ការវិវឌ្ឍន៍ខ្លួននៃស្ថាបត្យកម្មសំណង់ នៅបារាំង ពីមួយជំនាន់ទៅមួយជំនាន់ ត្រូវបានផ្លាស់ប្ដូរ ទៅតាមតម្រូវការសង្គម បរិបទនៃការរស់នៅ ស្ថានភាពសេដ្ឋកិច្ច និងការផ្លាស់ប្ដូររបបនៃការរស់នៅ ដោយយោងទៅលើកត្តាសេដ្ឋកិច្ច គួបផ្សំនឹងអាកាសធាតុផងដែរ។ ក្នុងដំណើរការនេះ ក្រុមស្ថាបត្យកម្ម PolyBloc បានរៀបចំស្នាដៃថ្មី ក្នុងការនាំយកធម្មជាតិបៃតង ផ្សាភ្ជាប់ទៅនឹងសំណង់អគារ និងកំពុងទទួលបានការចាប់អារម្មណ៍ពីពលរដ្ឋបារាំង និងក្នុងឆាកអន្តរជាតិ។
ស្នាដៃស្ថាបត្យកម្មថ្មីនេះ បង្កើតឡើងដើម្បីធានាទៅដល់បរិស្ថាន ការចំនាយតិច និងងាយស្រួលក្នុងការសាងសង់ ថែមទាំងមានលទ្ធភាពគ្រប់គ្រាន់សម្រាប់បម្លាស់ទី ពីកន្លែងមួយទៅកន្លែងមួយផ្សេងទៀត ដោយយកលំនាំតាមសំណង់អគាររបស់ជនជាតិជប៉ុន។ តាមរយៈការរៀបចំ ដោយប្រើប្រាស់ទូកុងទីន័រ ដែលត្រូវបានកាត់ និងកែច្នៃដាក់ជាបង្អួច និងទ្វារចេញចូល សំណង់អគារដែលមានឈ្មោះហៅថា PolyRoom អាចបង្កើតទៅជាសំណង់អគារកម្ពស់ ៧ ជាន់ រំលេចមកជាមួយរុក្ខជាតិបៃតង ឬជាលំនៅឋានទោលក៏បាន។
ដើម្បីតម្លើងគឺងាយស្រួល ដោយគ្រាន់តែប្រើប្រាស់ឡានស្ទូច លើកប្រអប់កុងទីន័រ ដាក់ត្រួតលើគ្នា ដោយតភ្ជាប់ជាមួយនឹងគន្លឹះធានាទៅដល់សុខសុវត្ថិភាព ទៅតាមតម្រូវការ និងការបញ្ជាទិញពីសំណាក់អតិថិជន។ នៅក្នុងទូកុងទីន័រនីមួយៗ ត្រូវបានឌីហ្សាញឡើងជាពិសេស ទៅតាមការពេញចិត្ត និងការចង់បាន ដោយអាចភ្ជាប់មកជាមួយនឹងគ្រឿងសង្ហារឹម ទៅតាមតម្រូវការទៀតផង ដោយគ្រឿងសង្ហាររឹមទាំងនោះ មានសមត្ថភាពអាចកាច់ និងបត់បែនបាន ដើម្បីចំនេញទៅដល់ទំហំក្រឡាផ្ទៃសម្រាប់ការប្រើប្រាស់ផ្សេងទៀត។
យោងតាមការបញ្ជាក់របស់ក្រុមវិស្វករ បានឱ្យដឹងដូច្នេះថា ការបង្កើតជាគម្រោង PolyRoom នេះឡើងមិនមែនផ្ដោតសំខាន់ទៅលើការសាងសង់អគារ ដែលចំនាយពេលវេលាខ្លី ថវិការតិចនោះទេ តែជាការបង្កើតឱ្យបានក្លាយទៅជាលំនៅឋានល្អមួយតាមបែបវិទ្យាសាស្ត្រទំនើប ជាជាងការសាងសង់តាមបែបប្រពៃណី ដែលយើងតែងតែធ្វើឡើង។ ម្យ៉ាងទៀត ការបង្កើតសំណង់ប្រភេទនេះឡើងក៏ដើម្បីជួយដោះស្រាយទៅដល់បរិស្ថានផែនដីនាពេលអនាគត បំពេញទៅដល់សេចក្ដីត្រូវការរបស់មនុស្ស តាមរយៈការនាំយកធម្មជាតិចូលទៅកាន់តែជិត ហើយយកស្នាដៃនោះបង្កើនសម្រស់អគារឱ្យមានភាពទាក់ទាញ តាមរយៈការបង្កើតភាពច្នៃប្រឌិតថ្មីៗផងដែរ។
គម្រោង PolyRoom ចាប់ផ្ដើមបង្ហាញស្នាដៃគំរូសាកល្បងជាលើកដំបូង កាលពីខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ ដោយបែងចែកទៅជាប្រភេទ អាស្រ័យទៅតាមទំហំនៃអគារ ដោយមានចាប់ពី ២១ ម៉ែត្រក្រឡា ទៅ ៥៤ ម៉ែត្រក្រឡា នៃមួយទូកុងទីន័រ។ សម្រាប់ការរៀបចំលក់ នៅមិនទាន់ប្រកាសចេញជាផ្លូវការនៅឡើយទេ តែក្រុមការងារនឹងនាំយកស្នាដៃនេះចូលរួមព្រឹត្តិការតាំងពិព័រណ៌ផ្សេងៗ ផងដែរ ពិសេសបន្តកែច្នៃ និងអភិវឌ្ឍសំណង់ប្រភេទនេះឱ្យមានភាពទាក់ទាញបន្ថែមទៀត៕