ជណ្ដើរមុខនៅផ្នែកខាងលិច ឆៀងខាងជើង និងក្បាច់ចម្លាក់នៅប្រាសាទភ្នំក្រោម ដែលកំពុងរងការខូចខាតធ្ងន់ធ្ងរ កំពុងស្ថិតក្រោមការជួសជុល និងសង្គ្រោះ ដោយយកចិត្តទុកដាក់ ឲ្យបានត្រឡប់ទៅសភាពដើមវិញ!


សៀមរាប៖ យោងតាមព័ត៌មានដែលទទួលបាន ពីអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ២១វិច្ឆិកានេះ បានឲ្យដឹងថា ក្រុមអ្នកអភិរក្សថ្មរបស់ អាជ្ញាធរជាតិអប្សរា កំពុងបន្តការជួសជុល ជណ្តើរមុខនៅផ្នែកខាងលិច ឆៀងខាងជើង ដែលស្ថិតក្នុងស្ថានភាព ហែកចេញពីគ្នា ព្រមទាំងផ្នែកខ្លះនៃ រចនាសម្ពន្ធជណ្តើរជាច្រើនផ្នែក ទៀត ឱ្យប្រសើរឡើងវិញ។

ជាមួយគ្នានេះ ក្រុមអ្នកជំនាញ ក៏កំពុងជួយសង្រ្គោះក្បាច់ចម្លាក់ នៅតាមតួប៉មកណ្តាល ផ្នែកខាងលិច និងតួប៉មខាងជើង នៃជ្រុងខាងលិច ឆៀងខាងត្បូង ដែលមានចម្លាក់នៅសល់ តិចតួចបំផុត ហើយកំពុងមានសភាពពុកផុយខ្លាំង កុំឱ្យបាត់បង់ផងដែរ។

គួរឲ្យដឹងដែរថា ការជួសជុលនេះ បន្ទាប់ពីក្រុមអ្នកអភិរក្សថ្ម បានបញ្ចប់ជួសជុល ជណ្តើរតួប៉មកណ្តាល ផ្នែកខាងលិច និងចម្លាក់តោ នៃប្រាសាទភ្នំក្រោមរួចមក។

ក្នុងនោះដែរ លោក ឡុង ណារី អ្នកអភិរក្សថ្មដែលធ្វើការ នៅក្នុងគម្រោងជួសជុលនេះ បានឱ្យដឹងថា ការជួសជុលជណ្តើរមុខ នៅផ្នែកខាងលិច ឆៀងខាងជើងរបស់ប្រាសាទភ្នំក្រោមនេះ គឺចែកជា២ដំណាក់កាល។ ដំណាក់កាលទី១ គឺជួសជុលពង្រឹង គ្រឹះជណ្តើរមុខផ្នែកខាងលិច ឆៀងខាងជើង និងកម្រាលថ្មភក់។ ដំណាក់កាលទី២ គឺជួសជុលសង្រ្គោះ ក្បាច់ចម្លាក់នៅតួប៉មកណ្ដាល មុខផ្នែកខាងលិច និងតួប៉មខាងជើង ជ្រុងខាងលិច ឆៀងខាងត្បូង ដែលចម្លាក់ទាំងនោះ នៅសេសសល់តិចតួចបំផុត ហើយថ្មកំពុងមានស្ថានភាពពុកផុយខ្លាំង។

អ្នកអភិរក្សថ្មរូបនេះ បានបន្តឱ្យដឹងទៀតថា ការខូចខាតរចនាសម្ព័ន្ធ ជណ្តើរមុខនៅផ្នែកខាងលិច ឆៀងខាងជើងរបស់ប្រាសាទភ្នំក្រោម បណ្តាលមកពីអាយុកាល នៃសម្ភារៈសំណង់ ថ្មបាយក្រៀម មានសភាពពុកផុយគ្មានលំនឹង។
ដោយឡែក សម្រាប់បច្ចេកទេសនៃ ការជួសជុលជណ្ដើរ គឺត្រូវរុះរើថ្មកាំជណ្តើរ និងគ្រឹះទម្រ មកសម្អាតកំណកដី ហើយផ្នែកកម្រាលក្រោម គឺត្រូវប្រើកម្ទេចថ្ម មកបង្ហាប់ដី។ រីឯដុំថ្មកាំជណ្ដើរ ដែលបាក់បែក ត្រូវតភ្ជាប់ឬក៏ជំនួសដោយថ្មថ្មី រួចហើយចាប់រៀបផ្គុំ ទៅតាមទីតាំងដើម នៃរចនាសម្ពន្ធឡើងវិញ ព្រមទាំងប្រើបាយអបិទភ្ជិតមុខតំណរ ដើម្បីឱ្យទឹកហូរចេញ និងជ្រាបចូលគ្រឹះប្រាសាទជាដើម។

រម្លឹកផងដែរថា គម្រោងជួសជុលជណ្ដើរមុខ នៅផ្នែកខាងលិច ឆៀងខាងជើង និងសង្រ្គោះក្បាច់ចម្លាក់នៅប្រាសាទភ្នំក្រោមនេះ ចាប់ផ្ដើមតាំងពីខែកញ្ញា ឆ្នាំ២០២៤ គម្រោងនេះអាចនឹងបញ្ចប់ នាដំណាច់ឆ្នាំ ២០២៤ខាងមុខ៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា