អាហ្វហ្គានីស្ថាន សម្រេចចំនាយ ១៦០ លានដុល្លារ ដើរទៅរកថាមពលបៃតង ក្រោមកិច្ចព្រមព្រៀងជាមួយអាមេរិក ទូរគី និងឥណ្ឌា

កាប៊ុល៖ រដ្ឋាភិបាល ប្រទេសអាហ្វហ្គានីស្ថាន បានសម្រេចដើរទៅរកថាមពលបៃតង តាមរយៈការបង្កើតជាស្ថានីយ៍ថាមពលអគ្គីសនី ដោយប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ ក្រោមការគាំទ្រពីអន្តរជាតិ ដោយនឹងចំនាយថវិការជាតិជាង ១៦០ លានដុល្លារអាមេរិក។

អ្នកនាំពាក្យរដ្ឋាភិបាល អាហ្វហ្គានីស្ថាន បានឱ្យដឹងថា រដ្ឋាភិបាល បានសម្រេចដើរទៅរកថាមពលបៃតង ស្របពេលដែលលទ្ធផលនាពេលបច្ចុប្បន្នបានបង្ហាញឱ្យដឹងយ៉ាងច្បាស់ថា ភពផែនដី បានប្រែប្រួលខ្លាំង ដោយសារតែឥទ្ធិពលនៃគ្រោះធម្មជាតិជាច្រើន។ ការសម្រេចបង្កើតស្ថានីយ៍ថាមពលអគ្គិសនីនេះ ប្រើប្រាស់ថវិការជាតិចំនួនច្រើនជាង ១៦០ លានដុល្លារ ក្រោមកិច្ចសហប្រតិបត្តិការជាអន្តរជាតិ ជាមួយនឹងសហរដ្ឋអាមេរិក ទូរគី និងឥណ្ឌា។

គម្រោងនេះ នឹងអភិវឌ្ឍឡើងដោយក្រុមហ៊ុនក្នុងស្រុកធំៗចំនួន ៣ រួមមាន Kabul, Balkh និង Herat ជាដៃគូរសហការជាមួយនឹងប្រទេសទាំង ៣ នៅក្នុងកិច្ចព្រមព្រៀង។ លោក Lima Khoram រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច នៃប្រទេសអាហ្វហ្គានីស្ថាន បានបង្ហាញនូវចំណាប់អារម្មណ៍ថា “នៅពេលដែលយើងចាប់ផ្ដើមអនុវត្តគម្រោងមួយនេះ យើងនឹងមិនតែជាសក្សីជុំវិញការរីកចំរើននៃកម្លាំងថាមពលក្នុងប្រទេសប៉ុណ្ណោះទេ តែនៅផ្នែកផ្សេងៗទៀត ដែលមានតម្រូវការក្នុងការអភិវឌ្ឍទៅមុខនៅក្នុងវិស័យសំខាន់ៗផ្សេងទៀត។ យើងនឹងឃើញមានការរីកចំរើនច្រើន ជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាវិនិយោគិនជាតិ និងអន្តរជាតិផងដែរ”។

គម្រោងថាមពលបៃតង ដំណើរការដោយពន្លឺព្រះអាទិត្យ តាមរយៈការប្រើប្រាស់ផ្ទាំងសូឡា និងកង្ហារ នេះដោយកម្លាំងខ្យល់ នឹងរួមចំណែកផលិតបានជាថាមពលកម្លាំង ១១០ មេហ្គាវ៉ាត់ នៅក្នុងរយៈពេល ១៦ ខែក្រោយនេះ ស្របទៅតាមគម្រោង ដែនបនគ្រោងទុក។ ស្ថិតក្នុងអានុភាពសរុបនេះ ត្រូវបានបែងចែកជា ៤ គម្រោងធំៗ ដោយគម្រោងទីមួយ នឹងអាចផលិតបាន ៤០ មេហ្គាវ៉ាត់ មានទីតាំងស្ថិតនៅភាគខាងជើងនៃខេត្ត Balkh និងគម្រោងទីពីរ និងទីបី មានទាំងផ្ទាមងសូឡាផង និងថាមពលខ្យល់ផង អាចផលិតបានកម្លាំង ២៥ មេហ្គាវ៉ាត់ស្ថិតនៅភាគលិចខេត្ត Herat Province និងនៅក្បែច្រកព្រំដែនប្រទេសអ៊ីរ៉ង់។ ចុងក្រោយគេ ស្ថិតនៅភាគខាងកើតទីក្រុង Kabul ដោយប្រើប្រាស់ផ្ទាំងសូឡាអណ្ដែតលើផ្ទៃទឹក នៃទំបន់វារីអគ្គិសនី Naghlu Dam។

បច្ចុប្បន្ន ប្រទេសអាហ្វហ្គានីស្ថាន បានទិញកម្លាំងថាមពលអគ្គិសនីជាង ១,២០០ មេហ្គាវ៉ាត់ ពីប្រទេសជិតខាង រួមមាន អ៊ឺរ៉ង់ (Iran) អ៊ូសបេគីស្ថាន (Uzbekistan) តូមិននីស្ថាន (Turkmenistan) និង Tajikistan ជាដើម ដោយថាមពលក្នុងស្រុកអាចផលិតបានតែជាង ៤០០ មេហ្គាវ៉ាត់ប៉ុណ្ណោះ ចេញពីទំនប់វារីអគ្គិសនី Naghlu Dam ខណៈតម្រូវការមានដល់ទៅ ៧,៥០០ មេហ្គាវ៉ាត់ សម្រាប់ផ្គត់ផ្គង់ទៅដល់រដ្ឋ និងប្រជាពលរដ្ឋជាង ៣៣ លាននាក់៕