ពោធិ៍សាត់៖ គម្រោងសាងសង់ទំនប់វារីអគ្គិសនីដ៏សំខាន់ និងធំមួយ នៅខេត្តពោធិ៍សាត់ ដែលបានបើកការដ្ឋានសាងសង់អស់រយៈពេលប៉ុន្មានខែកន្លងមកនេះ នៅតែបន្តមានសកម្មភាពល្អប្រសើរ និងឈានទៅបញ្ចប់តាមការគ្រោងទុកនៅក្នុងឆ្នាំ ២០២៣ ខាងមុខ។
គម្រោងទំនប់វារីអគ្គិសនី ស្ទឹងពោធិ៍សាត់ មានកម្លាំងអានុភាព ៨០ ម៉េហ្គាវ៉ាត់ ដែលមានទីតាំងស្ថិតនៅលើដងស្ទឹងពោធិ៍សាត់ ឃុំប្រម៉ោយ ស្រុកវាលវែង បច្ចុប្បន្នកំពុងស្ថិតក្រោមកាសាងសង់ដោយក្រុមហ៊ុន កូរ៉េ SPHP (Cambodia) Co., Ltd. ក្រោមទុនវិនិយោគប្រមាណជា ២៣១ លានដុល្លារអាមេរិក នៅតែបន្តដំណើរការទៅមុខជាធម្មតាតាមការគ្រោងទុក ដែលត្រៀមបញ្ចប់ និងដាក់ឱ្យដំណើការជាផ្លូវការ នាឆ្នាំ ២០២៣ ខាងមុខ។ ជុំវិញគម្រោងដ៏សំខាន់មួយនេះ លោក វ៉ិចទ័រ ហ្សូណា អគ្គនាយកផ្នែកថាមពល នៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងនៅថ្ងៃទី ១១ សីហា កន្លងទៅនេះបានលើកឡើងដូច្នេះថា ហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវចូលទៅទីតាំងទំនប់វារីអគ្គិសនី ការដោះសា្រយផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងការដោះមីននៅលើទីតាំងគម្រោង ត្រូវបានធ្វើបណ្តើរៗហើយ។
លោក វ៉ិចទ័រ ហ្សូណា បានបន្តទៀតថា គម្រោងសាងសង់នេះ គឺធ្វើតាមផែនការ ជាធម្មតា បើទោះបីជាមានវិបត្តិកូវីដ១៩ ក៏ដោយ ហើយក្រោយបញ្ចប់ការសាងសង់ អគ្គិសនីកម្ពុជានឹងទិញថាមពលពីក្រុមហ៊ុនក្នុងតម្លៃ ០.០៧ ដុល្លារអាមេរិក ក្នុងមួយគីឡូវ៉ាត់ម៉ោង។ ការទិញថាមពលនេះ គឺដើម្បីធ្វើការផ្គត់ផ្គង់តម្រូវការក្នុងខេត្តផង និងនៅតាមបណ្ដាខេត្តជិតឆ្ងាយផ្សេងៗទៀត ពិសេសនៅរាជធានីភ្នំពេញតែម្ដង ដែលកំពុងតែមានការអភិវឌ្ឍឥតឈប់ឈរ។ ក្រៅពីវារីអគ្គិសនីកំពុងសាងសង់នេះ ក៏មានគម្រោងថាមពលសូឡាចំនួន ២ កន្លែង ដែលកំពុងសាងសង់ក្នុងខេត្តនេះផងដែរ រួមមានដូចជា គម្រោងសូឡា មានកម្លាំងអានុភាព ៦០ មេហ្គាវ៉ាត ត្រៀមបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០២០ ខាងមុខនេះ និងគម្រោងសូឡា មានកម្លាំងអានុភាព ៣០ មេហ្គាវ៉ាត ត្រៀមបញ្ចប់ការសាងសង់នៅឆ្នាំ២០២១។
គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់វារីអគ្គិសនី តាមរយៈបង្កើតជាទំនប់នេះ ត្រូវបានសិក្សាអស់មួយរយៈហើយ គិតតាំងពីដើមឆ្នាំ ២០១៩ មកម្លេះ ដោយនៅដំណាក់ដំបូង ត្រូវបានប៉ាន់ស្មានថាអាចនឹងចំណាយថវិកាប្រមាណ ១៦០ លានដុល្លារ ប៉ុន្តែកាលពីខែ ឧសភា កន្លងមកនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងនេះក្នុងទំហំទឹកប្រាក់ប្រមាណជា ២៣១ លានដុល្លារអាមេរិកវិញ។ បច្ចុប្បន្ននេះ ខេត្តពោធិ៍សាត់មានទំនប់វារីអគ្គិសនីមួយកន្លែង គឺទំនប់អាតៃ ដែលមានកម្លាំងអនុភាព ១២០ មេហ្គាវ៉ាត់ ដែលកំពុងបញ្ចេញថាមពលចូលបណ្តាញជាតិ៕
ប្រភព៖ ក្រសួងរ៉ែ និងថាមពល