រយៈពេល ១០ ខែដំបូងក្នុងឆ្នាំ២០២៤ កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាស ចំនួន ៧៣៣ ៧២៩ នាក់ រវាងការធ្វើដំណើររវាងប្រទេសកម្ពុជា និងចិន ក្នុងរយៈពេល ១០ ខែដំបូង ឆ្នាំ២០២៤ ដែលមានកំណើនឡើងប្រមាណ ៨៣% ធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
យោងតាមប្រសាសន៍ លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាដ្ឋានអាកាសចរន៍ស៊ីវិលកម្ពុជា បានថ្លែងប្រាប់សារពត៌មាន Xinhua បង្ហាញថារយៈពេល ១០ ខែកន្លងមកនេះ ការធ្វើដំណើរតាមផ្លូវអាកាស រវាងប្រទេសកម្ពុជា-ចិន សម្រេចបានសរុបចំនួន ៥ ៤៨៦ ជើង ដោយបានកើនឡើងប្រមាណ ៦០% ខណៈអ្នកដំណើរបានកើនឡើងប្រមាណ ៨៣% ចំណែកការដឹកជញ្ជូនទំនិញរវាងកម្ពុជា-ចិន តាមផ្លូវអាកាស មានសរុបចំនួន ៦ ៣៤១ តោន ដែលបានកើនឡើង ៣៨% ផងដែរ ក្នុងរយៈពេល ១០ កន្លងមកនេះ។
លោក ស៊ិន ចាន់សេរីវុត្ថា ជឿជាក់ថា ការបើកសម្ពោធអាកាសយានដ្ឋាន អន្តរជាតិសៀមរាប-អង្គរ វិនិយោគដោយក្រុមហ៊ុនចិន បានជំរុញអោយមានការតភ្ជាប់ ជើងហោះហើររវាងកម្ពុជា-ចិន កាន់តែច្រើនឡើង មិនថាក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ក្រុមហ៊ុនអាកាសចរណ៍ចិនឡើយ ដែលទាក់ទាញភ្ញៀវទេសចរចិន វិនិយោគិន និងធុរជនចិន មកកាន់កម្ពុជា កាន់តែច្រើនឡើង។
របាយការណ៍ពី អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បង្ហាញថា រយៈពេល ១ ឆ្នាំក្រោយបើកដំណើរការ ព្រលានយន្ដហោះនេះ ទទួលបានអ្នកដំណើរសរុបជាង ១,៣ លាននាក់ ដោយមានយន្ដហោះ ដឹកអ្នកដំណើរចេញ-ចូល សរុបចំនួន ១៤ ៥៥៦ ជើង ដោយរំពឹងអ្នកដំណើរកើនឡើង ១,៥ លាននាក់នៅត្រឹមដំណាច់ឆ្នាំ២០២៤។
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា ប្រើទុនវិនិយោគកម្ពុជា-ចិន មានចំនួន ៣ គឺ៖
• អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បើកសម្ពោធកាលពីខែវិច្ឆិកា ឆ្នាំ២០២៣
• អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ត្រៀមបើកដំណើរនៅខែធ្នូ ឆ្នាំ២០២៤
• អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ត្រៀមបើកដំណើរការនៅឆមាសទី១ ឆ្នាំ២០២៥
ប្រភព៖ Xinhua