ផ្សារលក់ទំនិញម៉ាក្រូ (Makro) នឹងសាងសង់សាខាទីពីរ នៅក្នុងរាជធានីភ្នំពេញ


ក្រុមហ៊ុនផ្សារលក់ទំនិញ Makro (Cambodia) Company Limited នឹងសាងសង់គម្រោង មជ្ឈមណ្ឌលពាណិជ្ជកម្មធំមួយ ដែលជាសាខាផ្សារទំនើបម៉ាក្រូទី២ មានទីតាំងស្ថិតនៅស្តុបលីយ៉ុងផាត់ ផ្លូវជាតិលេខ៦អា ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងត្រូវបានរំពឹង ថាអាចបង្កើតការងារបានចំនួន ១៦១កន្លែង។ នេះបើតាមសេចក្តីជូនដំណឹង របស់គណៈកម្មាធិការ វិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅរសៀលថ្ងៃទី ៥ ឧសភា ឆ្នាំ២០២២ នេះ ស្តីអំពីការ អនុម័តគម្រោងវិនិយោគថ្មី ចំនួន ៦ បន្ថែមទៀត ដែលមានទឹកប្រាក់ វិនិយោគសរុបចំនួនជាង ១៥២,៦លាន ដុល្លាអាមេរិក។

ផ្សារលក់ទំនិញម៉ាក្រូ ប្រកាសបោះទុនវិនិយោគប្រមាណ ១២,៧ លានដុល្លារអាមេរិក ក្នុងគម្រោងពង្រីក សាខាទីពីររបស់ខ្លួន ក្រោយជោគជ័យយ៉ាងខ្លាំងលើសាខាទី ១ នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Makro (Cambodia) Company Limited ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន LYP ដែលជា ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុន Siam Makro ដែលមានមូលដ្ឋាននៅប្រទេសថៃ ដំណើរការមជ្ឈមណ្ឌល លក់ដុំមួយដែលមានឈ្មោះថា "Makro"។ មជ្ឈមណ្ឌលពាណិជ្ជកម្ម Makro ទី ១ មានទីតាំងនៅលើផ្ទៃដី ៥ហិកតា ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ការពង្រីកការវិនិយោគបែបនេះ បង្ហាញពីទំនុកចិត្តរបស់ អ្នកវិនិយោគលើស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច នយោបាយ និងសង្គមរបស់កម្ពុជា ខណៈដែលប្រទេសកំពុងងើប ឡើងវិញពីជំងឺរាតត្បាតកូវីដ-១៩។