ទិដ្ឋភាពដ៏អស្ចារ្យនៃ ពិធីបើកព្រឹត្តិការណ៍ «រំលឹកគុណអង្គរ»


អាជ្ញាធរជាតិអប្សរា ធ្វើពិធីបួងសួងប្រារព្ធបើក ព្រឹត្តិការណ៍រំលឹកគុណអង្គរ និងរាប់បាត្រព្រះសង្ឃចំនួន ១៣០អង្គ នៅមុខប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ កិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនាក់ទំនង ជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល អាជ្ញាធរជាតិអប្សរា ឯកឧត្តម ហង់ ពៅ អគ្គនាយក អាជ្ញាធរជាតិអប្សរា ព្រមទាំងឯកឧត្តម លោកជំទាវ និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ដ៏ច្រើនកុះករ។

មានប្រសាសន៍ក្នុងពិធី បើកព្រឹត្តិការណ៏«រំលឹកគុណអង្គរ» នាពេលនេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានបញ្ជាក់ថា ព្រឹត្តិការណ៍រំលឹកគុណអង្គរនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណង ដើម្បីអបអរសាទរខួបទី ៣០ឆ្នាំ នៃការចុះរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ១៩៩២ -ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ក៏ដូចជាដើម្បីរំលឹកគុណ ដល់បុព្វការីជនគ្រប់ជំនាន់ ព្រះមហាក្សត្រជំនាន់មុន គ្រប់ព្រះអង្គ ដែលបានកសាងប្រាង្គប្រាសាទនានា ព្រមទាំងបានបន្សល់ទុក នូវសម្បត្តិបេតិកភណ្ឌសិល្បៈ និងវប្បធម៌ជាច្រើនទៀត ដែលជាគុណប្រយោជន៍ ផ្នែកសង្គម និងសេដ្ឋកិច្ចដល់ ប្រជាជនកម្ពុជានាពេលកន្លងមក បច្ចុប្បន្ន នឹងទៅអនាគត។

ក្នុងឱកាសនោះដែរ លោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនងរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍រំលឹកគុណអង្គរនេះ គឺជាការរំលឹកមួយ ទៅដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ឱ្យចងចាំនូវគុណូបការៈ របស់បុព្វបុរសខ្មែរ ដែលបានលះបង់យ៉ាងច្រើន ដើម្បីការពារអង្គរ ឱ្យបានគង់វង្សបន្សល់ទុក រហូតមកដល់សព្វថ្ងៃនេះ ហើយយើងគ្រប់ គ្នាដែលជាកុលបុត្រកុលធីតាខ្មែរ ជំនាន់ក្រោយគឺជា អ្នកស្នងមត៌កទាំងនេះ ដោយសេចក្តីថ្លៃថ្នូរ ព្រមទាំងជាអ្នកដែលត្រូវ បន្តវេនថែរក្សាអង្គរតទៅទៀត។ បេតិកភណ្ឌអង្គរ មិនអាចបំភ្លេចបានឡើយ ពីព្រោះវប្បធម៌គឺ ជាបេតិកភណ្ឌអរូបិយរបស់ជាតិយើង ហើយអង្គរគឺជារតនៈសម្បត្តិ ដ៏មហាសាលដែល មិនអាចកាត់ថ្លៃបាន។ ព្រឹត្តិការណ៍រំលឹកគុណអង្គរនេះ យើងនឹងត្រូវប្រារព្ធឡើង ក្នុងថ្ងៃទី១៤ ខែធ្នូ ជារៀងរាល់ឆ្នាំ។

សូមបញ្ជាក់ថា ក្នុងរយៈពេល ៣ថ្ងៃ នៃការប្រារព្ឋព្រឹត្តិការណ៍ រំលឹកគុណអង្គរ (គឺថ្ងៃទី១៤ ដល់១៦ ខែធ្នូ ឆ្នាំ២០២២) ក្រៅពីការប្រារព្ឋពិធីសាសនា អាជ្ញាធរជាតិអប្សរា នៅបានរៀបចំកម្មវិធីសំខាន់ៗមួយចំនួន ទៀត ដូចជាស្ដង់ពិព័រណ៍ស្តីពីសមិទ្ធផល រយៈពេល៣០ឆ្នាំ របស់អាជ្ញាធរជាតិអប្សរា ក្នុងកិច្ចអភិរក្ស និង អភិវឌ្ឍដោយចីរភាព រមណីយដ្ឋានអង្អរ រៀបចំការទស្សនានៅតាមការដ្ឋាន និងសារមន្ទីររបស់ អាជ្ញាធរជាតិអប្សរា ជូនភ្ញៀវទេសចរ និងសាធារណជនចូលរួមដោយសេរី ដើម្បីសិក្សាស្វែងយល់ ពីកិច្ចការអភិរក្ស និងកិច្ចការរៀបចំ តំបន់រមណីយដ្ឋានអង្គរ របស់អាជ្ញាធរជាតិអប្សរា និងពេលរាត្រី មានការសម្ដែងសិល្បៈជូន សាធារណជន ទស្សនាកម្សាន្តផងដែរ៕