អាជ្ញាធរជាតិអប្សរា បានដាក់ឱ្យដំណើរការវង់ទស្សនាថ្មីនៅប្រាសាទបាយ័ន ក្នុងន័យដើម្បីសម្រួលដល់ រំហូរការចូលទស្សនារបស់ភ្ញៀវទេសចរក្នុងប្រាសាទកុំឱ្យកកកុញ។ លោក សេង សុធារ៉ា អនុប្រធាន នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ការរៀបចំវង់ទស្សនាថ្មីនៅប្រាសាទ បាយ័ននេះ ដើម្បីរៀបចំរំហូរភ្ញៀវតាមប្រាសាទឱ្យមានលំដាប់លំដោយ ចៀសវាងការកកស្ទះ ដើរទស្សនា ផ្ទាំងចម្លាក់រឿងមិនគ្រប់ជ្រុងជ្រោយ។ លោក សុធារ៉ា បញ្ជាក់ថា ការរៀបចំនេះ ក៏ក្នុងបំណងឱ្យទេសចរ បានដឹងពីគុណតម្លៃប្រាសាទដែលមានដូចជាប្រវត្តិសាស្រ្ត ក្បាច់ចម្លាក់ ក្នុងរោងទងទាំងអស់ដែលកន្លង មកទេសចរតែងទស្សនារំលងទិដ្ឋភាពខ្លះ និងជួយរក្សាគម្លាតសុវត្ថិភាពដល់ទេសចរ ខណៈដែលជំងឺកូវីដ ១៩ មិនទាន់ទៅណាឆ្ងាយ។
ការធ្វើដូច្នេះ អាចកាត់បន្ថយពីហានិភ័យ រក្សាគម្លាតបានច្រើន ស្របតាមគោលការណ៍ណែនាំរបស់ ក្រសួងសុខាភិបាល។ លោក សុធារ៉ា បន្តថា វង់ទស្សនាថ្មីនេះមានជំរើសក្នងការទស្សនាចំនួន៣ខ្សែ ដោយរៀបចំនៅជាន់ទី១ និងទី២ ស្របពេលដែលជាន់ទី៣ បានបិទបណ្ដោះអាសន្នដើម្បីជួសជុល។ ខ្សែទី១ មានរយៈពេល១ម៉ោងនិង៤៥នាទី ខ្សែទី២ មានរយៈពេល ៥៥នាទី និងខ្សែទី៣ មានរយៈពេល ៤៥នាទី។ បន្ថែមពីនេះ ការរៀបចំវង់ទស្សនាថ្មីនេះ ក៏មានការរៀបចំចំណុចទីតាំងដែលថតរូបភាពស្អាត ចំនួន៤កន្លែង ដើម្បីឱ្យទេសចរផ្តិតរូបភាពពួកគេ ជាមួយចំណុចពិសេសទាំងនោះ។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរាក៏បានរៀបចំផ្ទាំងព័ត៌មានថ្មីនៅតាមរោងទង ចំនួនបីភាសាផងដែរ មានភាសាខ្មែរ អង់គ្លេស និងចិន។
លោកអនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ បន្ថែមថា កន្លងមកអាជ្ញាធរជាតិអប្សរា ធ្លាប់បានរៀបចំ វង់ទស្សនានេះនៅតាមប្រាសាទផ្សេងៗទៀតរួចហើយ ដូចជាប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម និង ប្រាសាទបន្ទាយស្រីជាដើម។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរាក៏កំពុងគិតគូរក្នុងការរៀបចំតាមប្រាសាទ ដទៃទៀតផងដែរ ក្នុងន័យលើករៀបចំរំហូរវង់ទស្សនារបស់ទេសចរ និងលើកពីគុណតម្លៃប្រាសាទទាំង នោះជាដើម៕