យោងការលើកឡើងដោយអង្គការ Wonders Of the Mekong បានឲ្យដឹងថា ត្រីរៀលចំនួន ២ ប្រភេទ ដែលមានឈ្មោះជា ភាសាអង់គ្លេសថា Small mud carps និងឈ្មោះវិទ្យាសាស្ត្រ Henicorhynchus entmema និង ត្រីរៀលតុប H. siamensis គឺជាប្រភេទត្រីដ៏សំខាន់បំផុត ក្នុងលក្ខណៈពាណិជ្ជកម្មនៅកម្ពុជា។ លើសពីនេះ ត្រីរៀលទាំង ២ ប្រភេទនេះ ក៏មានសារៈសំខាន់ផងដែរ ចំពោះប្រព័ន្ធអេកូឡូស៊ី នៃអាងទន្លេមេគង្គ និងសន្តិសុខស្បៀង សម្រាប់ប្រជាជនរស់នៅក្នុងតំបន់។
តាមការសិក្សាថ្មីមួយ របស់ក្រុមអ្នកស្រាវជ្រាវ នៃគម្រោងអច្ឆរិយភាព នៃទន្លេមេគង្គ (Wonders of the Mekong) បានឲ្យដឹងទៀតថា របាយត្រីទាំង ២ ប្រភេទនេះ ដោយគិតនៅទូទាំងប្រទេសកម្ពុជា និងលើកំណត់ត្រាផលចាប់ត្រី មានការប្រមូលបានពីទីតាំងចំនួន ២២ រាប់ចាប់ពីឆ្នាំ២០០៧ ដល់ ឆ្នាំ២០១៥។ ម្យ៉ាងវិញទៀត ត្រីរៀលទាំង ២ ប្រភេទនេះ សំបូរនៅតាមទីតាំងខុសៗគ្នា ហើយមានការធ្លាក់ចុះ និងមានស្ថេរភាពអាស្រ័យ លើកន្លែងខុសៗគ្នាផងដែរ។ ជាលទ្ធផលនៃការសិក្សាទាំងនោះ បានផ្ដោតសំខាន់ លើរបៀបគ្រប់គ្រងត្រីប្រភេទនេះ ដើម្បីធ្វើយ៉ាងណា អាចគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ី និង សន្តិសុខស្បៀងក្នុងតំបន់។
លើសពីនេះ ការគ្រប់គ្រងជលផល និងការធ្វើផែនការអភិរក្ស គួរតែផ្តោតលើតំបន់ ដែលសំបូរត្រីតាមប្រភេទនីមួយៗ ដូចជាទីតាំងមួយចំនួន នៅក្នុងទន្លេសាប និងខ្សែទឹកទន្លេមេគង្គ ចំពោះត្រីរៀល និងកន្លែងមួយចំនួន នៅតំបន់ដីសណ្តទន្លេមេគង្គ និងតំបន់ភាគខាងត្បូង នៃបឹងទន្លេសាប សម្រាប់ត្រីរៀលតុប H. siamensis ហើយប្រជាជនទាំងអស់ ក៏គួរតែចូលរួមគាំទ្រ ដល់ជម្រកសំខាន់ៗ របស់ត្រីប្រភេទនេះផងដែរ តាមរយៈការរក្សាលំហូរទឹកតាមរដូវ និងការព្យាករណ៍លំហូរទឹក នៅក្នុងអាងទន្លេមេគង្គក្រោមជាដើម។