រាជធានីភ្នំពេញ រៀបចំផ្លូវថ្មើរជើងថ្មី ចាប់ពីប្រៃសណីយ៍កម្ពុជា មកដល់ព្រះបរមរាជវាំង


រដ្ឋបាលរាជធានីភ្នំពេញ នឹងចាប់ផ្ដើមរៀបចំផ្លូវថ្មើរជើង នៅតាមបណ្ដោយមាត់ទន្លេ ចាប់ពីប្រៃសណីយ៍កម្ពុជា មកដល់ព្រះបរមរាជវាំង ដោយបញ្ចៀសចរាចរណ៍យានយន្ដ ចន្លោះពីម៉ោង ៦ ល្ងាចរហូតដល់ម៉ោង ១១ យប់ ប្រែក្លាយទៅជាផ្លូវថ្មើរជើងទាំងស្រុង សម្រាប់ភ្ញៀវទេសចរ ប្រជាពលរដ្ឋ ធ្វើដំណើរកម្សាន្ដ ហាត់ប្រាណ ស្រូបយកខ្យល់អាកាសបរិសុទ្ធ ទទួលទានអាហារតាមភោជនីយដ្ឋាន និងសេវាកម្មនានាក្នុងតំបន់មាត់ទន្លេ។

ផ្លូវថ្មើរជើង ដែលនឹងរៀបចំថ្មី Walk Way ត្រូវបែងចែកចេញជា ៣ តំបន់ដូចខាងក្រោម៖

១. ផ្លូវថ្មើរជើងតំបន់ទី១ (Square) មុខប្រៃសណីយ៍

តំបន់ផ្លូវថ្មើរជើងទី១ មានទំហំសរុប ៣,៣ ហិកតា នៅមុខប្រៃសណីយ៍ ២ ១៤៥ ម៉ែត្រការ៉េ ដោយខាងជើងមានផ្លូវលេខ៩៤ (វិថីបក្សីចាំក្រុង) ខាងត្បូងមានផ្លូវលេខ១០៦ (វិថីព្រះមហាក្សត្រយានីកុសមៈ) ខាងលិចមានផ្លូវលេខ១៣ (វិថីព្រះអង្គអេង) និងខាងកើតមានតិរវិថីព្រះស៊ីសុវត្ថិ។ ផ្លូវថ្មើរជើងនេះ អមដោយវិថីអាហារ និងហាងទំនិញជាច្រើនសម្រាប់ទេសចរថ្មើរជើង។

២. ផ្លូវថ្មើជើងតំបន់ទី២

មានផ្ទៃដីសរុប ២០,៧ ហិកតា នៅខាងជើងមានផ្លូវលេខ១០៦ (វិថីព្រះមហាក្សត្រយានីកុសមៈ) ខាងត្បូងមានផ្លូវលេខ១៨៤ ខាងលិចមានផ្លូវលេខ១៣ (វិថីព្រះអង្គអេង) និងខាងកើតមានតិរវិថីព្រះស៊ីសុវត្ថិ។ ផ្លូវថ្មើជើងនេះ ត្រូវកំណត់ជាគោលដៅសម្រាប់តំបន់ POP Street ស្រដៀងគ្នានឹង Pub Street នៅខេត្តសៀមរាបដែរ។

៣. ផ្លូវថ្មើរជើងតំបន់ទី៣

មានផ្ទៃទំហំសរុប ៣៤ ហិកតា នៅខាងជើងមានផ្លូវលេខ១៨៤ ខាងត្បូងមានមហាវិថីព្រះសីហនុ ខាងលិចមានផ្លូវលេខ០៧ និងខាងកើតមានតិរវិថីព្រះស៊ីសុវត្ថិ។ ផ្លូវថ្មើរជើងនេះ នឹងត្រូវកំណត់ជាតំបន់លំហែ មានកន្លែងអង្គុយស្រូបយកខ្យល់អាកាស នៅតំបន់មាត់ទន្លេ និងព្រះបរមរាជវាំង។

ក្នុងការរៀបចំផ្លូវថ្មើរជើង នៅតំបន់មាត់ទន្លេ ចាប់ពីម៉ោង ៦ ល្ងាចដល់ម៉ោង ១១ យប់នេះ រដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នឹងរៀបចំចំណតយានយន្តបណ្តោះអាសន្នចំនួន ១០ ទីតាំងរួមមាន៖

១. ចិញ្ចើមផ្លូវលេខ៩៤៖ ខាងត្បូងជាប់របងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

២. ចិញ្ចើមផ្លូវលេខ៩៨៖ ចាប់ពីផ្លូវលេខ១៩ ដល់ផ្លូវលេខ១៣

៣. ចិញ្ចើមផ្លូវលេខ១០២៖ ចាប់ពីមហាវិថីព្រះនរោត្តម ដល់ផ្លូវលេខ១៣

៤. ចិញ្ចើមផ្លូវលេខ១០៦៖ ចាប់ពីមហាវិថីព្រះនរោត្តម ដល់ផ្លូវលេខ១៣ (ចតមួយជួរផ្នែកខាងឆ្វេង)

៥. ចិញ្ចើមផ្លូវលេខ១០៨៖ ចាប់ពីមហាវិថីព្រះនរោត្តម ដល់ផ្លូវលេខ១៣ (ចតមួយជួរផ្នែកខាងឆ្វេង)

៦. ចិញ្ចើមផ្លូវលេខ១៣៖ ចាប់ពីផ្លូវលេខ១៥៤ ដល់ផ្លូវលេខ១៧៨ (ចតមួយជួរផ្នែកខាងឆ្វេង)

៧. ចិញ្ចើមផ្លូវលេខ១៧៨៖ ចាប់ពីផ្លូវលេខ១៩ ដល់ផ្លូវលេខ១៣ (ចតមួយជួរផ្នែកខាងឆ្វេង)

៨. ចិញ្ចើមផ្លូវលេខ២១៤៖ ចាប់ពីមហាវិថីព្រះនរោត្តម ដល់ផ្លូវលេខ១៩

៩. ចិញ្ចើមតីរវិថីព្រះស៊ីសុវត្ថិ៖ ចាប់ពីផ្លូវលេខ២៤០ ដល់មហាវិថីព្រះសីហនុ (ចតមួយជួរផ្នែកខាងឆ្វេង)

១០. ចិញ្ចើមមហាវថីព្រះសីហនុ៖ ចាប់ពីរង្វង់មូលសម្តេចសង្ឃរាជ ជួន ណាត ដល់ស្ពានកោះពេជ្រ (ខាងត្បូងអតីត TreamLand)។

 

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ