យោងតាមការស្រាវជ្រាវពី QS World University Rankings អំពីគុណភាពអប់រំ នៅសកលវិទ្យាល័យចំនួន ១ ៥០០ ជុំវិញពិភពលោក បានបង្ហាញថា គ្រឹះស្ថានឧត្តមសិក្សា នៅសហរដ្ឋអាមេរិច មានចំណាត់ថ្នាក់ខ្ពស់ ជាងគេបំផុត ដែលសកលវិទ្យាល័យគុណភាព ស្ថិតនៅលំដាប់កំពូល មានចំនួន ១៩៧ គ្រឹះស្ថាន ចំណែកចក្រភពអង់គ្លេសមានចំនួន ៩០ និងប្រទេសចិន មានចំនួន ៧១។ ដោយឡែក នៅអាស៊ីអាគ្នេយ៍ ប្រទេសសិង្ហបុរី មានគុណភាពអប់រំខ្ពស់បំផុតក្នុងតំបន់ ល្អបំផុតសម្រាប់សិស្ស-និស្សិត មានបំណងប្រាថ្នាចង់បន្ដ ការសិក្សាថ្នាក់ឧត្តមសិក្សា។
ប្រទេសសិង្ហបុរី ទទួលបានពិន្ទុ ៨៩,៦ លើគុណភាពអប់រំ ពីការស្រាវជ្រាវ QS World University Rankings បង្ហាញថា សិង្ហបុរីផ្ដល់ជូននូវការអប់រំ មានគុណភាពខ្ពស់ជាងគេបំផុត ក្នុងតំបន់ ដែលបានទាក់ទាញសិស្ស-និស្សិតអន្តរជាតិ មកសិក្សានៅសិង្ហបុរី រាប់ម៉ឺននាក់ក្នុងមួយឆ្នាំ។ ជាក់ស្ដែង សកលវិទ្យាល័យលំដាប់កំពូល របស់សិង្ហបុរី មានដូចជា National University of Singapore (NUS) និង Nanyang Technological University (NTU)។
សិង្ហបុរី ស្ថិតនៅចំណាត់ថ្នាក់ទី១៥ នៅលើពិភពលោក ដែលជាគោលដៅសិក្សាក្រៅប្រទេសល្អបំផុត “Best Study Abroad Cities” សិស្ស-និស្សិតអាចពិចារណា សិក្សានៅសិង្ហបុរី ដោយសារតែ៖
• សិក្សានៅសិង្ហបុរី ផ្ដល់ឱកាសការងារខ្ពស់
• ស្ថេរភាពសេដ្ឋកិច្ច
• កម្លាំងពលកម្មជំនាញ
• សង្គមគ្មានអំពើពុករលួយ
• កម្រិតពន្ធសិក្សាទាប
• មានហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍន៍កម្រិតខ្ពស់។
ពិន្ទុគុណភាពអប់រំនៅសិង្ហបុរី ត្រូវបានផ្អែកទៅលើ ការវាយតម្លៃលើចំណុចសំខាន់ៗដូចជា៖
• គុណភាពបង្រៀន និងកិច្ចការស្រាវជ្រាវ របស់សកលវិទ្យាល័យ
• កេរ្តិ៍ឈ្មោះ សិស្ស-និស្សិតចេញពីសកលវិទ្យាល័យនោះ
• ភាពចម្រុះជាតិសាសន៍នៃសិស្ស-និស្សិត សាស្ត្រាចារ្យ និងបុគ្គលិក
• បទពិសោធន៍ផ្ទាល់ពីសិស្ស-និស្សិត
• ភាពជាដៃគូរជាមួយសកលវិទ្យាល័យផ្សេង ឬក្រុមហ៊ុនអន្តរជាតិ
• សកម្មភាពស្រាវជ្រាវ និងនវានុវត្តន៍
• សម្ភារៈ និងបរិក្ខាសិក្សា
នៅអាស៊ីអាគ្នេយ៍ ទីក្រុងដែលល្អបំផុត សម្រាប់សិក្សាក្រៅប្រទេស បន្ទាប់ពីសិង្ហបុរី គឺទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលមានពិន្ទុគុណភាពអប់រំចំនួន ៧១,៨ និងតាមពីក្រោយដោយ ទីក្រុងបាងកក ប្រទេសថៃ ទីក្រុងម៉ានីល ហ្វីលីពីន និងទីក្រុង Subang Jaya ម៉ាឡេស៊ី។ ចំណែកប្រទេសឥណ្ឌូនេស៊ី មានទីក្រុង Yogyakarta ទទួលបានពិន្ទុខ្ពស់ជាងគេ ៥២,៨ សម្រាប់គុណភាពអប់រំ ចំណែកទីក្រុងបន្ទាប់ មានដូចជា Jakarta, Bandung, និង Surabaya។
ប្រភព៖ QS World University Rankings