យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថាការនាំចេញ ផលិតផលកាត់ដេរ ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ ២០២២ នេះ កម្ពុជាបានកើនឡើងប្រមាណជាជិត ២៥% ដែលស្មើនឹងទឹកប្រាក់សរុប ៣.១៥៥ លានដុល្លារអាមេរិក បើធៀបទៅនឹងទៅរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២០ និង ២០២១។ ការកើនឡើងនេះក៏ដោយសារតែ ស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា ចាប់ផ្ដើមដំណើរការឡើងវិញបន្ដិចៗម្ដង បន្ទាប់ពីការបើកប្រទេស នៅចុងខែវិច្ឆកាឆ្នាំមុននេះ ក៏ដូចជា ស្ថានការណ៍រីករាលដាល នៃជំងឺកូវីដ-១៩ មានការថមថយចុះ និងអាចគ្រប់គ្រងបានជាដើម។
មិនត្រឹមតែប៉ុណ្ណោះ សញ្ញាវិជ្ជមានមួយទៀតសម្រាប់ វិស័យកាត់ដេរនៅកម្ពុជានោះគឺ ការមកដល់នៃម៉ាកយីហោលក់សំលៀកបំពាក់ និងទំនិញផ្សេងៗចំនួន 44 ថ្មីបន្ថែមទៀត បូករួមទាំងម៉ាកអន្តរជាតិដូចជា H&M, OVS និង Wilsonart ដែលចូលមកពីក្រៅប្រទេសផងដែរ។ ដោយឡែកសម្រាប់ ប្រទេសដែលជាគោលដៅនាំចេញផលិតកាត់ដេរភាគច្រើន របស់កម្ពុជាក្នុងត្រីទីមួយនេះ មានដូចជាសហរដ្ឋមេរិក និងបណ្ដាប្រទេសនៅតំបន់អឺរ៉ុបជាដើម។
តែយ៉ាងណាមិញ វិស័យកាត់ដេរនៅកម្ពុជា ក៏អាចនឹងប្រឈមបញ្ហា បន្ដិចបន្ដួចទៀតផងដែរ ដោយសារតែស្ថានភាពនៅក្រៅតំបន់បច្ចុប្បន្ន។ ជាក់ស្ដែងដូចជា វិបត្ដិសង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែន ដែលធ្វើឲ្យកើនឡើងនៃតម្លៃថាមពល, និងការរីករាលដាលអត្រាអ្នកឆ្លងជំងឺកូវីដ-១៩ សារជាថ្មីនៅប្រទេសចិន ដែលធ្វើឲ្យមានការបិទទីក្រុងធំៗ និងរាំងស្ទះខ្សែសង្វាក់ផលិតកម្មជាដើម។