បច្ចុប្បន្នភាព ស្ពានអាកាសភ្លោះ “សម្តេចមហាបវរធិបតី” ៖ គិតមកដល់ថ្ងៃទី ៣១មករា នេះ សម្រេចលទ្ធផលសាងសង់ចូល ៥២% ដោយគ្រោងបញ្ចប់ឲ្យរួចរាល់ នៅខែមិថុនាខាងមុខនេះ!


ភ្នំពេញ៖ យោងតាមការអោយដឹងពី លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី៣១មករា២០២៥នេះថា៖ គិតមកដល់ពេលនេះការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទាំងមូលសម្រេច បានប្រមាណ ៥២% ហើយ។

ចំពោះស្ពានដែលមានទិសដៅពី មហាវិថីសម្តេចតេជោហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ) ទៅមហាវិថីព្រលានសម្តេចតេជោ បានសាងសង់គ្រឹះ និងសសរស្ពានរួចរាល់ហើយ។ បច្ចុប្បន្នកំពុងតែដំឡើងធ្នឹមបេតុង បានប្រមាណជាង៦០% (៤ប្រលោះ/៧ប្រលោះ) ហើយគ្រោងនឹងបញ្ចប់ អ៊ុតកៅស៊ូផ្លូវស្ពាន នៅចុងខែមិនាខាងមុខនេះ។ ដោយឡែក ចំពោះស្ពានដែលមានទិសដៅ ពីមហាវិថីព្រលានសម្តេចតេជោ ទៅមហាវិថីសម្តេចតេជោហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ) បានសាងសង់គ្រឹះនិងសសររួចហើយ។ ឯការដំឡើងធ្នឹម នឹងរៀបចំចាប់ពីខែមេសាខាងមុខនេះ។

លោកស្រីនាយិការរងរដ្ឋបាល បានបញ្ជាក់ផងដែរថា៖ ចំពោះការសាងសង់ ដំឡើងធ្នឹមស្ពាននេះ នឹងមានបិទចរាចរណ៍ រវាងមហាវិថីសម្តេចតេជោហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ) មហាវិថីព្រលានសម្តេចតេជោ និងផ្លូវជាតិលេខ២ (ក្នុងបរិវេណការដ្ឋាន) ម្តងម្កាល ដោយសារការដ្ឋាន ត្រូវការប្រើប្រាស់គ្រឿងចក្រធំៗ និងដើម្បីពន្លឿនការងារអោយ បានទាន់ផែនការ។ ដូចនេះសូមប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវទាំងនេះ មេត្តាយោគយល់និងអធ្យាស្រ័យ។

គូសសម្គាល់ដែរថា ស្ពានអាកាសភ្លោះនេះ ជាគម្រោងរបស់រាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិកាសាងសង់ចំនួន ១៦ ២០០ ៥០០ ដុល្លាអាមេរិក សាងសង់ដោយ ក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់ រយៈពេលសាងសង់ចំនួន ១២ខែ។

គួរបញ្ជាក់ថា៖ ស្ពានអាកាសភ្លោះសម្តេចមហាបវរធិបតី បានធ្វើពិធីបើកការដា្ឋន កាលពីព្រឹកថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត បន្ទាប់ពី ឯ. ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ បានធ្វើពិធីក្រុងពាលី តាមបែបសាសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខ ចម្រុងចំរើន កាលពីនារសៀលថ្ងៃទី១៦មិថុនាឆ្នាំ២០២៤ កន្លងទៅ។

តាមផែនការ គម្រោងស្ពានអាកាសភ្លោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គ្រោងបញ្ចប់ ការដ្ឋានទាំងមូលនៅខែមិថុនាឆ្នាំ ២០២៥ ដោយប្រើប្រាស់ថវិកាក្នុងសាងសង់ចំនួន ១៦ ២០០ ៥០០ ដុល្លាអាមេរិក និងប្រើប្រាស់រយៈពេលសាងសង់ ចំនួន ១២ខែ។

ប្រភព៖ ក្រសួងព័ត៌មាន / ទទក