កម្ពុជា នឹងកសាងរូបសំណាក ដែលជានិមិត្តរូប នៃសាមគ្គីភាពរវាង បារាំង-កម្ពុជា ឡើងវិញ ហើយដាក់នៅទល់មុខ ស្ថានទូតបារាំងតែម្ដង!


នាពេលថ្មីៗនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសប្រាប់ ប្រធានាធិបតីបារាំង អេម៉ានុយអ៊ែល ម៉ាក្រុង នៅក្នុងទីក្រុងប៉ារីសថា លោកបានយល់ព្រមអនុញ្ញាត ឱ្យមានការសាងសង់រូប សំណាកមិត្តភាពនេះ ឡើងវិញហើយ។ រូបសំណាកនៅក្នុងរូបថតខាងក្រោមនេះ គឺជារូបសំណាកតំណាង ឱ្យមិត្តភាពកម្ពុជាបារាំង។ វាគឺជារូបសំណាកដ៏ធំ ដែលបង្ហាញពីសាមគ្គីភាព រវាងយុទ្ធជនបារាំង និងកម្ពុជា ដែលធ្លាប់រួមគ្នាប្រយុទ្ធ នៅក្នុងសង្គ្រាមលោកលើកទី១។ រូបសំណាកនេះ ត្រូវបានកសាងនៅក្នុងឆ្នាំ ១៩២៥ ដើម្បីឧទ្ទិសដល់ យុទ្ធជនពលីនៅក្នុងសង្គ្រាម ហើយដែលប្រជាជនខ្មែរ ហៅរូបសំណាកនេះថា រូបសំណាក «រូបពីរ»។

នៅក្នុងជំនួបទ្វេភាគី នៅក្នុងវិមានរដ្ឋាភិបាលបារាំងអេលីហ្សេ កាលពីយប់ថ្ងៃទី១៣ធ្នូ សម្តេច ហ៊ុន សែន បានរៀបរាប់ប្រាប់ លោកប្រធានាធិបតី ម៉ាក្រុង និងមន្ត្រីរដ្ឋាភិបាលបារាំង យ៉ាងដូច្នេះ៖ «មានរឿងមួយដែល ខ្ញុំគួរតែនិយាយប្រាប់ អ្នកទាំងអស់គ្នានៅទីនេះ ទាក់ទងនឹងការរកឃើញថ្មីៗ និងជាការគួរឱ្យភ្ញាក់ផ្អើល សម្រាប់ខ្ញុំ។ ៣ថ្ងៃ មុនខ្ញុំមកដល់ទីនេះ [យើងបានរកឃើញ] មានរូបសំណាកមួយ ដែលត្រូវបានសាងសង់ ក្នុងឆ្នាំ ១៩២៥ ហើយត្រូវបានខ្មែរក្រហម វាយកម្ទេចចោលក្នុងឆ្នាំ ១៩៧៧។ ខ្ញុំបានយល់ព្រមជាមួយរដ្ឋមន្ត្រី ក្រសួងដែនដីនគរូបនីយកម្មរួចហើយ យើងនឹងកសាងរូបសំណាកនេះឡើងវិញ ដែលជានិមិត្តរូបនៃការ សាមគ្គីភាពរវាងបារាំង និងកម្ពុជា ហើយដាក់នៅទល់មុខ ស្ថានទូតបារាំងតែម្ដង។ សង្ឃឹមថា លោកប្រធានាធិបតី មិនជំទាស់នឹង គម្រោងនេះទេ។»

នៅក្នុងការកម្ទេច រូបសំណាកប្រវត្តិសាស្ត្រនេះ (មានការអះអាងថា កម្ទេចដោយដាក់មីនបំផ្ទុះ) មាននៅសេសសល់បំណែកខ្លះ នៃរូបសំណាក គឺរូបក្បាលដំរី។ រូបក្បាលដំរីនោះ ត្រូវបានយកមកដាក់តាំងនៅ ផ្លូវចូលនៃសារមន្ទីរជាតិសព្វថ្ងៃនេះ។ បើតាមសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ថែមឲ្យដឹងថា ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏នឹងជជែកអំពីការកំណត់ កាលបរិច្ឆេទនៃការរៀបចំ ប្រារព្ធខួបទី ៧០ នៃទំនាក់ទំនងការទូតរវាងភ្នំពេញ និងប៉ារីសផងដែរ នៅឆ្នាំក្រោយនេះ៕