ធនាគារ Kasikorn Bank របស់ថៃ នឹងពង្រីកបណ្តាញសេវាកម្មរបស់ខ្លួន នៅក្នុងប្រទេសវៀតណាម រួមទាំងក្របខ័ណ្ឌអាស៊ានបូកបី


ធនាគារកសិករប៊ែង (Kasikorn Bank or KBank) បានប្រកាសពីការប្តេជ្ញាចិត្ត ក្នុងការពង្រីកសេវាកម្មរបស់ខ្លួន នៅក្នុងប្រទេសវៀតណាម ដើម្បីពង្រឹងបណ្តាញ សេវាកម្មធនាគារនេះ នៅក្នុងក្របខ័ណ្ឌ AEC+3 (អាស៊ានបូកជប៉ុន ចិន និងកូរ៉េខាងត្បូង)។ នាយកប្រតិបត្តិរបស់ធនាគារ KBank លោកស្រី Kattiya Indaravijaya បានបញ្ជាក់ថា ក្នុងរយៈពេលបីឆ្នាំខាងមុខ នៅក្នុងតំបន់អាស៊ាន ធនាគារ KBank នឹងផ្តោតសំខាន់ ទៅលើការអភិវឌ្ឍ បច្ចេកវិទ្យា និងកម្លាំងពលកម្ម ការវិនិយោគក្នុងការ ចាប់ផ្តើមអាជីវកម្ម និងការទាញយកអាជីវកម្មនៅក្នុង ផ្នែកយុទ្ធសាស្ត្រសំខាន់ៗជាដើម។

យោងតាមលោកស្រី បានឱ្យដឹងថា សេដ្ឋកិច្ចអាស៊ានត្រូវបាន គេរំពឹងថានឹងរក្សាបាន នូវទស្សនវិស័យដ៏ភ្លឺ ស្វាងសម្រាប់កំណើន បន្ទាប់ពីជំងឺរាតត្បាតកូវីដ-19។ ក្រៅពីសេដ្ឋកិច្ចដែល កំពុងងើបឡើងវិញ តំបន់នេះក៏ត្រូវបានគេ ស្គាល់ថាជាទីផ្សារដ៏ធំមួយ ជាមួយនឹងសមាមាត្រកើនឡើង នៃមនុស្សវ័យក្មេង ដែលជាកត្តាជំរុញចម្បង នៃកំណើនសេដ្ឋកិច្ចរបស់ខ្លួន។ សម្រាប់ទីផ្សារប្រទេសវៀតណាម ធនាគារ KBank បាននិយាយថា ខ្លួនមានបំណង ផ្តល់ប្រាក់កម្ចីចំនួន 20 ពាន់លានបាត និងមានមូលដ្ឋាន អតិថិជនលក់រាយ ចំនួន 1.2 លាននាក់នៅក្នុងប្រទេសនេះ នៅត្រឹមឆ្នាំ 2023។ ធនាគារនេះគ្រោងនឹង ធ្វើជាធនាគារបរទេស ដំបូងគេនៅក្នុងប្រទេសវៀតណាម ដែលផ្តល់ជូននូវ ដំណោះស្រាយផលិតផល ឌីជីថលពេញលេញ ដល់អតិថិជនទាំងអស់ និងបន្តពង្រីកសម្រាប់ផលិតផល និងសេវាកម្មថ្មីៗ។

លោក Pipit Aneaknithi ប្រធានធនាគារ KBank មាននិយាយថា សេដ្ឋកិច្ចវៀតណាម ត្រូវបានគេរំពឹងថា នឹងកើនឡើង ក្នុងអត្រាលឿនបំផុតនៅក្នុងតំបន់ ដោយសារសក្តានុពល វិនិយោគដ៏ធំរបស់ខ្លួន។លោកបាន និយាយបន្ថែមថា ប្រទេសវៀតណាមមាន ទស្សនវិស័យដ៏មានសក្តានុពល ហើយកំពុងដើរនៅលើផ្លូវមួយ ក្នុងការក្លាយខ្លួនជា ប្រទេសឧស្សាហកម្មថ្មី នៅត្រឹមឆ្នាំ 2030 និងជាប្រទេសអភិវឌ្ឍ នៅត្រឹមឆ្នាំ 2045។