ខេត្តសៀមរាប៖ ភ្នំគូលែនជាទីតាំងប្រវត្តិសាស្ត្រ និងក៏ជាភ្នំសក្ការៈបូជា នៅក្នុងប្រទេសកម្ពុជាផងដែរ។ នៅទីតាំងដ៏ពិសិដ្ឋមួយនេះ បានបន្សល់ទុកនូវប្រាសាទបុរាណ និងស្ថានីយ៍បុរាណ ជាច្រើនកន្លែង។ក្រៅពីនេះក៏មានតំបន់ទឹកធ្លាក់ គួរជាទីកម្សាន្តមនោរម្យជាច្រើនកន្លែងទៀតដែរ។ អ្នកទេសចរកាលបើបានទៅកម្សាន្តនៅ លើខ្នងភ្នំគូលែន ហើយមិនគួរមើលរំលង ទឹកធ្លាក់អន្លង់រុន ដែលបានបង្កប់ទៅដោយកន្លែងលំហែ និងទេសភាពដ៏ល្អនោះដែរ។ ទឹកធ្លាក់មួយកន្លែងនេះ សព្វថ្ងៃមានទីតាំងស្ថិតនៅ ភូមិពពេល ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។
ដោយសារមានអំណោយផលល្អ មានទេសភាពស្រស់ត្រកាល អមដោយព្រៃឈើសងខាង និងទឹកហូរកាត់ថ្មថ្លាឈ្វេង ត្រជាក់ស្រេង ភ្ញៀវទេសចរអាចចុះងូតលេង យ៉ាងសប្បាយរីករាយ។ ជាមួយនឹងជម្រៅទឹករាក់ៗ ហូរជ្រែកចំរៀកផ្ទាំងថ្ម ធ្លាក់មកក្រោមឮសូរសម្លេងឥតដាច់ ដូចជាសង្វាក់តន្ត្រីធ្វើឱ្យភ្ញៀវទេសចររំភើប ហើយមិនចង់ឃ្លាតឆ្ងាយសោះឡើយ។ ទីកន្លែងនេះ ក្រៅពីមានកញ្ចុះដែលប្រជាសហគមន៍នៅក្នុងតំបន់ការពារ វាក៏មានកន្លែងសម្រាប់ ទទួលភ្ញៀវទេសចរ ហើយពួកគាត់ អាចអង្គុយតាមផ្ទាំងថ្មធំៗ ក្រោមម្លប់ដើមឈើ បរិភោគអាហារ ឬអង្គុយគយគន់ទេសភាពនៅកន្លែងនេះ ដោយសប្បាយរីករាយ។ ក្រៅពីនេះនៅផ្នែកខាងក្រោមមិនឆ្ងាយប៉ុន្មាន មានទីវាលកម្សាន្តជាដីខ្សាច់ម៉ត់សស្អាត ដែលមានទឹកធ្លាក់ពីលើថ្ម យើងអាចចុះងូតលេងបាន។ នៅទីវាលកន្លែងនេះ យើងក៏អាចអង្គុយញ៉ាំបាយក្រោមដើមឈើធំៗ ចោលម្លប់ត្រឈឹងត្រឈៃ ផ្តល់នូវអារម្មណ៍យ៉ាងស្រស់ស្រាយ ជាលក្ខណៈគ្រួសារ មិត្តភក្តិ និងគូស្នេហ៍។
លោក លាស់ ឆាត គណៈកម្មាធិការសហគមន៍ធំពពេល បានឱ្យដឹងថា ភ្ញៀវទេសចរមកកម្សាន្តទឹកធ្លាក់អន្លង់រុន អាចបោះតង់សម្រាកពេលយប់ នៅកន្លែងនេះបានដោយមានសុវត្តិភាព។ ក្រៅពីនេះគេអាចកុម្ម៉ង់អាហារដូចជា ជ្រូកកណ្តុរអាំង មាន់អាំងដែលជាប្រភេទអាហារពិសេស ប្រចាំសហគមន៍បរិភោគបានទៀតផង។ ជាមួយគ្នានេះលោក លាស់ វណ្ណា ប្រធានមណ្ឌលព័ត៌មានទេសចរណ៍ពពេល បានបញ្ជាក់ប្រាប់ឱ្យដឹងដែរថា បច្ចុប្បន្នទឹកធ្លាក់អន្លង់រុន មានភ្ញៀវទេសចរចូលកម្សាន្តបន្តបន្ទាប់ តែមិនច្រើនទេ។ លោកចង់ឱ្យភ្ញៀវទេសចរ ងាកមកចាប់អារម្មណ៍តំបន់កម្សាន្តទឹកធ្លាក់ ពីព្រោះថាមានទីកម្សាន្តទឹកធ្លាក់ ទេសភាពព្រៃភ្នំ សម្លេងសត្វព្រៃ និងបរិយាកាសប្រកប ដោយខ្យល់បរិសុទ្ធ។
គួរបញ្ជាក់ថា គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា បានគាំទ្រសហគមន៍តំបន់ការពារធម្មជាតិចំនួនពីរគឺ សហគមន៍ព្រៃធំពពេល និងសហគមន៍ព្រៃធំអន្លង់ធំ នៅលើឧទ្យានជាតិ ព្រះជ័យវរ្ម័ន-នរោត្តមភ្នំគូលែន ដោយគម្រោងបានយកចិត្តទុកដាក់ ពង្រឹងលើផ្នែកទេសចរណ៍ធម្មជាតិ មានទាំងកិច្ចការងារបដិសណ្ឋារកិច្ច ការនាំភ្ញៀវនិងការអភិរក្សជាដើម។ លើសពីនេះគម្រោងក៏ជួយឲ្យមានកំណើនជីវភាពប្រជាសហគមន៍ តាមរយ:បង្កើនការចិញ្វឹមសត្វជ្រូកកណ្តុរ ការចិញ្ចឹមមាន់និងឃ្មុំព្រៃផងដែរ៕