សារមន្ទីរថ្មីមួយ ដែលមានរូបរាងប្លែក ស្ថិតនៅជាត់ដៃសមុទ្រដ៏ស្រស់ស្អាត នៅឯប្រទេសន័រវែស (Norway) បានបញ្ចប់ការសាងសង់ហើយ ជាសារមន្ទីរប្រណិត បង្កើតឡើងក្រោមស្នាដៃស្ថាបត្យករមកពីប្រទេសអេស្ប៉ាញ ដោយបង្កើតឡើងដើម្បីឧទ្ទិសទៅដល់វិចិត្រករ Edvard Munch។
Munch គឺជាសារមន្ទីរធំជាងគេបំផុតក្នុងពិភពលោក ដែលប្រមូលផ្ដុំទៅដោយស្នាដៃអស្ចារ្យជាច្រើននៅក្នុងសម័យកាលជាច្រើន និងយូលុងណាស់មកហើយ និងបានចងក្រងឡើង ក៏ដូចជាប្រមូលផ្ដុំគ្នាមកកន្លែងតែមួយ សម្រាប់ចែករំលែកនូវចំនេះដឹង ស្នាដៃសិល្បៈល្អៗ គំនិតច្នៃប្រឌិត ប្រពៃណីទំនាមទំលាប់ ជាដើម ដែលមានទំនាក់ទំនងទៅនឹងការគូ ឬផ្ទាំងគំនូរ ទៅកាន់មនុស្សជំនាន់ក្រោយ ឱ្យបានធ្វើការសិក្សា ស្វែងយល់ឱ្យកាន់តែប្រសើរ។
សារមន្ទីរនេះ ត្រូវបានឌីហ្សាញឡើងនៃតួអគារខាងក្រៅជា ២ ពណ៌ ស្រអាប់ និងកញ្ចក់ថ្លានៅផ្នែកខាងលើ ដែលមានរចនាបទចេញមកខាងក្រៅប្រៀបបានដូចអគារកំពុងតែផ្អៀងដូច្នោះដែរ។ ការឌីហ្សាញឡើងបែបនេះ លោក Juan Herreros ប្រធានដឹកនាំគម្រោងសាងសង់នេះបញ្ជាក់ថា គឺដើម្បីបង្ហាញទៅដល់សាធារណៈជនថា សារមន្ទីរបើកស្វាគមន៍គ្រប់ពេលវេលា។ សម្រាប់ផ្នែកផ្សេងត្រូវបានការពារជុំវិញដោយវត្ថុដែលត្រូវបានកែច្នៃ (Recycle) នៅជុំវិញតួអគារ ដើម្បីការពារពីកម្ដៅ ខ្យល់ ភ្លៀង និងផ្នែកខ្លះទៀតជាលោហៈមានរន្តតូចៗ អាចឱ្យយើងមើលទៅខាងក្រៅបាន។
សារមន្ទីរ Munch មានកម្ពស់ ៥៧.៤ ម៉ែត្រ សរុប ១៣ ជាន់ និងមានផ្ទៃក្រឡាទាំងមូលច្រើនជាង ២៦,០០០ ម៉ែត្រក្រឡា ជាទំហំធំជាងសារមន្ទីរ Munch ចាស់ ដែលមានទីតាំងស្ថិតនៅទីក្រុង Yoyen ដល់ទៅ ៥ ដងឯណោះ។ ម្យ៉ាងទៀតសារមន្ទីរថ្មីជំនួសឱ្យសារមន្ទីរចាស់ ក៏នឹងបើកទទួលភ្ញៀវ ២៤ ម៉ោងទៀតផង ដោយមិនគិតថាថ្ងៃ ឬយប់នោះទេ ដោយអ្នកចូលទស្សនា អាចចូលបានគ្រប់ពេលវេលា ហើយអាចឡើងទៅជាន់ខាងលើ ដើម្បីទទួលទានអាហារ មើលទីក្រុងធំវិញ ក៏ដូចជាជួរភ្នំជាច្រើនថែមទៀតផង។
ក្រៅពីដើរតួនាទីជាសារមន្ទីរធំជាងគេនៅក្នុងប្រទេស Munch ក៏ផ្ដល់នូវការរៀបចំសម្រាប់ការតាំងពិពណ៌ ការប្រគុំតន្ត្រី សិក្ខាសាលា និងមួយចំនួនផ្សេងទៀតផងដែរ។ សារមន្ទីរនេះ គ្រោងនឹងបើកទទួលភ្ញៀវជាផ្លូវការនាថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះឯង ដោយនាំមកនូវស្នាដៃសិល្បៈជាច្រើន ដែលមាននៅក្នុងសារមន្ទីរចាស់ និងមានការរៀបចំការតាំងពិពណ៌បន្ថែមផងទៀតផង៕