តំបន់អារ៉ែង ត្រូវបានគេចាត់ទុក ជាតំបន់ដ៏អស្ចារ្យមួយ ដែលមានទេសភាពធម្មជាតិ យ៉ាងស្រស់ស្អាត ដែលស្ថិតនៅក្នុង តំបន់ឧទ្យានជាតិ ជួរភ្នំក្រវ៉ាញ់ភាគកណ្តាល នាខេត្តកោះកុង តំបន់នេះ ជាកន្លែងដ៏ទាក់ទាញ និងគួរឱ្យចាប់អារម្មណ៍បំផុត ព្រោះវាជាជម្រក របស់សត្វព្រៃកម្រ ជាច្រើនប្រភេទ ដែលមានដូចជា ក្រពើភ្នំ ត្រីនាគ ដំរីព្រៃ ប្រភេទខ្លាត្រី កេងកង ជាដើម។
ក្រៅពីនេះ នៅតំបន់អារ៉ែង ក៏មានទឹកធ្លាក់ យ៉ាងស្រស់ស្អាត់រាប់មិនអស់ សម្រាប់ទាក់ទាញភ្ញៀវទេសចរ ផងដែរ។ ទឹកធ្លាក់ឆាយតាប៉ាង គឺជាទឹកធ្លាក់ ដែលមានកម្ពស់ ខ្ពស់ជាងគេបំផុត ក្នុងតំបន់អារ៉ែង ដែលមានកម្ពស់រហូតដល់ទៅ ១៥០ ម៉ែត្រ និងជាទីចាប់អារម្មណ៍បំផុត សម្រាប់ភ្ញៀវទេសចរ ដែលបានទៅដល់ទីនោះ។ ទឹកធ្លាក់ឆាយតាប៉ាង មានទីតាំងស្ថិតនៅក្នុង ភូមិចំណារ ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង គឺនៅក្នុងព្រៃជ្រៅ មានចម្ងាយប្រមាណជា ២៤ គីឡូម៉ែត្រ ពីស្នាក់ការសហគមន៍ជីផាត។
ក្រៅពីទស្សនា ទឹកធ្លាក់យ៉ាងស្រស់ត្រកាល គ្មានពីរហើយនោះ ភ្ញៀវទេសចរអាចរីករាយ ជាមួយនឹងការទស្សនា សត្វស្លាបនានា ជាច្រើនប្រភេទ ដែលកំពុងរស់នៅ យ៉ាងសុខសាន្ត ដោយមានការការពារយ៉ាងល្អ ពីសហគមន៍ផងដែរ៕