កម្ពុជា កំពុងសិក្សាការតភ្ជាប់ផ្លូវអង្គរឃ្យុងយូ មកកាន់ផ្លូវអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ


រាជរដ្ឋាភិបាលកម្ពុជា កំពុងសិក្សាលើសមិទ្ធលទ្ធភាព សាងសង់ផ្លូវតភ្ជាប់ពីផ្លូវអង្គរឃ្យុងយូ ឬផ្លូវ ៦០ ម៉ែត្រ មកកាន់ផ្លូវអាកាសយានដ្ឋាន អន្តរជាតិសៀមរាប-អង្គរ ក្នុងគោលបំណងដោះស្រាយ ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋនៅក្នុងតំបន់ ស្របពេលចំនួន ភ្ញៀវទេសចរខេត្តសៀមរាប កាន់តែមានកំណើនឡើងជាលំដាប់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងក្នុងឱកាសប្រគល់ សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះថា រាជរដ្ឋាភិបាល បានណែនាំអោយក្រសួងសាធារណការ និងដឹកជញ្ជូន សិក្សាលើគម្រោងសាងសង់ តភ្ជាប់ផ្លូវអង្គរឃ្យុងយូ ឬផ្លូវ៦០ម៉ែត្រ មកកាន់ផ្លូវអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បន្ថែមទៀត ក្រោយបញ្ចប់ការសិក្សា លើគម្រោងសាងសង់ ផ្លូវរថភ្លើងធុនស្រាល Mono Rail តភ្ជាប់មកកាន់ក្រុងសៀមរាប។ គម្រោងទាំង ២ នេះរំពឹងអាចផ្ដល់ជាមធ្យោបាយ ធ្វើដំណើរបន្ថែម ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មកកាន់ក្រុងសៀមរាប និងបម្រើការធ្វើដំណើររបស់ ប្រជាពលរដ្ឋក្នុងតំបន់ផងដែរ។

សម្តេចធិបតី បានបញ្ជាក់ថា គម្រោងតភ្ជាប់ផ្លូវទាំងពីរខ្សែនេះ គឺត្រូវសាងសង់ផ្លូវថ្មីត្រឹមតែ ១៣ គីឡូម៉ែត្រប៉ុណ្ណោះ ដោយនឹងចាប់ផ្ដើមពីចុងផ្លូវ៦០ម៉ែត្រ ឆ្លងកាត់ផ្លូវជាតិលេខ៦៦ (ផ្លូវទៅរង្វង់មូលគូលេន) និងហួសមកតភ្ជាប់ជាមួយនឹងផ្លូវល្បឿនលឿនរបស់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ស្ថិតនៅចម្ងាយប្រមាណ ៤៥ គីឡូម៉ែត្រពីក្រុងសៀមរាប ដូចនេះការបន្ថែម ហេដ្ឋារចនាសម្ព័ន្ធធ្វើដំណើរ នឹងជួយផ្ដល់ភាពងាយស្រួល ដល់អ្នកដំណើរ និងភ្ញៀវទេសចរ ព្រមទាំងជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងតំបន់ផងដែរ។ គម្រោងសាងសង់ផ្លូវរថភ្លើង Monorail មកកាន់ក្រុងសៀមរាប គឺជាផ្លូវដែក បម្រើសំខាន់ដល់អ្នកដំណើរ ភ្ញៀវទេសចរពីព្រលានយន្ដហោះ ចំណែកការតភ្ជាប់ផ្លូវ៦០ម៉ែត្រ មកកាន់ផ្លូវល្បឿនលឿនព្រលានយន្ដហោះ គឺជាផ្លូវកៅស៊ូមួយខ្សែទៀត ស្របនឹងផ្លូវព្រលានយន្ដហោះ មកកាន់ផ្លូវជាតិលេខ៦ ហើយផ្លូវកៅស៊ូទាំងពីរខ្សែនេះ នឹងអាចសម្រួល ការធ្វើដំណើរប្រជាពលរដ្ឋផង និងអ្នកដំណើរពីព្រលានយន្ដហោះផង ជាពិសេសនៅរដូវទេសចរណ៍ខ្ពស់ ឬ High Season។

 

ប្រភព៖ ទំព័រហ្វេសប៊ុកផ្លូវការសម្តេចធិបតី ហ៊ុន ម៉ាណែត