ក្រសួងដឹកជញ្ជូនថៃ ទើបបានប្រកាសចេញនូវគម្រោង ធ្វើទំនើបកម្មរថភ្លើងក្នុង ប្រទេសរបស់ខ្លួន ដំណាក់កាលទី២ ដែលគ្រោងចំណាយ ថវិកាសរុប ៣០០ ពាន់លានបាត ឬប្រហែល ៨,៨ ពាន់លានដុល្លារ ចាប់ផ្ដើមពីឆ្នាំ២០២៥ តទៅ ជាមួយនឹងការសាងសង់ ផ្លូវដែកភ្លោះ ចំនួន ៦ ខ្សែ។
ផ្លូវរថភ្លើងភ្លោះទៅមក ចំនួន ៦ ខ្សែនោះរួមមាន៖ ផ្លូវរថភ្លើង Pak Nam Pho ទៅកាន់ Den Chai មានប្រវែង ២៨១ គីឡូម៉ែត្រ, ផ្លូវរថភ្លើង Hat Yai ទៅកាន់ Padang Besar មានប្រវែង ៤៥ គីឡូម៉ែត្រ, ផ្លូវរថភ្លើង Chumphon ទៅកាន់ Surat Thani មានប្រវែង ១៦៨ គីឡូម៉ែត្រ, ផ្លូវរថភ្លើង Surat Thani ទៅកាន់ Hat Yai និងហួសទៅកាន់ Songkhla មានប្រវែងសរុប ៣២១ គីឡូម៉ែត្រ និងផ្លូវរថភ្លើង Den Chai ទៅកាន់ Chiang Mai មានប្រវែង ១៨៩ គីឡូម៉ែត្រ។
លោក Suriya Jungrungreangkit រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ បានបញ្ជាក់ថា គម្រោងទាំងនេះ ត្រូវបានអនុម័តរួចរាល់ ដោយក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម និងរៀបចំកញ្ចប់ថវិកាដោយ ក្រសួងហិរញ្ញវត្ថុថៃ ដោយនឹងចាប់ផ្ដើមពីខែមករា ឆ្នាំ២០២៥ តទៅ គឺជាការធ្វើទំនើបកម្មទ្រង់ទ្រាយធំ លើខ្សែផ្លូវដែក ដែលមានស្រាប់ក្នុងប្រទេស សម្រាប់បំពេញតម្រូវការ ធ្វើដំណើរកើនឡើង។
លើសពីនេះទៀត រាជរដ្ឋាភិបាលថៃ កំពុងពិចារណា លើគម្រោងរថភ្លើងល្បឿនលឿន បាងកក-ណងខៃ មានប្រវែង ៣៥៧ គីឡូម៉ែត្រ គ្រោងចំណាយថវិកា ៩,៨ ពាន់លានដុល្លារ រំពឹងថានឹងអាចចាប់ផ្ដើមនៅឆ្នាំ២០២៥ និងគម្រោងសាងសង់ផ្លូវរថភ្លើងភ្លោះ ណងខៃ-ខនកែន ជាការតភ្ជាប់បណ្ដាញផ្លូវដែកភាគឦសានប្រទេសថៃ ក្រោមកិច្ចសហការរវាង State Railway of Thailand (SRT) និងក្រុមហ៊ុនសំណង់ AS Construction ដែលមានប្រវែង ១៦៧ គីឡូម៉ែត្របន្ថែមទៀត គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៨។
ប្រភព៖ eVnExpress