សៀមរាប៖ យោងតាមព័ត៌មានដែល ទទួលបានពីអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ២ធ្នូនេះ បានឲ្យដឹងថា ប្រាសាទប្រាង្គលេខ៧ ស្ថិតនៅខាងជើង ប្រាង្គកណ្តាលនៃប្រាសាទបាគង ក្នុងកំពែងទី១ មានកម្ពស់១៤,៥០ម៉ែត្រ ទទឹង ៧,៤០ម៉ែត្រ បានបញ្ចប់ការជួសជុល ដោយជោគជ័យហើយ ក្រោយពីអ្នកជំនាញរបស់ អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមជួសជុល នៅក្នុងដំណាក់កាលទី២ តាំងពីខែឧសភា ឆ្នាំ២០២៤ រហូតមកដល់ចុងខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។
ក្នុងនោះដែរ ប្រធានអភិរក្សតំបន់រលួស លោក សារាយ គឹមហួល បានឱ្យដឹងថា នៅដំណាក់កាលទី២នេះ អាជ្ញាធរជាតិអប្សរា បានជួសជុលប្រាង្គឥដ្ឋលេខ៧នេះ នៅផ្នែកខាងត្បូង ខាងជើង និងខាងលិច ដែលរងការខូចខាតខ្លាំង ចាប់ពីគ្រឹះជណ្តើររហូតដល់កំពូល និងប្រើក្រវ៉ាត់ដែកការពារបន្ថែម នៅផ្នែកកំពូលផង ដែលបានធ្វើឱ្យប្រាង្គលេខ៧ មានភាពរឹងមាំឡើងវិញ។
អ្នកជំនាញរូបនេះ បានបន្តថា មុនជួសជុលប្រាង្គទី៧នេះ មានសភាពខូចខាតខ្លាំង គឺចាប់ពីរួតទី១ដល់រួតទី៥ នៅតាមជ្រុងនីមួយៗ បានពុកផុយ ឥដ្ឋមួយចំនួនបានរលុះធ្លាក់។ តួប្រាសាទប្រេះចាប់ពី គ្រឹះដល់កំពូលប្រាសាទ និងជណ្ដើរទាំង៣ជ្រុង បានរលុះឥដ្ឋ ហើយថ្មភក់កាំជណ្តើរ ធ្លាក់រប៉ាត់រប៉ាយ មិនមានសណ្តាប់ធ្នាប់ជាដើម។
ការខូចខាត គឺបណ្តាលមកពី កត្ដាអាយុកាលជាង១ពាន់ឆ្នាំនៃសំណង់ កត្តាធម្មជាតិ ដែលអាកាសធាតុក្តៅសើម អំណោយផលដល់ស្លែ និងរុក្ខជាតិដុះ ដែលបង្កហានិភ័យ ដល់ប្រាសាទឥដ្ឋធ្ងន់ធ្ងរ។
លោក គឹមហួល បានបញ្ជាក់ដោយទឹកមុខរំភើបថា ក្រោយពីបញ្ចប់ការងារជួសជុល ប្រាង្គលេខ៧ មានភាពរឹងមាំឡើងវិញហើយ ចៀសផុតពីហានិភ័យ ដោយអាជ្ញាធរជាតិអប្សរា បានសង្គ្រោះបន្ទាន់ បានទាន់ពេលវេលា រក្សានូវសុវត្ថិភាពដល់ប្រាសាទ និងភ្ញៀវទេសចរដែលមកទស្សនា ផងដែរ។
ប្រភព៖ អាជ្ញាធរជាតិអប្សរា