(ហាណូយ)៖ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ (the Ministry of Agriculture and Rural Development ឬហៅកាត់ថា MARD) បានរាយការណ៍ថា រហូតមកដល់ពេលនេះ វៀតណាម រកចំណូលបាន 361 លានដុល្លារអាមេរិក ពីការនាំចេញ សាច់ និងស៊ុតមាន់ ទៅកាន់ប្រទេសចំនួន 26 នៅទូទាំងពិភពលោក នេះបើយោងតាម ការចុះផ្សាយរបស់សារព័ត៌មាន dangcongsan របស់វៀតណាម។
យោងតាមក្រសួងកសិកម្ម បានឲ្យដឹងថា ប្រទេសនេះបានចំណាយប្រាក់ជាង ៣ពាន់លានដុល្លារ លើការនាំចូលផលិតផលបសុសត្វ បើទោះជាមានការ ផ្គត់ផ្គង់ក្នុងស្រុកច្រើនក៏ដោយ។ វៀតណាមផលិត ផលិតផលបសុសត្វប្រហែល 6.5 លានតោន និង ស៊ុតមាន់ 17 ពាន់លាន ក្នុងមួយឆ្នាំ ដែលភាគច្រើនសម្រាប់ ប្រើប្រាស់ក្នុងស្រុក។
ក្នុងរយៈពេលវែង ក្រសួង និងវិស័យនានា ចាំបាច់ត្រូវវាយតម្លៃ បណ្តាញចែកចាយ ដើម្បីធានាផលប្រយោជន៍ របស់អ្នកប្រើប្រាស់ និងអ្នកបង្កាត់ពូជសត្វ។ ពួកគេក៏ពិចារណាលើការ បង្កើតមូលនិធិស្ថេរភាពតម្លៃសាច់ ដើម្បីគាំទ្រ និងគ្រប់គ្រងទីផ្សារ ឱ្យកាន់តែប្រសើរឡើង និងទទួលយកដំណោះស្រាយ នាំចេញផលិតផលសាច់ សម្រាប់គម្រោងធំៗនៃបសុសត្វដទៃទៀត។