ឡុងដ៍៖ កម្មវិធីជួបជុំ ឬមានការប្រមូលផ្ដុំមនុស្សច្រើន ឬជាក្រុម ត្រូវបានហាមឃាត់មិនឱ្យកើតមានឡើងនោះទេ ទោះស្ថិតក្នុងរូបភាព ឬករណីណាក៏ដោយ នៅចក្រភពអង់គ្លេស ដើម្បីទប់ស្កាត់ការឆ្លង និងរីករាលដាលនៃជំងឺកូវីដ ១៩ នៅក្នុងសហគមន៍។ យ៉ាងណាមិញ នៅពេលនេះពលរដ្ឋអង់គ្លេសទាំងអស់ អាចមានលទ្ធភាពរៀបចំពិធីអាពាហ៍ពិពាហ៍នៅខាងក្រៅផ្ទះវិញបានហើយ ក្រោយពីផ្អាកអស់ជាង ១ ឆ្នាំកន្លងមក។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលអង់គ្លេស នាដើមសប្ដាហ៍នេះបានឱ្យដឹងថា នឹងបើកឱ្យមានការរៀបអាពាហ៍ពិពាហ៍ក្រៅសាសនា (Non-religious wedding) ឡើងវិញ និងជាលើកដំបូងបង្អស់គិតចាប់តាំងពីពេលមានការវាយប្រហារនៃជំងឺកូវីដ ១៩ រួចមក។ ការអនុញ្ញាតនេះ ធ្វើឡើងដើម្បីសម្រួលទៅដល់គូស្នេហ៍ជាច្រើន ដែលបាននឹងកំពុងរង់ចាំ រៀបអាពាហ៍ពិពាហ៍នៅខាងក្រៅ (Outdoor) ជាជាងការរៀបអាពាហ៍ពិពាហ៍ នៅក្នុងបន្ទប់បែបលក្ខណៈឯកជន។
តាមការបញ្ជាក់របស់ក្រសួងយុត្តិធម៌អង់គ្លេស បានបញ្ជាក់ឱ្យដឹងដូច្នេះថា សេចក្ដីអនុញ្ញាតនេះ ធ្វើឡើងនៅក្នុងកម្មវិធី (Boost to the wedding sector) របស់រដ្ឋាភិបាល។ វាគឺជាដំណាក់កាលដំបូងសិនប៉ុណ្ណោះ ដោយបច្ចុប្បន្នមានតែជនជាតិ Jewish និង Quaker ទេដែលអាចប្រារព្ធអាពាហ៍ពិពាហ៍នៅតាមទីសាធារណៈបាន ខណៈពលរដ្ឋដែលមានសញ្ជាតិផ្សេងៗទៀត នៅតែបន្តរៀបអាពាហ៍ពិពាហ៍នៅក្នុងទីកន្លែងជាក់លាក់ ក្រោមការអនុញ្ញាត និងកំណត់ដោយរដ្ឋាភិបាលប៉ុនញណោះ។
លោក Robert Buckland រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អង់គ្លេសបានបញ្ជាក់ដូច្នេះថា គិតចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះតទៅ ពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រទីក្រុងឡុងដ៍ និងតំបន់ Wales ទាំងអស់ ត្រូវបានអនុញ្ញាតឱ្យរៀបអាពាហ៍ពិពាហ៍ក្រៅសាសនា និងរៀបចំអាពាហ៍ពិពាហ៍តាមទំនៀមទម្លាប់ (Civil Partnership Ceremonies) បានហើយ នៅក្នុងតំបន់ ដែលទទួលបានការអនុញ្ញាតពីរដ្ឋាភិបាល ដូចជានៅតាមសណ្ឋាគារជាដើម។ សេចក្ដីសម្រេចនេះ នឹងមានអានុភាពរហូតដល់ខែមេសា ឆ្នាំ២០២២ តែពីមួយគ្រា ទៅមួយគ្រា រដ្ឋាភិបាល នឹងធ្វើការពិចារណាបន្ថែមអំពីភាពបត់បែន តាមកាលៈទេសៈ។
ការអនុញ្ញាតឱ្យរៀបអាពាហ៍ពិពាហ៍នៅខាងក្រៅឡើងវិញ តាមការកំណត់ទីតាំងជាក់លាក់ពីរដ្ឋាភិបាលនេះ រំពឹងថានឹងសម្រួលទៅដល់ការគ្រប់គ្រងស្ថានការណ៍ជាក់ស្ដែង នៃការឆ្លង ដែលអាចនឹងកើតមានឡើងជាយថាហេតុ ព្រោះថាករណីឆ្លងថ្មីនៅចក្រភពអង់គ្លេស នៅតែបន្តកើតមានឡើងដដែល។ រដ្ឋាភិបាលអង់គ្លេស ក៏នឹងពិចារណាទៅលើការដាក់ចេញជាបទបញ្ជា ឬសេចក្ដីណែនាំថ្មីៗបន្ថែមទៀត ប្រសិនបើស្ថានការណ៍អំណោយផល ដូចជាការពង្រីកបន្ថែមនៃការរៀបចំកម្មវិធី ឬមធ្យោបាយជាដើម។ ពលរដ្ឋជាច្រើនបានសាទរ ទៅនឹងសេចក្ដីសម្រេចនេះ តែមិនត្រូវភ្លេច ឬមើលរំលងជំងឺកូវីដ ១៩ ឡើយ៕