរភ្នំ ជ្រលងភ្នំឆ្លងកាត់ ៣ ខេត្តនៃប្រទេសឡាវ ដែលសម្បូរដោយ អេកូទេសចរណ៍ ជម្រកសត្វព្រៃ និងគម្របព្រៃឈើដ៏ធំជាង ៤ ពាន់គីឡូម៉ែត្រការ៉េ។ ចំណែកខេត្តហ្លួងប្រាបាង ត្រូវបានអង្គការ UNESCO ដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌ ជាទីក្រុងមរតកវប្បធម៌ បានអភិរក្សទុកនូវ សំណង់អាណានិគម ចន្លោះសតវត្សទី១៩ និងទី២០ ហើយរួមបញ្ចូលគ្នានូវ សំណង់ស្ថាបត្យកម្មឡាវបុរាណ ជាមួយនឹងទីក្រុង សំណង់សម័យអាណានិគម បង្កើតជាទស្សនីយភាពដ៏ល្អ សម្រាប់ទាក់ទាញភ្ញៀវទេសចរ។
ប្រភព៖ The Laotian Times