គម្រោងសាងសង់អគារខ្ពស់ៗ ចំនួន ៩ ផ្សាភ្ជាប់គ្នាដោយស្ពានអាកាស អមជាមួយសួនច្បារធម្មជាតិ

ការរស់នៅក្នុងទីក្រុង នឹងកាន់តែសំបូរបែប និងមានភាពទាន់សម័យ ដោយសារតែតម្លៃដីថ្លៃ ដូច្នេះការបង្កើតអគារខុនដូ ជាប្រភេទសហកម្មសិទ្ធិ គឺជារឿងមួយមិនអាចខ្វះបាន។ ដើម្បីចំនេញទីធ្លាបន្ថែមទៀតនោះ ការសាងសង់នៅលើផ្លូវរថភ្លើង គឺជាជម្រើសប្រសើរមួយ ដោយពុំចាំធ្វើដំណើរបន្តមកកាន់លំនៅឋាន អាចឈប់នៅក្នុងអគារជាន់ក្រោម ហើយឡើងតាមជណ្ដើរយន្តមកកាន់បន្ទប់បានយ៉ាងងាយស្រួល។

គម្រោងសាងសង់អគារខុនដូចំនួន ៩ មានឈ្មោះហៅជាផ្លូវការថា The Orca មានរចនាបទប្លែក ផ្សាភ្ជាប់គ្នាដោយស្ពានអាកាស ដែលអាចធ្វើដំណើរពីអគារមួយ ទៅអគារមួយផ្សេងទៀត អមមជាមួយនឹងសួនច្បារធម្មជាតិ មានផ្កាចម្រុះ ដែលដើរតួជាស្ពានឆ្លងកាត់ផង និងជាកន្លែងសំរាកលំហែអារម្មណ៍ ត្រូវបានបង្ហាញខ្លួន ក្រោមស្នាដៃឌីហ្សាញឡើងដោយក្រុមស្ថាបត្យករ Safdie Architects។ គម្រោងសាងសង់អគារនេះ នឹងត្រៀមបង្ហាញខ្លួននៅក្នុងទីក្រុង Toronto ប្រទេសកាណាដា ជាការឆ្លើយតបនៃកំណើនប្រជាជន កំពុងកើនឡើងជាបន្តបន្ទាប់។

អគារខុនដូទាំង ៩ ផ្សារភ្ជាប់ដោយស្ពានអាកាសនេះ សាងសង់ឡើងនៅលើផ្ទៃដីមានទំហំសរុប ៤៧៤,០០០ ម៉ែត្រក្រឡា មានទទឹងដីជាង ១០០ ម៉ែត្រ និងបណ្ដោយដីជាង ៨០០ ម៉ែត្រ។ ផ្នែកខាងលើគឺជាអគារសម្រាប់ការិយាល័យការងារមានចំនួន ១ និងអគារ ៨ ផ្សេងទៀត គឺជាអគារខុនដូសម្រាប់ការរស់នៅជាលំនៅឋាន ចែកចេញជាខុនដូចំនួន ៣,០០០ យូនីត។ នៅផ្នែកខាងក្រោមអគារ ក៏បង្កើតឱ្យមានជាហាងលក់ទំនិញ ភោជនីយដ្ឋាន ចំណតរថយន្ត ផ្ដល់នូវភាពងាយស្រួលជុំវិញការរស់នៅ ដោយពុំចាំបាច់ធ្វើដំណើរទៅឆ្ងាយ។

ម្យ៉ាងវិញទៀត នៅផ្នែកខាងក្រោមគេបង្អស់នៃអគារ គឺជាផ្លូវរថភ្លើងទីក្រុង ផ្ដល់ភាពងាយស្រួល និងឆាប់រហ័សក្នុងការធ្វើដំនើរទៅកាន់គោលដៅផ្សេងក្នុងទីក្រុង និងវិលត្រឡប់ពីកន្លែងផ្សេងចូលទៅក្រោមអគារ ដោយពុំចាំបាច់ចំនាយថវិការលើថ្លៃសេវាកម្មធ្វើដំណើរផ្សេងទៀត។ ជាន់ផ្ទាល់ដី ក្រៅពីអគារ ក៏មានការសាងសង់បង្កើតជាឧទ្យានបៃតង សម្រាប់ឱ្យម្ចាស់លំនៅឋាន អ្នកធ្វើការនៅក្នុងសហគមន៍ ឬអ្នករស់នៅក្បែនោះមកលំហែកាយ ស្រូបយកខ្យល់អាកាស និងរីករាយជាមួយធម្មជាតិនៅចំកណ្ដាលទីក្រុងទៀតផង។

តាមការបញ្ជាក់របស់ក្រុមស្ថាបត្យករបានឱ្យដឹងថា ការរៀបចំប្លង់ រចនាបទឌីហ្សាញ គំនិតច្នៃប្រឌិត និងការបង្កើកថ្មីនេះ គឺជាកិច្ចសហប្រតិបត្តិការជាមួយក្រុមស្ថាបត្យករ PWP Landscape Architecture។ ការបង្កើតជាអគារទាំង ៩ នៅចំកណ្ដាលទីក្រុងនេះឡើង ដោយសារតែមានការកើនឡើងនៃចំនួនប្រជាជន ពីមួយឆ្នាំទៅមួយឆ្នាំ តម្រូវការលំនៅឋាន ក៏ដូចជាការធ្វើដំនើរនៅតាមរថភ្លើងទីក្រុងមានការកើនឡើងយ៉ាបឆាប់រហ័ស ហេតុនេះ ការបង្កើតជាអគារនៅក្នុងសហគមន៍មួយ ដែលមានភាពងាយស្រួលក្នុងការឆ្លងកាត់ គឺជាបទពិសោធន៍ថ្មីមួយ គួបផ្សំជាមួយនឹងសួនច្បារធម្មជាតិ។