គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគិរី ក្រោមជំនួយរបស់កូរ៉េ បច្ចុប្បន្នសម្រេចលទ្ធផលការងារបាន ៩២% និងគ្រោងបញ្ចប់នៅក្នុងខែតុលា ខាងមុខនេះ


បាត់ដំបង៖ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគិរី ចម្ងាយប្រមាណ ៩០គីឡូម៉ែត្រ ភាគពាយ័ព្យពីក្រុងបាត់ដំបង រហូតមកដល់បច្ចុប្បន្នសម្រេចបានលទ្ធផល ៩២% ហើយ ដោយគ្រោងនឹង សាងសង់រួចរាល់នៅខែតុលា ឆ្នាំ២០២៥។

គួរឲ្យដឹងផងថា គម្រោងនេះ គឺស្ថិតក្រោម ហិរញ្ញប្បទានសម្បទានពី សាធារណរដ្ឋកូរ៉េ ដែលការងារសំខាន់ៗនៅក្នុងគម្រោង រួមមាន៖ ទំនប់មេ សំណង់បង្ហៀរ រូងទូនេលពង្វាងទឹក សំណង់គ្រប់គ្រងទឹក ទំនប់បណ្តោះអាសន្នផ្នែកខាងលើ និងផ្នែកខាងក្រោម ព្រមទាំងផ្លូវក្រាលថ្មភ្នំ។

បន្ទាប់ពីសាងសង់រួច គម្រោងនេះ នឹងផ្តល់ផលអត្ថប្រយោជន៍ជាច្រើនដូចជា៖

-បរិមាណទឹកស្តុកសរុប ១៦៣,១លានម៉ែត្រគូប (ប្រសិទ្ធភាព ១៣៣,២លានម៉ែត្រគូប Inactive ១៤,៣លានម៉ែត្រគូប និងដោះទឹកជំនន់ ១៥,៦លានម៉ែត្រគូប)។

-ផ្គត់ផ្គង់ទឹកស្រោចស្រព សម្រាប់បង្កើនផលិតផលកសិកម្មបានទំហំ ប្រមាណ ៣៣ ០០០ ហិកតា នៅរដូវវស្សា និង ៤ ៥០០ ហិកតា នៅរដូវប្រាំង និងមានប្រជាពលរដ្ឋទទួលផលចំនួន ៨ ៥០០គ្រួសារ។  បរិមាណទឹកអតិបរមា ចេញពីទំនប់គឺ ៤៦.៥ម៉ែត្រគូបក្នុង១វិនាទី ដែលនឹងត្រូវបង្ហូរតាមស្ទឹងដូនទ្រី និងនាំទៅតំបន់ស្រោចស្រពតាមប្រឡាយព្រែកជីក។ លទ្ធភាពស្រោចស្រពនៅរដូវវស្សាប្រមាណ ៣៣ ០០០ហិកតា ស្ថិតនៅស្រុកមោងឫស្សី (ឃុំរបស់មង្គល ឃុំមោង ឃុំគារ ឃុំព្រៃស្វាយ និងឃុំឫស្សីក្រាំង) ស្រុករុក្ខគិរី (ឃុំព្រែកជីក ឃុំព្រៃត្រឡាច ឃុំស្តុកប្រវឹក និងឃុំមុខរាជ) និងស្រុកបាកាន(ឃុំស្វាយដូនកែវ) ខេត្តពោធិ៍សាត់។ លទ្ធភាពស្រោចស្រពនៅរដូវប្រាំងប្រមាណ ៤ ៥០០ហិកតាស្ថិតនៅស្រុកមោងឫស្សី (ឃុំគារ) និងស្រុករុក្ខគិរី (ឃុំព្រែកជីក ឃុំព្រៃត្រឡាច ឃុំស្តុកប្រវឹក និងឃុំមុខរាជ)។

-  គម្រោងនេះ ក៏នឹងរួមចំណែកដល់ការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់ តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម ផងដែរ។

 

ប្រភព៖ VCC Construction