នេះជាគម្រោងសាងសង់ផ្លូវ អមសងខាងផ្លូវរថភ្លើង ចាប់ពីមហាវិថី គីម អ៊ីលស៊ុង ដល់មហាវិថីឈ្នះឈ្នះ!

កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យអំពីលទ្ធភាពនូវការស្ថាបនាផ្លូវបេតុង អមសងសាងផ្លូវរថភ្លើងដែលមានស្រាប់ ចាប់ពីចំណុចមហាវិថី គីម អ៊ីលស៊ុង (វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬសាលាតិចណូ) ទៅដល់មហាវិថីឈ្នះឈ្នះ ដែលនឹងរៀបចំការប្រកួត SEA Games ប្រចាំឆ្នាំ ២០២៣ ខាងមុខនេះ។ ពេលនេះ មន្ទីសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបង្ហាញអំពីគម្រូផ្លូវដែលត្រូវអភិវឌ្ឍន៍នេះហើយ។

នេះគឺជាគម្រោងនៃការអភិវឌ្ឍន៍ ធ្វើទំនើបកម្មនូវហេដ្ឋានរចនាសម្ព័ន្ធផ្លូវដែកថែមមួយកម្រិតទៀត ដែលវាក៏នឹងជួយកាត់បន្ថយការកកស្ទះចរាចរលើដងមហាវិថីសហព័ន្ធរុស្ស៊ី និងមានលទ្ធភាពភ្ជាប់ចរាចរពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ចេញចូលរាជធានីភ្នំពេញ តាមផ្លូវអមសងខាងផ្លូវដែកមានស្រាប់នេះផងដែរ ពិសេសគឺរថយន្ដដឹកទំនិញ រថយន្ដសង្គ្រោះបន្ទាន់ និងងរថយន្ដដង្ហែរគណៈប្រតិភូ -ល- ដែលការធ្វើដំណើរមិនប៉ះពាល់ខ្លាំងដល់ចរាចរដ៏មមារញឹកនៅលើមហាវិថីសហព័ន្ធរុស្ស៊ី។ 

បើតាមការបង្ហាញរបស់គម្រោង ផ្លូវបេតុងអមសងខាងផ្លូវដែកនេះ មានលក្ខណៈសម្បត្តិដូចជា៖ មានប្រវែងសរុប ១០,៤៥៥ ម៉ែត្រ (ចាប់ពីមហាវិថី គីម អ៊ីលស៊ុង ដល់មហាវិថីឈ្នះឈ្នះ) ទទឹងទំហំ ៩.៧៥ ម៉ែត្រទាំងសងខាង ក្នុងនោះម្ខាងមានផ្លូវរថយន្ដ ៣.៥ ម៉ែត្រចំនួន ២ គន្លង និងផ្លូវម៉ូតូទំហំ ២.៧៥ ម៉ែត្រមួយគន្លង ហើយផ្លូវនេះត្រូវចាក់បេតុងអាមេ មានសសៃដែកកម្រាស់ ២០ សង់ទីម៉ែត្រ ព្រមទាំងមានចំណីផ្លូវសម្រាប់បំពាក់បង្គោលភ្លើង និងបំពង់លូបង្ហូរទឹកកខ្វក់ទាំងសងខាងផ្លូវផងដែរ។

ជាសរុបមកវិញ ទាំងអស់នេះគឺជាគម្រោងដែលគេហទំព័រ Cambodia Property Report យើងទទួលបានជាបឋម ហើយក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងព្យាយាមពន្លឿននូវការសិក្សាបន្ថែមអំពីលទ្ធភាព និងផលប៉ះពាល់ផ្សេងលើការស្ថាបនាផ្លូវបេតុងអមសងខាងផ្លូវដែកមានស្រាប់ខាងលើផងដែរ។ ជំហ៊ានបន្ទាប់ទៀត ក្រសួងនឹងដាក់សំណើរជូនរដ្ឋាភិបាលដើម្បីពិនិត្យសម្រេច និងស្វែងរកថវិការសាងសង់ ដើម្បីបម្រើជាប្រយោជន៍ជូនដល់វិស័យដឹកជញ្ជូន និងការធ្វើដំណើរនៅក្នុងរាជធានីភ្នំពេញ។