ខ្សែរថភ្លើងល្បឿនលឿន ភ្នំពេញ-ប៉ោយប៉ែត អាចនឹងក្លាយទៅជា ផ្លូវរថភ្លើងល្បឿនលឿនដំបូងនៅកម្ពុជា


នៅប្រទេសកម្ពុជា មានផ្លូវដែកចំនួន ២ ខ្សែ គឺផ្លូវដែកភាគពាយ័ព្យ ភ្នំពេញ-ប៉ោយប៉ែត (សាងសង់អំឡុងឆ្នាំ១៩៣០) និងផ្លូវដែកនិរតី ភ្នំពេញ-ព្រះសីហនុ (សាងសង់អំឡុងឆ្នាំ ១៩៦០) ហើយនៅក្នុងផែនការមេអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរយៈពេលវែង ឆ្នាំ២០២៨-២០៣៣ រដ្ឋាភិបាលកម្ពុជា មានបំណងសាងសង់ ផ្លូវដែកសម្រាប់រថភ្លើងល្បឿនលឿន ដោយអាចនឹងចាប់ផ្ដើមលើ គម្រោងផ្លូវដែកល្បឿនលឿន ភ្នំពេញ-ប៉ោយប៉ែត, ភ្នំពេញ-ព្រះសីហនុ និងដំណាក់កាលទី២ សាងសង់ផ្លូវរថភ្លើងល្បឿនលឿន ភ្នំពេញ-បាវិត។

គម្រោងផ្លូវរថភ្លើងល្បឿនលឿន ភ្នំពេញ-ប៉ោយប៉ែត ត្រូវបានរដ្ឋាភិបាលផ្ដល់សិទ្ធិ ដល់ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ដើម្បីសិក្សាសមិទ្ធលទ្ធភាពសាងសង់ ដោយគម្រោងនោះ ផ្ដោតទៅលើផ្លូវដែករថភ្លើងល្បឿនលឿន សម្រាប់ដឹកជញ្ជូនអ្នកដំណើរ និងដឹកជញ្ជូនទំនិញ រវាងប្រទេសកម្ពុជា និងប្រទេសថៃ ដោយឆ្លងកាត់តាមខេត្តកំពង់ធំ និងខេត្តសៀមរាប និងមានការសាងសង់ផ្លូវអាកាសចំនួន ៣០០ កន្លែង ដើម្បីបញ្ជៀសចំណុចប្រសព្វផ្លូវជាតិ និងផ្លូវស្រុក។

គម្រោងរថភ្លើងល្បឿនលឿន ភ្នំពេញ-ប៉ោយប៉ែត អាចនឹងមានប្រវែង ៣៨២ គីឡូម៉ែត្រ ទទឹងផ្លូវ ១,៤៣ ម៉ែត្រ ជាប្រភេទរថភ្លើងដើរដោយ ថាមពលអគ្គិសនី និងអាចអោយរថភ្លើង រត់បាននៅក្នុងល្បឿន ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។ គម្រោងនេះ នឹងសាងសង់ស្ថានីយ៍ អ្នកដំណើរចំនួន ៣៣ កន្លែង អាចនឹងចំណាយថវិកា ប្រមាណ ៤ ពាន់លានដុល្លារ។

ក្រោយសម្រេចបានផែនការអភិវឌ្ឍន៍ខាងលើ កម្ពុជា រំពឹងទទួលបាននូវប្រយោជន៍ជាច្រើន ពីផ្លូវរថភ្លើងល្បឿនលឿននេះ ទីមួយគឺការតភ្ជាប់បណ្ដាញ ផ្លូវដែកអាស៊ាន ដោយអាចតភ្ជាប់រវាងភ្នំពេញ-បាងកក និងភ្នំពេញ-ហូជីមិញ បម្រើការធ្វើដំណើររបស់ប្រជាពលរដ្ឋ តាមខេត្តដែលរថភ្លើងឆ្លងកាត់ អាចកាត់បន្ថយ ការដឹកជញ្ជូនទំនិញតាមផ្លូវជាតិ ជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការខូចខាតផ្លូវ អាចបម្រើដល់វិស័យទេសចរជាតិ-អន្តរជាតិ ជាពិសេសប៉ូលទេសចរណ៍ភ្នំពេញ-សៀមរាប ព្រមទាំងទាក់ទាញនូវ ទុនវិនិយោគថ្មីៗបន្ថែមទៀត។

 

ប្រភព៖ The Star