ភ្នំពេញ៖ កម្ពុជា បានអនុម័តគម្រោងវិនិចំនួន ៣៨៦ គម្រោង ដែលមានទុនវិនិយោគសរុប ៦,៤ ពាន់លានដុល្លារ ក្នុងរយៈពេល ១១ ខែដំបូង នៃឆ្នាំ ២០២៤ ដែលបង្កើតការងារ បានជាង ៣០៥ ០០០ កន្លែង នេះបើយោងតាមរបាយការណ៍ ដែលបានចេញផ្សាយដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាពេលថ្មីៗនេះ។
របាយការណ៍ដដែល បានគូសបញ្ជាក់ដែរថា គម្រោងថ្មីនេះផ្តោតសំខាន់លើ វិស័យកាត់ដេរ ផលិតផលធ្វើដំណើរ និងស្បែកជើង ការអភិវឌ្ឍន៍សណ្ឋាគារ ស្ថានីយ៍វារីអគ្គិសនី កំពង់ផែទឹកសាប រោងចក្រថាមពលពន្លឺព្រះអាទិត្យ និងគ្រឿងបន្លាស់ កសិកម្ម សួនកម្សាន្ត រោងចក្រកង់រថយន្ត តំបន់សេដ្ឋកិច្ចពិសេស និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងចំណោមវិស័យផ្សេងទៀត។
ដោយឡែក នៅក្នុងខែវិច្ឆិកា កម្ពុជាបានទាក់ទាញ គម្រោងវិនិយោគសរុបចំនួន ៤០ ដែលមានតម្លៃ ៩៩៣ លានដុល្លារ ដែលត្រូវបានគេរំពឹងថា នឹងបង្កើតការងារបានប្រហែល ៣៩ ០០០កន្លែង ។
ប្រទេសចិន នៅតែជាវិនិយោគិនបរទេស ដ៏ធំបំផុតនៅកម្ពុជា នៅក្នុងរយៈពេលខាងលើនេះ។
គូសសម្គាល់ផងថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤ កម្ពុជាមានកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី និងតំបន់ចំនួនបួន រួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ ដែលកិច្ចព្រមព្រៀងទាំងនេះ សុទ្ធតែជម្រុញនូវការវិនិយោគ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់កម្ពុជា។
ប្រភព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា