សភាជាតិវៀតណាម បានបើកភ្លើងខៀវលើគម្រោងសាងសង់ ផ្លូវរថភ្លើងល្បឿនលឿន តភ្ជាប់ពីរដ្ឋធានីហាណូយ មកកាន់ទីក្រុងហូជីមិញ ជារថភ្លើងល្បឿនលឿនដំបូង ក្នុងប្រទេស អាចនឹងកាត់បន្ថយរយៈពេលធ្វើដំណើរ និងអាចទាក់ទាញភ្ញៀវទេសចរ ធ្វើដំណើរកម្សាន្ដឆ្លងកាត់ ពីភាគខាងជើង រហូតដល់ភាគខាងត្បូង ធ្លាប់តែប្រើពេល ៣០ ម៉ោង មកសល់ត្រឹមតែ ៥ ម៉ោងប៉ុណ្ណោះ។
គម្រោងផ្លូវរថភ្លើងល្បឿនលឿនហាណូយ-ហូជីមិញ រំពឹងអាចចាប់ផ្ដើម សាងសង់នៅឆ្នាំ២០២៧ ដោយបញ្ចប់ទាំងស្រុង នៅត្រឹមឆ្នាំ២០៣៥ ដោយលាតសន្ធឹងប្រវែងជាង ១ ៥០០ គីឡូម៉ែត្រ អាចចំណាយថ្លៃសាងសង់ ប្រមាណ ៦៧ ពាន់លានដុល្លារ។ រថភ្លើងល្បឿនលឿននេះ នឹងឆ្លងកាត់ខេត្តនិងក្រុងចំនួន ២០ ដោយមានសាងសង់ ស្ថានីយ៍ចំណតចំនួន ២៣ កន្លែង ងាយស្រួលដល់ អ្នកធ្វើដំណើរតាមតំបន់ អាចមានជម្រើស និងអាចបម្រើយ៉ាងសំខាន់លើការដឹកជញ្ជូនទំនិញ ក្នុងតម្លៃទាបជាងមុនផងដែរ។
យោងតាមប្រសាន៍របស់ លោក Tran Quock Phuong រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ បានអោយដឹងថា គម្រោងផ្លូវរថភ្លើងល្បឿនលឿន ហាណូយ-ហូជីមិញ រំពឹងអាចរួមចំណែក ដល់កំណើនសេដ្ឋកិច្ចប្រមាណ ០,៩៧% ក្នុងមួយឆ្នាំ ដោយសារតែ ផ្លូវដែកមួយខ្សែនេះ នឹងមិនត្រឹមតែបម្រើវិស័យទេសចរប៉ុណ្ណោះទេ ថែមទាំងជំរុញផលិតកម្ម កាត់បន្ថយពេលវេលានាំចេញ និងពង្រឹងតួនាទីវៀតណាម ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល។
យោងតាមរបាយការណ៍របស់ Global Quality Infrastructure បានបង្ហាញថា ប្រទេសវៀតណាម ស្ថិតនៅចំណាត់ថ្នាក់ទី៥២ ក្នុងចំណោមប្រទេស ១៨៥ ដែលមានហេដ្ឋារចនាសម្ព័ន្ធ គុណភាពខ្ពស់ នៅពីក្រោយបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតមួយចំនួន។ ម្យ៉ាងទៀត វៀតណាមត្រូវបានគេចាត់ទុកថា ជាប្រទេសទិសដៅវិនិយោគ បន្ទាប់ពីក្រុមហ៊ុនអន្តរជាតិ ផ្លាស់ប្ដូរឧស្សាហកម្ម ចេញពីប្រទេសចិន ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធវៀតណាម នៅមានកង្វះខាតនៅឡើយ ហើយក៏ជាប្រទេស សេវាកម្មដឹកជញ្ជូនតាមផ្លូវគោក មានតម្លៃខ្ពស់បំផុតមួយ ក្នុងតំបន់ផងដែរ។
ប្រភព៖ CNA