ទេសចរណ៏ ទឹកឈូ ឬក៏គេច្រើនហៅថា កំពតទឹកឈូ, ជ្រោះទឹកឈូ មានទីតាំងស្ថិតនៅ ភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត និងមានចម្ងាយប្រហែល ~10km ពីរង្វង់មូលធូរេន។ ទេសចរណ៏ ទឹកឈូ ស្ថិតនៅក្នុងប្រភេទ៖ ទឹកជ្រោះឬទឹកធ្លាក់, ទេសចរណ៍ធម្មជាតិ។ រីឯចំណុចសំខាន់ៗនៅ ទេសចរណ៏ ទឹកឈូ មានដូចជា៖ លេងទឹកឬហែលទឹក, ទស្សនាទេសភាពព្រៃភ្នំ, រៀបចំអាហារដោយខ្លួនឯង, ម្ហូប និងចំណុចផ្សេងៗទៀត។
រមណីយដ្ឋានទឹកឈូ ជារមណីយដ្ឋានដែលមានវ័យចំណាស់ជាងគេបន្ទាប់ពីរមណីយដ្ឋានភ្នំបូកគោ។ រមណីយដ្ឋានទឹកឈូជាតំបន់មានទឹកធ្លាក់ហូរកាត់តាមជ្រលងភ្នំកំចាយទៅតាមព្រែករហូតដល់ទីរួមខេត្ត កំពត ដែលជាប្រភពទឹកសាបយ៉ាងសំខាន់ សម្រាប់ផ្គត់ផ្គង់ដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅជុំវិញ ទីរួមខេត្តកំពតផងដែរ។ ក្រៅពីនោះ យើងក៏អាចគយគន់នូវទេសភាពចម្ការដំណាំហូបផ្លែជាច្រើនមុខរបស់ ប្រជាពលរដ្ឋដែលរស់នៅទីនោះនៅអមសងខាងផ្លូវផងដែរ ជាពិសេសចម្ការទុរេន ជាដំណាំដ៏ល្បីល្បាញ របស់ខេត្តមួយនេះ។
រមណីយដ្ឋានទឹកឈូ បានក្លាយជាទីពេញនិយមរបស់ភ្ញៀវទេសចរ ដែលតែងតែទទួលការសរសើរមិនដាច់ពីមាត់ ចំពោះសម្រស់ទឹកហូរថ្លាឈ្វេង។ រមណីយដ្ឋានទឹកឈូ មានខ្សល់ត្រជាក់បរិសុទ្ធ និងមានភ្នំតូច ភ្នំធំ ព័ទ្ធជុំវិញថែមទៀតផង។ ភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចធ្វើដំណើរចេញពីផ្សារសាមគ្គីខេត្តកំពត ទៅស្ពានព្រែកកំពតឆ្លងកាត់ស្ពានបន្តិចបត់ស្តាំទៅត្រង់ប្រមាណជា៨គីឡូម៉ែត្រ ពេលនោះនឹងប្រទះភ្នែកឃើញរមណីយដ្ឋាន ទឹកឈូជាមិនខានឡើយ។