ជារឿយៗ រដ្ឋាភិបាល និងប្រជាជនប្រទេសជប៉ុន តែងតែផ្តល់ជាជំនួយដល់ប្រជាជនកម្ពុជាច្រើនឥតឧបមា ដែលក្នុងនោះមានរួមមានទាំង ស្ពាន ផ្លូវ មន្ទីរពេទ្យ សាលារៀន និងជាច្រើនផ្សេងៗទៀត។ ជាក់ស្ដែង នាថ្ងៃទី26 ខែមេសា ឆ្នាំ2019 នេះ តំណាងរាជរដ្ឋាភិបាលកម្ពុជា និងជប៉ុន បានប្រារព្ធពិធីសម្ពោធអគារសិក្សាថ្មីចំនួន 8ខ្នង នៅក្នុងបរិវេណ វិទ្យាល័យព្រែកលៀប ស្ថិតនៅក្នុង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម Hidehisa Horinouchi ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការអាគារសិក្សាថ្មី ចំនួន 8ខ្នង ដែលមានបន្ទប់សិក្សារហូតដល់ 157បន្ទប់ ដែលស្ថិតនៅក្រោយគម្រោងពង្រីកសាលាមធ្យមសិក្សា នៅរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ក្នុងទំហំទឹកប្រាក់ 851លានយ៉េន ឬស្មើនឹង 7.7លានដុល្លារអាមេរិក ដែលក្នុងនោះរួមមានការងារសាងសង់ និងការផ្គត់ផ្គង់សម្ភារៈបរិក្ខារផ្សេងៗជាច្រើនផងដែរ។
ជាក់ស្ដែង អគារសិក្សាទាំង 8ខ្នងនោះរួមានដូចខាងក្រោម ៖
- វិទ្យាល័យ ហ៊ុន សែនបុរី 100ខ្នង 1ខ្នង កម្ពស់ 5ជាន់ មាន 20បន្ទប់សិក្សា
- អនុវិទ្យាល័យចំរើនផល 1ខ្នង កម្ពស់ 4ជាន់ មាន 24បន្ទប់សិក្សា
- អនុវិទ្យាល័យ ហ៊ុន សែន ពោធិ៍ចិនតុង 1ខ្នង កម្ពស់ 3ជាន់ មាន 12បន្ទប់សិក្សា
- វិទ្យាល័យឫស្សីកែវ 1ខ្នង កម្ពស់ 3ជាន់ មាន 24បន្ទប់សិក្សា
- វិទ្យាល័យព្រែកលៀប 1ខ្នង កម្ពស់ 3ជាន់ មាន 21បន្ទប់សិក្សា
- អនុវិទ្យាល័យទឹកល្អក់ 1ខ្នង កម្ពស់ 4ជាន់ មាន 20បន្ទប់សិក្សា
- អនុវិទ្យាល័យអូរបែកក្អម 1ខ្នង កម្ពស់ 3ជាន់ មាន 12បន្ទប់សិក្សា និង
- វិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន 1ខ្នង កម្ពស់ 3ជាន់ មាន 24បន្ទប់សិក្សា។
តាមរយៈអគារសិក្សាថ្មីៗ សរុបទាំងអស់ 8ខ្នងនេះ យើងរំពឹងទុកថា វានឹងអាចផ្តល់ជាកន្លែងសិក្សាដល់សិស្សានុសិស្សប្រមាណ 7,100 នាក់ក្នុង 1ឆ្នាំ។ ហើយយើងអាចមើលឃើញថា រដ្ឋាភិបាលជប៉ុនតែងតែយកចិត្តទុកដាក់ខ្លាំងទៅនឹង សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសគឺការផ្តល់កន្លែងអោយសិស្សានុសិស្សក្រេបជញ្ជក់ចំណេះវិជ្ជា ដែលជួយបង្កើនធនធានមនុស្សនៅកម្ពុជា ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។ ជាប្រជាពលរដ្ឋខ្មែរ យើងពិតជាមានការស្ញប់ស្ញែងរដ្ឋាភិបាល និងប្រជាជនជប៉ុនខ្លាំងណាស់ ដែលតែងតែផ្ដល់នូវជំនួយជាច្រើនដល់កម្ពុជាក្នុងការអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
ប្រភព ៖ JICA Cambodia