គម្រោងផ្ទះសូណាអណ្តែតទឹក ដ៏ប្លែកនិងកំពុងទាក់ទាញ ចំណាប់អារម្មណ៍ខ្លាំង នៅប្រទេសន័រវែស


សូណា (Sauna) ជាវិធីសាស្រ្តមួយ ក្នុងការបញ្ចេញញើស ជាលក្ខណៈប្រើប្រាស់ខ្យូងគ្មានផ្សែង ដុតពីក្រោមដុំធំ នៅក្នុងបន្ទប់បិទជិតមួយ ដើម្បីអាចឱ្យ សីតុណ្ហភាពមានកម្តៅខ្លាំង ទើបអាចឱ្យអ្នកចូលទៅ អាចបញ្ចេញញើស បានយ៉ាងរហ័សបំផុត។ បន្ទប់សូណា ត្រូវបានគេសាងសង់ឡើង ដោយប្រើប្រាស់ឈើ មិនងាយឆេះ និងមិនចម្លងកម្តៅ ដូច្នេះអ្នកចូលសូណា អាចអង្គុយបានដោយគ្មានបញ្ហាឡើយ។ យើងធ្លាប់តែបានឃើញ គេបង្កើតបន្ទប់សូណានៅខាងក្នុង ដោយឡែក ក្រុមហ៊ុនស្ថាបត្យកម្ម ACT Studio & Borhaven Arkitekter បានបង្កើតផ្ទះសូណាតែម្តង ហើយជាលក្ខណៈអណ្តែតទឹកទៀត។

ផ្ទះសូណានេះ សាងសង់ឡើងលើផ្ទៃទឹក ជាមួយទំហំ 90 ម៉ែត្រការ៉េ មានមកជាមួយ បន្ទប់សូណាចំនួន 2, បន្ទប់ផ្លាស់សម្លៀកបំពាក់ និងទុកសម្ភារៈចំនួន 2 មានកន្លែងអង្គុយសម្រាក នៅពីលើផងដែរ។ ផ្ទះសូណានេះ ស្ថិតនៅទីក្រុង Oslo នៃប្រទេសន័រវែស ចន្លោះមហោស្រព Oslo និងតំបន់ពាណិជ្ជកម្មកណ្តាលក្រុងតែម្តង។ ដូចអ្វីដែលយើងបានឃើញ ក្នុងរូបភាពខាងក្រោមអញ្ចឹង ផ្ទះសូណានេះ បង្កើតឡើងនៅខាងក្រៅ ខុសប្លែកពីកន្លែងសូណាផ្សេងៗ សាងសង់ឡើងនៅខាងក្នុង។ ក្រុមស្ថាបត្យករ ក៏បានដាក់ឈ្មោះផ្ទះ សូណានេះថា Bademaschinen ប្រែថាម៉ាស៊ីនងូតទឹក ឬ Bathing Machine។ ឈ្មោះនេះត្រូវបានយក លំនាំតាមកន្លែងងូតទឹក សាធារណៈដំបូង ក្នុងទីក្រុង Oslo បង្កើតឡើងក្នុងឆ្នាំ 1820 នោះឯង ដោយគ្រាន់ តែប្រែជាផ្ទះសូណា និងអាចឱ្យអ្នកមកដល់ អាចហែលទឹក ឬងូតទឹកកម្សាន្តសមុទ្រ បានផងដែរ។

បន្ទប់សូណានីមួយៗ ត្រូវបានបំពាក់មកជាមួយ ជញ្ជាំងកញ្ចក់មួយជំហៀង ដើម្បីផ្តល់ភាពងាយស្រួលដល់ អ្នកមកសូណា អាចគយគន់ទេសភាពខាងក្រៅ នៅពេលកំពុង សូណាទៀតផង ព្រោះនៅទីនោះ មានព័ទ្ធជុំវិញ ដោយទេសភាព និងអាគារប្រណិតៗជាច្រើន អមជាមួយទឹកសមុទ្រ មានរលកតិចៗ មានចលនា ដោយសារខ្យល់ផាយផាត់ ពិតជាអស្ចារ្យមែនទែន។

ប្រទេសន័រវែស តែងមានអាកាសត្រជាក់ខ្លាំង ដូច្នេះផ្ទះសូណានេះ មានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អ្នករស់នៅជិតៗ តំបន់នោះ។