ម៉ាឡេស៊ី មានសុទិដ្ឋិនិយមខ្ពស់ ក្នុងការសម្រេចបាននូវ គោលដៅកាត់បន្ថយភាពក្រីក្រ មកនៅកម្រិតសូន្យត្រឹមឆ្នាំ ២០២៥


ទីភ្នាក់ងារសារព័ត៌មាន បឺរណាម៉ា (Bernama) បានរាយការណ៍ថា រដ្ឋាភិបាលរបស់ប្រទេសម៉ាឡេស៊ី មានសុទិដ្ឋិនិយមខ្ពស់ អំពីការសម្រេចបាននូវ គោលដៅនៃភាពក្រីក្រកម្រិតសូន្យ នៅត្រឹមចុងឆ្នាំ 2025 ជាមួយនឹងវិធីសាស្រ្ត រួមបញ្ចូលគ្នា ក្នុងការអនុវត្តគម្រោងសាកល្បង ឆ្ពោះទៅរកការបង្កើន ប្រាក់ចំណូលរបស់ពួកគេ។

រដ្ឋមន្ត្រីមួយរូបរបស់ម៉ាឡេស៊ី ក្នុងនាយកដ្ឋានសេដ្ឋកិច្ច របស់នាយករដ្ឋមន្ត្រី លោក ដាតុក សេរ៉ី មូស្តាប៉ា ម៉ូហាម៉េដ (Datuk Seri Mustapa Mohamed) បាននិយាយថា ទំនុកចិត្តនេះ គឺផ្អែកទៅលើ ភាពស្មោះត្រង់របស់រដ្ឋាភិបាល ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្រ្តជាមួយភាគីផ្សេងៗ រួមទាំងបណ្តាសាកលវិទ្យាល័យ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការជួយក្រុមនេះ ឱ្យរួចផុតពីបន្ទាត់នៃភាពក្រីក្រ។

លោកបាននិយាយថា ដំណាក់កាលទីមួយ នៃគម្រោងសាកល្បង នៅក្នុងមូលដ្ឋានចំនួន 80 ឆ្ពោះទៅរក ការជួយដល់ក្រុមគោលដៅ ត្រូវបានបញ្ចប់ នៅក្នុងឆ្នាំនេះ ខណៈដែលដំណាក់កាលទីពីរ ដែលពាក់ព័ន្ធ នឹងមូលដ្ឋាន ចំនួន 110 នឹងចាប់ផ្តើមនៅពាក់កណ្តាល ខែតុលាឆ្នាំនេះ ដែលកំណត់គោលដៅប្រមាណ 5,000 គ្រួសារ។ គិតត្រឹមថ្ងៃទី 15 ខែកញ្ញា ប្រទេសម៉ាឡេស៊ី មានប្រជាជនក្រីក្រចំនួន 130,709 នាក់។

លោកបានបង្ហាញ ការជឿជាក់ថា ចំនួននេះនឹងមាន ការធ្លាក់ចុះ ដោយលោកសង្ឃឹមថា ភាគីផ្សេងៗដូចជា រដ្ឋាភិបាល និងនាយកដ្ឋាននានា នឹងសហការគ្នា ដើម្បីសម្រេចបាននូវ គោលដៅនេះ។ លោក ដាតុក សេរ៉ី មូស្តាប៉ា ម៉ូហាម៉េដ បាននិយាយថា នាយកដ្ឋានរបស់លោក នឹងតាមដាន ឱ្យបានយ៉ាងដិតដល់នូវ ការអនុវត្តគម្រោងសាកល្បង ដើម្បីឱ្យប្រាក់ចំណូល របស់ក្រុមគោលដៅ អាចត្រូវបានកើនឡើង ដើម្បីយកពួកគេ ចេញពីភាពក្រីក្រ៕