រដ្ឋាភិបាលឥណ្ឌា សម្រេចចុះ MOU ជួយជួសជុលប្រាសាទបុរាណក្នុងរមណីយដ្ឋានសំបូរព្រៃគុក

សៀមរាប៖ រដ្ឋាភិបាលឥណ្ឌា បានចុះអនុស្សរណៈជាមួយអាជ្ញាធរជាតិសំបូរព្រៃគុក ដើម្បីធ្វើការជួសជុលប្រាសាទចាស់ៗនៅក្នុងតំបន់ ធ្វើយ៉ាងណាឱ្យមានលទ្ធផលល្អប្រសើរឡើង ដើម្បីរក្សាឱ្យបាននូវស្នាដៃមរតកដូនតាខ្មែរ ទុកបង្ហាញទៅដល់មនុស្សជំនាន់ក្រោយ។

អាជ្ញាធរជាតិសំបូរព្រៃគុក នឹងសហការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា ដើម្បីធ្វើការជួសជុល និងសង្គ្រោះប្រាសាទគុក ឬហៅម្យ៉ាងទៀតថា ប្រាសាទអាស្រមមហាឥសី ស្ថិតក្នុងតំបន់ប្រាសាទសម្បូរព្រៃគុក។ សេចក្ដីសម្រេចនេះធ្វើឡើងតាមរយៈការចុះអនុស្សរណៈ ធ្វើឡើងរវាងលោក ផាន់ ណាឌី ជាមួយលោកស្រី Devyani KHOBRAGADE ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ស្ថិតក្នុងកិច្ចប្រជុំពេញអង្គលើកទី២៨ នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ អភិរក្ស និងអភិវឌ្ឍន៍រមណីដ្ឋានប្រវត្តិអង្គរ។

តាមការបញ្ជាក់របស់លោក ផាន់ ណាឌី អគ្គនាយកនៃអាជ្ញាធរជាតិសំបូរព្រៃគុក បានឱ្យដឹងថា ការចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយស្ថាប័នប្រទេសឥណ្ឌា គឺដើម្បីឈានដល់ការជួសជុលប្រាសាទគុក ឬប្រាសាទអាស្រមមហាឥសី។ លក្ខណៈនៃក្រុមប្រាសាទសំបូរព្រៃគុក គឺប្រាសាទភាគច្រើនសង់ពីឥដ្ឋ ដោយការជួសជុលនេះគឺផ្ដោតលើគម្រោងជួសជុលប្រាសាទគុក ឬប្រាសាទអាស្រមមហាឥសី ដែលសង់ពីថ្មភក់ហើយប្រាសាទនេះ មានរចនាបទស្រដៀងគ្នាទៅនឹងប្រាសាទរបស់ឥណ្ឌាទើបធ្វើ ឱ្យឥណ្ឌាចាប់អារម្មណ៍លើគម្រោងជួសជុលនោះ។

គួររំលឹកថា អាជ្ញាធរជាតិសំបូរព្រៃគុក បានចាប់ផ្ដើមការងារជួសជុលចាប់តាំងពីដើមឆ្នាំ២០១៧ ដោយផ្តោតសំខាន់លើ ២ចំណុច ទី១ ជួយអន្តរាគមន៍បន្ទាន់លើការជួសជុល ការថែទាំប្រាសាទបុរាណដែលជាប្រភេទប្រាសាទឥដ្ឋ មានវ័យចំណាស់ជាងគេ តាំងពីសតវត្សរ៍ទី៧ គឺមុនសម័យអង្គរទៅទៀត ដែលកំពុងប្រឈមនឹងការជ្រុះបាក់បែក។ ចំណែក ចំណុចទី២ គឺ យកចិត្តទុករៀបចំលំនៅដ្ឋាន និងសំណង់នានារបស់ប្រជាពលរដ្ឋ កុំឱ្យមានការរីករាលដាលចូលទៅក្នុងតំបន់ការពារសំបូរព្រៃគុក ដែលជាបេតិកភណ្ឌពិភពលោក៕

 

 

ប្រភព៖ អាជ្ញាធរជាតិសំបូរព្រៃគុក