ភ្នំពេញ៖ មកទល់ពេលនេះ ក្រុមការងារនៃ ការដ្ឋានសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ កំពុងដំណើរការ លើការងាររៀងខ្លួន យ៉ាងមមាញឹក រួមទាំងការងាររណប មួយចំនួនទៀត ដើម្បីធានាការសាងសង់ តាមផែនការដែលបានគ្រោងទុក។
បើយោងតាម ឯ. ផន រឹម អ្នកនាំពាក្យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា អ្វីដែលលោកអ្នកមើលឃើញនេះ (រូបភាពខាងក្រោម) គឺជាសំណង់ស្ពានដែកបណ្តោះអាសន្ន (ជំនួសឱ្យការប្រើប្រាស់សាឡង់) ដែលបង្កើតឡើងសម្រាប់ដំណើរការ ខួងចាក់គ្រឹះសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ។
គួរឲ្យដឹងផងថា ស្ពានដីឥដ្ឋ-ថ្មគរ ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ដែលវាគឺជាគម្រោងដ៏សំខាន់ និងមានអត្ថន័យបំផុត សម្រាប់ការតភ្ជាប់, សេដ្ឋកិច្ច, ការដឹកជញ្ជូន និងសង្គម ពីភាគខាងត្បូង និងខាងកើត រាជធានីភ្នំពេញ ដោយភ្ជាប់មហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣)ត្រង់ចំណុចផ្លូវជាតលេខ១ និងត្រើយខាងកើត ភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។
ស្ពានដីឥដ្ឋ-ថ្មគរ នេះ គឺជាប្រភេទស្ពានបេតុងប្រវែង ១.៦០០ម៉ែត្រ,ទទឹង ២៦ម៉ែត្រ និងផ្លូវតភ្ជាប់ទាំងសងខាង ពីក្បាលស្ពានប្រវែង ២.១០០ម៉ែត្រ, ទទឹង២៦ម៉ែត្រ ក្រាលAC កម្រាស់១០សង់ទីម៉ែត្រ រួមទាំងការសាងសង់ផ្លូវប្តូរ ទិសចរាចរណ៍(Interchange) ចំនួន១កន្លែង និងផ្លូវក្រោមស្ពាន(Underpass) ចំនួន ២កន្លែង ផងដែរ។
គូសបញ្ជាក់ផងថា ស្ពាននេះ ប្រើប្រាស់ថវិកាក្រោមក្របខណ្ឌ មូលនិធិទ្រទ្រង់ថវិកាហិរញ្ញប្បទាន ដោយដៃគូអភិឌ្ឍន៍ ដោយបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ប្រើប្រាស់រយៈពេលសាងសង់ ៤៨ខែ គ្រោងបញ្ចប់ចុងឆ្នាំ២០២៧។
ប្រភព៖ ហ្វេសបុកផេក ឯ. ផន រឹម អ្នកនាំពាក្យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន