រយៈពេល ៤ ខែដើមឆ្នាំ២០២២ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ សរុបជាង ២២០.០០០ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងប្រមាណ ៩០.០០០ នាក់ ដែលបង្ហាញពីការងើបឡើងវិញ នៃវិស័យទេសចរណ៍នៅកម្ពុជា ខណៈដែលមានភ្ញៀវទេសចរប្រមាណ ៣៣.០០០ នាក់ បានទស្សនារមណីដ្ឋានអង្គរ ហើយក្រសួងទេសចរណ៍រំពឹងថា កម្ពុជាអាចទទួលបាន ភ្ញៀវទេសចរដល់ ៨ សែននាក់ នៅដំណាច់ឆ្នាំ២០២២។
ក្រោយពីកម្ពុជា បានស្រោចវ៉ាក់សាំងបង្កា ជំងឺរាតត្បាតក្នុងសហគមន៍ បានលើសពីគោលដៅគ្រោងទុក រាជរដ្ឋាភិបាលកម្ពុជាបាន សម្រេចបើកប្រទេសឡើងវិញ ទាំងសកម្មភាពសេដ្ឋកិច្ច និងស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ ចាក់វ៉ាក់សាំង ហើយរយៈពេល ៤ ខែដើមឆ្នាំ២០២២ កំណើនភ្ញៀវទេសចរ បានកើនឡើងគួរឲ្យកត់សម្គាល់។ ជាមួយគ្នានេះ រមណីដ្ឋានអង្គរ ទទួលបានភ្ញៀវទេសចរអន្តរជាតិ ៣៣.២០៥ នាក់ ដែលកើនឡើង ៦២២% ធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២១ ដោយចំណូលបានពីការលក់ប័ណ្ណចូល ទស្សនាប្រាសាទអង្គរសរុប ១,៣៥ លានដុល្លារ យោងតាមរបាយការណ៍ពីគ្រឹះស្ថានអង្គរ ដោយក្នុងខែមេសាតែឯង មានភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីដ្ឋានអង្គរសរុប ១៣.៣៦៥ នាក់ ទទួលបានចំណូល ៥៣៧.០០០ ដុល្លារពីការលក់សំបុត្រ។
ក្រសួងទេសចរណ៍ បានលើកឡើងថា ចំនួនកើនឡើង នៃភ្ញៀវទេសចរអន្តរជាតិ ជាលទ្ធផលនៃការបើក ប្រទេសឡើងវិញរបស់កម្ពុជា ហើយយើងអាចធ្វើទៅបាន ដោយសារមានការ ចាក់ស្រោចវ៉ាក់សាំងការពារជំងឺកូវីដ-១៩។ ក្រសួងទេសចរណ៍ បានបន្ថែមថា បច្ចុប្បន្នអង្គរវត្ត មានភ្ញៀវទេសចរបរទេសប្រមាណ ៤០០ នាក់ជារៀងរាល់ថ្ងៃ ធៀបទៅនឹង ៧០ នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ កាលពីឆ្នាំ ២០២១ ក្នុងវិបត្តិជំងឺរាតត្បាតកូវីដ។
ក្នុងឆ្នាំ២០២២ នេះក្រសួងទេសចរណ៍ មានការផ្សព្វផ្សាយទេសចរណ៍ ដែលចាក់វ៉ាក់សាំងពេញលេញ និងផ្លាស់ប្ដូរនិន្នាការទេសចរណ៍ថ្មី ដោយផ្តោតលើទេសចរអន្តរជាតិ ពីប្រទេសក្នុងតំបន់អាស៊ាន និងទេសចរណ៍ធ្វើដំណើរ រយៈពេលខ្លីចន្លោះពី ៤ ទៅ ៥ ម៉ោងដូចជា កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី និងឥណ្ឌា ជាដើម។ លើសពីនេះ កម្ពុជា រំពឹងចំនួនភ្ញៀវទេសចរ ច្រើនក្រោយពីអាចទប់ស្កាត់ Zero Covid បាននៅប្រទេសចិន ស្ថានភាពល្អប្រសើរ នឹងអាចភ្ជាប់ទេសចរកម្ពុជា-ចិន និងជាមួយប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិច កាណាដា និងមជ្ឈឹមបូព៌ាផងដែរ។