ក្រុមហ៊ុនស្ថាបត្យកម្ម Büro Ole Scheeren រចនាអគារប្រាំបីជ្រុង ជាមួយនឹងផ្ទៃកញ្ចក់រាងដូចពេជ្រ


ក្រុមហ៊ុនស្ថាបត្យកម្ម Büro Ole Scheere បង្ហាញគម្រោងរចនាអគារថ្មីមួយទៀត ដែលមានឈ្មោះថា Nanjing Nexus ជាមួយនឹងកម្ពស់ 350 ម៉ែត្រ និងជាគម្រោងអគារ ដែលនឹងលេចរូបរាង នៅក្នុងប្រទេសចិនតែម្ដង។ Nanjing Nexus គឺជាប្រភេទអគារខ្ពស់កប់ពពក ដែលត្រូវបានរចនាឡើង នៅលើទីតាំងមួយនៅជិតទន្លេ Yangtze ក្នុងតំបន់ពាណិជ្ជកម្មនៃទីក្រុង Nanjing ប្រទេសចិន។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ អគារ Nanjing Nexus មិនត្រឹមតែមានកម្ពស់ខ្ពស់នោះទេ ថែមទាំងមានរចនាបថទាក់ទាញ និងប្លែកពីអគារដទៃទៀតផងដែរ។ ជាក់ស្ដែង ការរចនានៃអគារនេះ ត្រូវបានរចនាឲ្យមាន ជ្រុងចំនួនប្រាំបី ហើយជ្រុងនីមួយៗ មានក្រាលដោយកញ្ចក់រាង Diamond-shaped ដែលបង្កើតបានជា រូបរាងគួរឲ្យចាប់អារម្មណ៍ខ្លាំង។

មិនត្រឹមតែប៉ុណ្ណោះ អគារមួយនេះក៏ត្រូវបានរចនាឡើង ឲ្យផ្សាភ្ជាប់ទៅនឹងធម្មជាតិផងដែរ ដោយនៅជាន់ខ្លះ មានការរចនាជារានហាលធំទូលាយ ដែលអាចឲ្យដាក់ដាំដើមរុក្ខជាតិបៃតងផ្សេងៗបាន។ ចំណែកឯ ការចនានេះ ផ្នែកខាងមុខរាងកោង និងកញ្ចក់រាងដូចពេជ្រនេះ ត្រូវបានរចនាឡើង ដើម្បីកែលម្អដំណើរការ ថាមពលព្រះអាទិត្យរបស់អគារ និងកាត់បន្ថយកម្លាំង សម្ពាធខ្យល់ ដែលបក់កាត់អគារផងដែរ។ លើសពីនេះ ការរចនាកញ្ចក់រាងដូចពេជ្រនេះ ក៏នឹងបង្កើតឱ្យមានពន្លឺចែងចាំង ស្រដៀងនឹងរូបភាព ដែលឃើញនៅទន្លេ Yangtze ក្បែរនោះផងដែរ។

អគារ Nanjing Nexus នឹងមានការិយាល័យសរុបទំហំ 150,000 ម៉ែត្រការ៉េ និងសណ្ឋាគារទំហំ 50,000 ម៉ែត្រការ៉េ។ ដោយសណ្ឋាគារនឹងត្រូវបាន រៀបចំឲ្យនៅផ្នែកជាន់ខាងលើខ្ពស់ៗ ជាមួយនឹងអាងហែលទឹក ភោជនីយដ្ឋាន និងសួនច្បារលើអាកាសជាដើម។ គួរបញ្ជាក់ថា អគារ Nanjing Nexus គឺជាគម្រោងរចនា ដែលឈ្នះនៅក្នុង ការប្រកួតប្រជែងអន្តរជាតិផងដែរ។ ចំណែកឯ ស្ថាបត្យករដែលទទួលរចនាគម្រោងនេះ គឺជាជនជាតិអាឡឺម៉ង់ ដែលបានបង្កើតក្រុមហ៊ុនស្ថាបត្យកម្ម Büro Ole Scheere នេះតាំងពីក្នុងឆ្នាំ 2010 មកម្ល៉េះ ហើយចាប់តាំងពីពេលនោះមក លោកបានបង្ហាញការរចនាសម្រាប់ សណ្ឋាគារសម្រាប់ រមណីយដ្ឋានឆ្នេរសមុទ្រ និងអគារខ្ពស់កប់ពពកជាច្រើន។