ថៃក្លាយជាប្រទេសធំទី ៦ ក្នុងការនាំចេញផ្លែឈើទៅកាន់ទីផ្សារអន្តរជាតិនាឆ្នាំ ២០១៩

បាងកក៖ បាងកក គឺជាប្រទេស ដែលមានភាពរីកចំរើនស្ទើតែគ្រប់វិស័យ មិនថាវិស័យទេសចរណ៍ នយោបាយ ទំនាក់ទំនងបរទេស និងពាណិជ្ជកម្ម ដោយមួយឆ្នាំមួយឆ្នាំ ថៃបាននាំចេញផលិតផល ផលិត និងតម្លើងក្នុងស្រុករបស់ខ្លួនចេញទៅទីផ្សារអន្តរជាតិ ក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ។ ក្នុងនោះ ថៃ ក៏បានជាប់ឈ្មោះជាប្រទេស ដែលនាំចេញផលិតផលផ្លែឈើ ទៅកាន់ពិភពលោក លេខ ៦ នាឆ្នាំ ២០១៩ នេះ ដែលជួយរកចំនូលចូលជាតិ រាប់ពាន់លានដុល្លារ។

ប្រភពព័ត៌មានក្នុងស្រុករបស់ថៃ បានចេញផ្សាយឲ្យដឹងថា ព្រះរាជាណាចក្រថៃ ជាប់ចំណាត់ថ្នាក់លេខ ៦ ជាប្រទេស ដែលមានការនាំចេញនូវផលិតផលផ្លែឈើធំជាងគេលេខ ៦ ទៅកាន់ទីផ្សារពិភពលោក ដោយត្រឹមតែរយៈពេល ១០ ខែនាឆ្នាំ ២០១៩ នេះ ចំនួនគិតជាទឹកប្រាក់នៃការនាំចេញ មានរហូតដល់ទៅជាង ៣.២ ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ជុំវិញការនាំចេញដ៏ច្រើនសន្ធឹកសន្ធាប់នេះ លោក Auramon Supthaweethum អគ្គនាយក នៃនាយកដ្ឋានចរចារពាណិជ្ជកម្មរបស់ថៃ បានឲ្យដឹងដូច្នេះថា ការនាំចេញផ្លែឈើដាំដុះនៅថៃ នៅតែបន្តពង្រីកទីផ្សារដដែល ទោះបីកំពុងតែប្រឈមជាមួយនឹងបញ្ហាសេដ្ឋកិច្ចពិភពលោក ដែលធ្វើឲ្យប៉ះពាល់ខ្លះទៅដល់វិស័យនាំចេញក៏ដោយ។

ផលវិជ្ជមាននេះ ត្រូវបានឲ្យដឹងទៀតថា មូលហេតុ ដែលធ្វើឲ្យថៃ នាំចេញផ្លែឈើស្រស់ៗ និងប្រភេទកក ទៅកាន់បរទេសបានយ៉ាងច្រើនបែបនេះ ក៏ដោយសារតែមានការរួមចំនែកនៃការលើកលែងពន្ធ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី សម្រាប់ការនាំចេញទៅកាន់ប្រទេសជាដៃគូជាច្រើនរបស់ថៃផ្ទាល់រួមមានដូចជា ចិន អូស្ត្រាលី ញូវហ្សេឡែន ប៉េរូ ហុងកុង តៃវ៉ាន់ កូរ៉េខាងត្បូង ឥណ្ឌា ម៉ាឡេស៊ី និងប្រទេសផ្សេងៗទៀត។ ជាងនេះទៅទៀត ផ្លែឈើរបស់ថៃ ត្រូវបានទីផ្សារអន្តរជាតិផ្ដល់តម្លៃខ្ពស់ និងទទួលស្គាល់នូវគុណភាព ក៏ដូចជាតម្លៃធូថ្លៃ ស្របពេលថៃ មានចង្វាក់ទីផ្សារធំ សម្រាប់ផ្គត់ផ្គង់ទៅដល់តម្រូវការខ្ពស់របស់ប្រទេសនីមួយៗបានយ៉ាងពេញទំហឹង។

គួរបញ្ជាក់ឲ្យដឹងផងដែរថា រាល់ផ្លែឈើជាច្រើនប្រភេទរបស់ថៃ មិនមែនសម្រាប់ផ្គត់ផ្គង់ តាមសេចក្ដីត្រូវការរបស់ទីផ្សារអន្តរជាតិជារួមឡើយ ដោយឡែកមានតែផ្លែឈើជាប្រភេទត្រូពិកប៉ុណ្ណោះ រួមមានដូចជា ផ្លែធូរេន ផ្លែមាន ម្ឃុត និងមួយចំនួនផ្សេងទៀតប៉ុណ្ណោះ ដែលទទួលបានការកម្មង់ខ្ពស់។ ម្យ៉ាងការទទួលបានចំណាត់ថ្នាក់លេខ ៦ នាឆ្នាំ ២០១៩ របស់ថៃ នេះ គឺជាការទទួលបានដោយដេញពីក្រោយប្រទេស អេស្ប៉ាញ ហូល្លង់ ម៉ិកស៊ិក សហរដ្ឋអាមេរិក និងឈីលី ហើយក៏ជាការបង្ហាញឲ្យឃើញអំពីភាពរីកចំរើន នៃសេដ្ឋកិច្ច និងការបើកច្រកទីផ្សារសម្រាប់វិស័យកសិកម្ម របស់ពលរដ្ឋថៃ ឲ្យកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ពោលគឺ ពលរដ្ឋថៃ អាចប្រកបរបរដាំផ្លែឈើសម្រាប់លក់ ខណៈរដ្ឋាភិបាលមានទីផ្សារឲ្យរួចជាស្រេច។