ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air ទើបតែបានកុម្ម៉ង់ទិញយន្ដហោះថ្មី ពីក្រុមហ៊ុន ATR Aircraft ប្រភេទ ATR 72-600 ចំនួន ៣ គ្រឿង សម្រាប់ការបន្ថែមជើងហោះហើររបស់ខ្លួន និងបានបង្ហើបអោយដឹងថា ក្រុមហ៊ុន Cambodia Angkor Air នឹងផ្លាស់ប្ដូរយីហោថ្មី ទៅជា ក្រុមហ៊ុន Air Cambodia នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥។
ការផ្លាស់ប្ដូរឈ្មោះថ្មី Air Cambodia នៅតែបម្រើការហោះហើរដូចធម្មតា តភ្ជាប់គោលដៅហោះហើរ ក្នុងតំបន់ច្រើនជាងមុន ស្របតាមគោលដៅរាជរដ្ឋាភិបាល ដែលពង្រីកអាកាសយានដ្ឋានអន្តរជាតិ ធំជាងមុននៅខេត្តសៀមរាប និងត្រៀមសម្ពោធប្រើប្រាស់ អាកាសយានដ្ឋានតារាសាគរ និងអាកាសយានដ្ឋានតេជោតាខ្មៅ។ ក្រុមហ៊ុន Air Cambodia បម្រើការហោះហើរទាំងក្នុងស្រុក និងអន្តរជាតិគ្របដណ្ដប់ ប្រទេសនៅអាស៊ាន ដែលដើរតួនាទីយ៉ាងសំខាន់ សម្រាប់ការតភ្ជាប់ជើងហោះហើរ គាំទ្រដល់វិស័យទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
ថ្មីៗនេះក្រុមហ៊ុន Cambodia Angkor Air បានបញ្ជាទិញយន្ដហោះថ្មីចំនួន ៣ គ្រឿង ពីក្រុមហ៊ុន ATR Aircraft តាមរយៈក្រុមហ៊ុនចិន HNCA Aviation Financial Leasing Co., Ltd ដែលនឹងមកដល់ នៅដើមឆ្នាំ២០២៥ ជាប្រភេទយន្ដហោះខ្នាតមធ្យម សម្រាប់ហោះហើរក្នុងស្រុក និងក្នុងតំបន់។ តាមការបញ្ជាក់ពីលោក Nathalie Tarnaud Laude នាយកប្រតិបត្តិនៃក្រុមហ៊ុន ATR អោយដឹងថា យន្ដហោះប្រភេទ ATR 72-600 គឺជាប្រភេទយន្ដហោះដែលប្រើប្រាស់ថាមពលតិច បញ្ចេញឧស្ម័នពុលតិច ដែលល្អបំផុតសម្រាប់ការហោះហើរ នៅក្នុងតំបន់ អាចហោះហើរក្នុងតំបន់ អាស៊ីអាគ្នេយ៍។
តាមប្រសាសន៍ លោក Zhan David នាយកប្រតិបត្តិក្រុមហ៊ុន Cambodia Angkor Air បានបន្ថែមថា ក្រុមហ៊ុនបានបញ្ជាទិញ យន្ដហោះប្រភេទ ATR 72-600 ចំនួន ៣ គ្រឿងបន្ថែម មានគោលបំណង ផ្ដល់ជូនចំពោះអ្នកដំណើរនូវទំនុកចិត្ត ជម្រើសការហោះហើរទំនើប ដែលនឹងតភ្ជាប់ជើងហោះហើរ ក្នុងស្រុកជាសំខាន់ និងជើងហោះហើរអន្តរជាតិ នៅក្នុងតំបន់ ដែលជួយលើកស្ទួយ វិស័យអាកាសចរណ៍នៅកម្ពុជា។
ប្រភព៖ ATR Aircraft