កម្ពុជា មានផែនការមេអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងរយៈពេលមធ្យម (ឆ្នាំ២០២៣-២០២៧) និងរយៈពេលវែង (ឆ្នាំ២០២៨-២០៣៣) ដើម្បីសម្រេចបានជាផ្លែផ្កា ក្លាយទៅជាមធ្យមមណ្ឌល ភស្ដុភារក្នុងតំបន់ រក្សាសន្ទុះកំណើនសេដ្ឋកិច្ច និងក្លាយទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់។ ផែនការមេអភិវឌ្ឍ រយៈពេល ១០ ឆ្នាំនេះមានសរុបចំនួន ១៧៤ គម្រោង នឹងត្រូវការទឹកប្រាក់វិនិយោគ ប្រមាណ ៣៦,៦ ពាន់លានដុល្លារ។
យោងតាមប្រសាសន៍ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ កម្ពុជា សម្រេចអោយបាន នូវផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាទិភាពចំនួន ១៧៤ ដោយក្នុងនោះ រួមមាន ការអភិវឌ្ឍន៍ផ្លូវថ្នល់ចំនួន ៩៤ គម្រោង, ផ្លូវដែកចំនួន ៨ គម្រោង, ប្រព័ន្ធដឹកជញ្ជូនតាមទន្លេចំនួន ២៣ គម្រោង, ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវអាកាសចំនួន ១០ គម្រោង, មជ្ឈមណ្ឌលភស្ដុភារចំនួន ១៥ គម្រោង, និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ៤ គម្រោង។
រាជរដ្ឋាភិបាលកម្ពុជា កំពុងស្វែងរកការគាំទ្រ ពីវិស័យឯកជន ទុនវិនិយោគពីបរទេស និងជំនួយផ្សេងៗពីអង្គការ-ស្ថាប័នអន្តរជាតិ ដើម្បីប្រាកដថា គម្រោងអាទិភាពទាំងនោះ នឹងអាចលេចរូបរាងឡើងក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ដើម្បីសម្រេចចេញនូវ គម្រោងទាំងនោះ យើងត្រូវការផ្សព្វផ្សាយ និងបង្ហាញផែនការមេទាំងនោះ ជុំវិញពិភពលោក បើក្រុមហ៊ុនឯកជន ឬវិនិយោគិនបរទេសចាប់អារម្មណ៍ ពួកគេអាចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីអភិវឌ្ឍន៍លើគម្រោងទាំងនោះបាន។
ជាក់ស្ដែង ព្រែកជីកហ្វូណនតេជោ ជាគម្រោងធំមួយក្នុងចំណោមគម្រោងទាំង ១៧៤ នោះដែរ ដោយយើងបានបើក ការដ្ឋានសាងសង់ផ្លូវការនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ តាមរយៈការវិនិយោគ ពីបរទេស ៤៩% សម្រាប់ភ្ជាប់បណ្ដាញដឹកជញ្ជូនផ្លូវទឹកពី រាជធានីភ្នំពេញ ទៅកាន់ឈូងសមុទ្រថៃ ដែលមានតម្លៃប្រមាណ ១,៧ ពាន់លានដុល្លារ។ ចំណែកគម្រោងសាងសង់ស្ពាន ចាក់អង្រែ-ព្រែកប្រា តម្លៃជាង ៦០ លានដុល្លារ ដែលបើកការដ្ឋានសាងសង់កាលពីខែកុម្ភៈ សម្រេចបានជាង ១៥% មកហើយ។
ប្រភព៖ CPP.org